ខេត្តកំពត: នៅព្រឹកថ្ងៃទី12 ខែមិថុនា ឆ្នាំ2024 នេះ ឯកឧត្ដម បណ្ឌិត ម៉ៅ ធនិន អភិបាលខេត្ត និង ឯកឧត្ដម តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្តកំពត បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់តំណែង ក្រុមប្រឹក្សាស្រុកកំពង់ត្រាច អាណត្តិទី4 ឆ្នាំ2024 ដែលពិធីនេះបានប្រារព្វឡើង នៅក្នុងបរិវេណសាលាស្រុកកំពង់ត្រាច។
បន្ទាប់ពី លោក សោម យ៉ាន ប្រធានក្រុមប្រឹក្សាស្រុកកំពង់ត្រាច អាណត្តិទី4 បានឡើងប្តេជ្ញាចិត្តរួចមក ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានបញ្ជាក់ថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវទស្សនៈវិស័យផ្ដោតលើកិច្ចការងារដែលត្រូវធ្វើចំពោះមុខ គឺត្រូវស្គាល់ខ្លួនឯងឱ្យបានច្បាស់ ស្គាល់អំពីរបៀងសេដ្ឋកិច្ចតំបន់ឆ្នេរដោយត្រូវរួមកម្លាំងគ្នាប្រកួតប្រជែងជាមួយតំបន់របៀងសេដ្ឋកិច្ចដទៃទៀតក្នុងប្រទេសកម្ពុជា។
ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន បានលើកឡើងទៀតថា ក្នុងអាណត្តិទី៣កន្លងមក ក្រុមប្រឹក្សាខេត្តបានរួមសហការជាមួយនឹងគណៈអភិបាលខេត្ត ក៏ដូចជាអាជ្ញាធរមូលដ្ឋានបានយ៉ាងល្អប្រសើរ និងជិតស្និតបំផុត ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ចំពោះនៅក្នុងអាណត្តិទី4នេះដែរ ឯកឧត្តមអភិបាលខេត្ត បានជំរុញដល់ក្រុមប្រឹក្សាស្រុក ត្រូវបន្តខិតខំប្រឹងប្រែងក្នុងកិច្ចសហការជាមួយក្រុមប្រឹក្សាខេត្តឱ្យកាន់តែល្អប្រសើរ និងស្អិតរមួតបន្តទៀត ក្នុងន័យរួមគ្នាដើម្បីបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ នៅគ្រប់មូលដ្ឋាន ឱ្យមានជីវភាពកាន់តែប្រសើរឡើង៕ សេង ណារិទ្ធ