អភិបាលរងខេត្តកំពង់ធំ អញ្ជើញប្រកាសចូលកាន់តំណែងរបស់ក្រុមប្រឹក្សាស្រុកបារាយណ៍ អាណត្តិទី៤ មានចំនួន២១រូប

0

(កំពង់ធំ)៖ រសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ងួន រាសី អភិបាលរងខេត្តកំពង់ធំ ចូលរួមប្រកាសចូលកាន់តំណែងរបស់ក្រុមប្រឹក្សាស្រុកបារាយណ៍ អាណត្តិទី៤ មានចំនួន២១រូបជាផ្លូវការ នៅបរិវេណសាលាស្រុកបារាយណ៍។

ឯកឧត្តម ងួន រាសី អភិបាលរងខេត្តកំពង់ធំ បានថ្លែងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា នៃរដ្ឋបាលគ្រប់ថ្នាក់ នៅថ្នាក់ក្រោមជាតិ គឺជាដំណើរការសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដែលមានគោលបំណងរួមមាន៖ ១.ការពង្រឹងដំណើរការលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ឱ្យចាក់គ្រឹះរហូតដល់ថ្នាក់មូលដ្ឋាន។ ២.ការផ្លាស់ប្តូររចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលរដ្ឋបាលថ្នាក់ក្រោមជាតិតាមរយៈគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការដោយបង្កើតឡើងនូវរដ្ឋបាលឯកភាពដែលមានស្វ័យភាព សិទ្ធិអំណាច និងមុខងារ ធនធានសមស្របដែលបានផ្ទេរអោយទៅរដ្ឋបាលក្រោមជាតិក្នុងការផ្តល់សេវាសាធារណៈ និងសេវាសង្គមនានាតាមមូលដ្ឋានដើម្បីឆ្លើយតបទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋ។ ៣.លើកកម្ពស់ការចូលរួម និងភាពជាម្ចាស់របស់ប្រជាពលរដ្ឋក្នុងការអភិវឌ្ឍមូលដ្ឋាន សំដៅកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់គុណភាពនៃជីវិតរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

ក្នុងនោះដែលឯកឧត្តម ងួន រាសី អភិបាលរងខេត្តកំពង់ធំបាន ណែនាំអនុវត្ត និងផ្តល់គន្លឹះមួយចំនួនដើម្បីឱ្យក្រុមប្រឹក្សាស្រុកបារាយណ៍ប្រើប្រាស់ជាមូលដ្ឋានក្នុងការអនុវត្តនូវកិច្ចការសំខាន់ៗ ដូចខាងក្រោម៖ ទី១ ផ្អែកតាមបទប្បញ្ញត្ដិមាត្រា៧០ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ បានតម្រូវឱ្យក្រុមប្រឹក្សាធ្វើការប្រជុំសាមញ្ញលើកទី១ មិនឱ្យហួសពី១៥ថ្ងៃ បន្ទាប់ពីកិច្ចប្រជុំចូលកាន់តំណែង។ ទី២ បន្ទាប់ពីកិច្ចប្រជុំសាមញ្ញលើកទី១ ក្រុមប្រឹក្សាស្រុកបារាយណ៍ត្រូវរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២របស់ខ្លួន មិនឱ្យមុន២៥ថ្ងៃ ឬលើសពី៣៥ថ្ងៃ បន្ទាប់ពីកិច្ចប្រជុំសាមញ្ញលើកទី១ឡើយ។ និងទី៣៖ ផ្អែកតាមច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ សមាជិកក្រុមប្រឹក្សាទាំងអស់មានកាតព្វកិច្ចត្រូវធ្វើការប្រកាសទ្រព្យសម្បត្តិ និងបំណុល។

ឯកឧត្តមអភិបាលរងខេត្តកំពង់ធំបានបន្ថែមថា រដ្ឋបាលស្រុកបារាយណ៍ ត្រូវខិតខំសម្របសម្រួលដល់ការបំពេញការងាររបស់ក្រុមការងារដែលចុះបំពេញការងានៅគ្រប់ថ្នាក់ក្រោម ដោយត្រូវយកចិត្តទុកដាក់សម្របសម្រួលរៀបចំវេទិកាសាធារណៈ ដើម្បីផ្តល់ឱកាសជូនប្រជាពលរដ្ឋបានសម្តែងមតិ និងលើកឡើងនូវបញ្ហាប្រឈមនានា ។ ហើយក្រុមប្រឹក្សា គណៈអភិបាល មន្រ្តីរាជការ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់ប្រសិទ្ធភាពការងារ ការគោរពច្បាប់ គោរពគោលការណ៍នានារបស់រដ្ឋ និងពង្រឹងរបៀបរបបធ្វើការ ដើម្បីលើកកម្ពស់ការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មន្រ្តីនៅក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួន សំដៅអភិវឌ្ឍមូលដ្ឋាន និងឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន៕ អត្ថបទលោក ធូ កែវមុន្នី