(កំពង់ធំ)÷ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤លោកវរសេនីយ៍ឯក មាន មុំ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារទំនាក់ទំនងកិច្ចការសាធារណៈ បានដឹកនាំនាយទាហាន នាយទាហានរង កងរាជអាវុធហត្ថខេត្តកំពង់ធំ ចំនួន៥០នាក់ (នារី០៥នាក់)ទៅទស្សនកិច្ចកិច្ចសិក្សានៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្មអុិច១៦ ជំហាន២។
ទស្សន:កិច្ចសិក្សានៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម គឺដើម្បីយល់ដឹងពីដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលសមមិត្ត ហ៊ុន សែន បានយកជីវិតធ្វើដើមទុន និងដកខ្លួនចេញទៅរៀបចំកម្លាំងសាជាថ្មី ដោយសុំការគាំទ្រពីប្រទេសវៀតណាម រំដោះប្រទេសជាតិ សង្គ្រោះប្រជាជន ឱ្យរស់រានមានជីវិតដល់បច្ចុប្បន្ន ស្ថិតនៅទីតាំងកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ព្រមទាំងបានដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធអតីតយុទ្ធជន នៅទីនោះផងដែរ។
ដំណេីរទស្សនកិច្ចនេះក្រោមការងាររៀបចំឡេីងដោយកងរាជអាវុធហត្ថលេីផ្ទៃប្រទេស ដឹកនាំដោយឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង មេបញ្ជាកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ ដោយមានការសម្របសម្រួលពីលោក ឧត្តមសេនីយ៍ត្រី អេង ហ៉ី ស្នងការនៃស្នងការដ្ឋានទំនាក់ទំនងកិច្ចសាធារណៈ និងជាអ្នកនាំពាក្យកងរាជអាវុធហត្ថលេីផ្ទៃប្រទេសតំណាងដ៏ខ្ពង់ខ្ពស់លោក នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ។
នាឱកាសនោះដែរលោកឧត្តមសេនីយ៍ត្រី អេង ហ៉ី ក៏បានរំលឹកពីប្រវត្តិកោះថ្មជាទីតាំងប្រវត្តិសាស្រ្ត នៃដំណើរផ្សងព្រេងនិងគ្រោះថ្នាក់ដល់អាយុជីវិតរបស់សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្ត៤រូបផ្សេងទៀត ដើម្បីស្វះស្វែងរកកិច្ចអន្តរាគមន៍ និងកសាងកម្លាំងវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។ នៅយប់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្ត៤រូបផ្សេងទៀតរួមមាន៖ នុច ថន, ញឹក ហួន, សន សាញ់ និង វ៉ា ប៉ោអ៊ាន បានសម្រេចចិត្តក្នុងស្ថានភាពដ៏លំបាកជាទីបំផុត ធ្វើដំណើរជ្រែកស្បៃរាត្រីចេញពីបញ្ជាការដ្ឋានវរសេនាធំតំបន់២១ ស្ថិតក្នុងភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ឆ្ពោះទៅកាន់ខេត្តប៊ិញហ្វឿក ប្រទេសវៀតណាម។ បច្ចុប្បន្នកោះថ្ម ត្រូវបានក្លាយជារមណីយដ្ឋានទេសចរណ៍ដ៏មានសក្តានុពលតំបន់សេដកិច្ចវប្បធម៌ប្រពៃណី និងទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិ។
ការប្រែក្លាយតំបន់ប្រវត្តិសាស្ត្រនៅជាប់ព្រំដែនវៀតណាមនេះ រាជរដ្ឋាភិបាល បានចំណាយជិត៣លានដុល្លារ សាងសង់សមិទ្ធផលជាច្រើន ដែលសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងនាយករដ្ឋមន្ត្រីវៀតណាម បានកាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ និងត្រូវបានប្រសិទ្ធនាមថា “តំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16″៕ អត្ថបទលោកណែម សុភីន