(កំពង់ធំ)៖ នារសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ លោកជំទាវ ឡោក ខេង ជាប្រធានគណ:កម្មការទី៨នៃរដ្ឋសភានិងគណៈប្រតិភូ បើកកិច្ចប្រជុំរវាងគណៈកម្មការសុខាភិបាលសង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា ជាមួយរដ្ឋបាលខេត្តកំពង់ធំ។
អញ្ជើញចូលរួមក្នុងឱកាសនោះមានឯកឧត្តម លុក សម្បត្តិ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម ញឹក បានខេង អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ អភិបាលរងខេត្តកំពង់ធំ និងថ្នាក់ដឹកនាំមន្ទីរអង្គភាព ពាក់ព័ន្ធចូលរួមផងដែរ។
កិច្ចប្រជុំនេះមានគោលបំណង ដើមី្បសិក្សាឈ្វេងយល់ពីវឌ្ឍនភាព និងបញ្ហាប្រឈមនានា ក្នុងការបំពេញភារកិច្ចរបស់រដ្ឋបាលខេត្តនាពេលកន្លងមក ដែលពាក់ព័ន្ធនឹងវិស័យទទួលបន្ទុករបស់គណ:កម្មការទី៨ នៃរដ្ឋសភា សំខាន់យន្តការក្នុងការប្រើប្រាស់ប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស) និងប័ណ្ណសមធម៌ របស់កម្មករនិងកម្មការិនី ប្រជាពលរដ្ឋក្រីក្រ និងមន្រ្តីរាជការ អតីតយុទ្ធជន។
បន្ទាប់ពីឯកឧត្តមញឹក បានខេងមានប្រសាសន៏ ស្វាគមន៍និងលើកឡើង អំពីស្ថានភាពភូមិសាស្ត្រនិងសក្តានុពលរបស់ខេត្តកំពង់ធំរួចមក។ លោកជំទាវឡោក ខេង បានថ្លែងអំណរគុណដល់អាជ្ញាធរខេត្តកំពង់ធំដែលកន្លងមកបានចូលរួមអនុវត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាទទួលបានលទ្ធផលល្អប្រសើរ។
លោកជំទាវ បានផ្តោតសំខាន់វិស័យសុខាភិបាល ដែលបញ្ហាសុខភាព គឺត្រូវយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះ ជំងឺមិនឆ្លង ដែលជាបញ្ហាចម្បងនោះដូចជា (ថ្នាំជក់ និង គ្រោះថ្នាក់ចរាចរណ៍) ដែលធ្វើឱ្យសង្គមជាតិទាំងមូលមានការព្រួយបារម្ភយ៉ាងខ្លាំងនាពេលបច្ចុប្បន្ននេះ។ លោកជំទាវបន្តថា ចំពោះគ្រប់បណ្តាឃុំ សង្កាត់ តើបានបង្កើតឱ្យមានសមាគមមនុស្សចាស់ហើយឬនៅ? ពីព្រោះថាមនុស្សចាស់ៗនេះហើយ ដែលជារៀមច្បង នៃធនធានមនុស្ស ដែលយើងត្រូវយកចិត្តទុកដាក់ចំពោះពួកគាត់ ទោះបីគាត់គ្មានកម្លាំងក៏ពិតមែន តែគំនិតបញ្ញារបស់គាត់ គឺផ្តល់ជាប្រឹក្សាដល់យើងជំនាន់ក្រោយផងដែរ។
តមកប្រធានមន្ទីរជំនាញពាក់ព័ន្ធនានាបានលើកឡើងនិងរាយការណ៍ជម្រាបជូនដល់អង្គប្រជុំដើម្បីជូនជ្រាបនិងសំណូមពរមួយចំនួនផងដែរ។ បន្ទាប់ពីបានស្តាប់របាយការណ៍លើកឡើងអំពីការលំបាកនិងការងារស្រួលនិងសំណូមពរមួយចំនួន ពីមន្ទីរជំនាញនានារួចមក លោកជំទាវ ប្រធានគណ:កម្មការទី៨នៃរដ្ឋសភា បានមានប្រសាសន៍ លើកឡើងដើម្បីរកវិធីដោះស្រាយរួមគ្នា ក្នុងគោលបំណងទប់ស្កាត់រាល់បញ្ហាប្រឈមនានានិងធ្វើរបាយការណ៍ជូនថ្នាក់លើ ដើម្បីជួយដោះស្រាយឲ្យបានកាន់តែល្អប្រសើឡើង។
លោកជំទាវក៏បានធ្វើការកោតសរសើរផងដែរ ចំពោះលទ្ធផលដែលអនុវត្តន៍បានរបស់អាជ្ញាធរខេត្ត ក្រុមប្រឹក្សាខេត្ត មន្ទីរ ស្ថាប័នពាក់ព័ន្ធ អំពីច្បាប់គ្រប់គ្រងរដ្ឋបាល លើការខិតខំអនុវត្តន៍គោលនយោបាយវិមជ្ឈការ និងសហវិមជ្ឈការ បានដំណើរការទៅដោយរលូន ព្រមទាំងបានផ្តល់នូវអនុសាសន៍ល្អៗ មួយចំនួនដល់អាជ្ញាធរខេត្ត ក្រុមប្រឹក្សាខេត្ត មន្ទីរពាក់ព័ន្ធ ដើមី្បធ្វើការអនុវត្ត និងកែលម្អនូវចំណុចសេសសល់មួយចំនួនផងដែរ៕ អត្ថបទ ចន្ថា បុណ្យឫទ្ធិ-ពិនិត្យនិងកែសម្រួលដោយអ៊ុមញឹប។