(កំពង់ធំ)÷ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ លោក ប៉ែន សាវេង នាយរងផ្នែករដ្ឋបាលជលផលផាត់សណ្តាយ បានដឹកនាំកម្លាំងមន្ត្រីខណ្ឌ ផ្នែករដ្ឋបាលជលផលផាត់សណ្តាយ និងសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយក្រោម ចេញប្រតិបត្តិការ ត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល ចាប់ចំណុចមុខព្រែកពោធិជ្រៃ ដល់មុខព្រែកទ្វារបឹង ក្នុងភូមិសាស្ត្រ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ជាមួយគ្នានោះផងដែរ លោក ប៉ែន សាវេង នាយរងផ្នែករដ្ឋបាលជលផលផាត់សណ្តាយ បានដឹកនាំកម្លាំងចម្រុះចុះប្រតិបត្តិការបង្ក្រាបនិងទប់ស្កាត់បទល្មើសនេសាទក្នុងរដូវបិទនេសាទជាក់ស្ដែងទទួលបានលទ្ធផលដូចខាងក្រោម៖ បង្ករសំំណុំរឿងបានចំនួន០១ករណី
ធ្វើនេសាទដោយឧបកណ៍ហាមឃាត់ និងបានចុះរុះរើកាប់បំផ្លាញចោលឧបកណ៍នេសាទខុច្បាប់នៅនឹងកន្លែងរួមមាន របាំងស្បៃមុងចំនួន២៧របាំង ប្រវែង១៤០០ម៉ែត្រ ឡុកស្បៃមុងចំនួន៥៤គ្រឿង លបឬលូស្បៃមុងចំនួន៥៤មាត់
បង្គោលចំនួន១០០០ដើម និងបានចាក់លែងត្រីស្រស់ចម្រុះទម្ងន់២៥គីឡូក្រាមចូលទន្លេវិញ ។៨
លោក ប៉ែន សាវេង បានផ្សព្វផ្សាយសេចក្តីជូនដំណឹងរដូវបិទនេសាទដល់សាធារណជន និងអ្នកនេសាទទាំងអស់សម្រាប់ការធ្វើនេសាទក្នុងដែននេសាទទឹកសាប ត្រូវបានកំណត់ចាប់ពីថ្ងៃទី០១ ខែមិថុនា ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ត្រូវយកចិត្តទុកដាក់និងចូលរួមអនុវត្តតាមគោលការណ៍ច្បាប់ស្តីពីជលផល។ ចំពោះដែននេសាទទឹកសាបសម្រាប់ខេត្តកំពង់ធំ នៅក្នុងរយៈពេលបិទនេសាទនេះ អ្នកនេសាទទាំងអស់ត្រូវប្រើតែឧបករណ៍នេសាទជាលក្ខណៈគ្រួសារ ដើម្បីការពារពូជត្រីឱ្យបាននៅគង់វង្ស។ អត្ថបទលោក ធូ កែវមុន្នី