សៀមរាប៖ នារសៀលថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្ដម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងសហការី បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូន បង ប្អូនប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន១៥០គ្រួសារ នៅក្រុងរុនតាឯកតេជោសែន។
មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមប្រធានគណៈកម្មាធិការ បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលបានយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ បងប្អូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះគ្រប់រូប ដោយមិនប្រកាន់ វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ ឯកឧត្តមបន្តថា អំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ អាចជួយសម្រាលទុក្ខលំបាករបស់បងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល” និង “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។
ឯកឧត្តមក៏បានផ្ដាំផ្ញើ បង ប្អូន ប្រជាពលរដ្ឋទាំងអស់ សូមមេត្តាថែទាំសុខភាពឱ្យបានល្អ ពិសេសកូនចៅតូចៗត្រូវប្រុងប្រយ័ត្ន ខ្លាចក្រែងជួបវិបត្តិផ្សេងៗ ព្រោះរដូវវស្សាមកដល់ហើយ ម្យ៉ាងវិញទៀត បើឃើញសភាពមិនស្រួលត្រូវប្រញាប់ទៅមណ្ឌលសុខភាព ឬមន្ទីរពេលដែលនៅជិតបំផុត ដើម្បីអាចពិគ្រោះ ឬព្យាបាលបានទាន់ពេលវេលា។ នៅពេលមានភ្លៀងធ្លាក់សូមបងប្អូនរកនូវកន្លែងសុវត្ថិភាព ដើម្បីការពាររន្ទះ ដោយចៀសវាងជ្រកក្រោមដើមឈើ ឬវត្ថុដែលខ្ពស់ជាងគេ ស្ថិតនៅដាច់កែឯង ហើយសូមបងប្អូនមេត្តាបិទទូរស័ព្ទ រឺទូរទស្សន៍សិន។
អំណោយមនុស្សធម៌បានផ្ដល់ជូនក្នុង១គ្រួសារមាន៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ អំបិល១គីឡូក្រាម និងថវិកា១សែនរៀល៕