(កំពង់ធំំ)÷ លោក សាយ គឹមឡម បានធ្វើការណែនាំដូច្នេះនៅក្នុងឱកាសដែលលោក និងសហការីបានអញ្ជើញជាអធិបតីភាពក្នុងពិធីកាត់ខ្សែបូរ សម្ពោធដាក់ឱ្យប្រើប្រាស់ស្រះទឹកថ្មី និងសមិទ្ធផលនានាជាច្រើននៅក្នុងសាលាបឋមសិក្សា អូរចក ស្ថិតនៅក្នុងភូមិប្រគាប ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០២៤។
ជាមួយគ្នានេះលោក សាយ គឹមឡម បានណែនាំដល់ សិស្សានុសិស្ស ត្រូវខិតខំសិក្សារៀនសូត្រឱ្យអស់ពីលទ្ធភាពទាំងនៅក្នុងសាលារៀន និងនៅតាមគេហដ្ឋាន ជាពិសេសអាណាព្យាបាលត្រូវជំរុញណែនាំ តាមដានការសិក្សារបស់កូនឱ្យបានជួបជាប្រចាំ ដើម្បីការសិក្សារៀនសូត្រប្រកបដោយគុណភាពទទួលបានលទ្ធផលល្អគ្រប់ៗគ្នាយ៉ាងហោចណាស់ក៏បានជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។
លើសពីនេះ លោកអភិបាលស្រុកស្ទោង បានណែនាំដល់នាយិកា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សហគមន៍ ត្រូវនាំគ្នាដាំដើមឈើនៅក្នុងបរិវេណសាលារៀនឱ្យបានច្រើន និងខៀវបំព្រងដើម្បីជាម្លប់ ជាផ្នែកមួយនៃការចូលរួមកាត់បន្ថយកម្ដៅបរិយាកាសសកលដូចសព្វថ្ងៃផងដែរ។
លើសពីនេះទៀតលោក ក៏បានអំពាវនាវដល់សិស្សានុសិស្សលោកគ្រូអ្នកគ្រូ អាណាព្យាបាលសិស្ស គណៈកម្មការទ្រទ្រង់សាលារៀន ត្រូវសហការគ្នាក្នុងការថែរក្សាសមិទ្ធផលនានាដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅពេលនេះជាពិសេសស្រះទឹក ដើម្បីជាប្រភពទឹកក្នុងការផ្គត់ផ្គង់ទឹកស្អាតសម្រាប់ប្រើប្រាស់ទូទៅ នៅក្នុងសាលារៀននិងសហគមន៍ផងដែរ។
ទន្ទឹមនឹងនេះលោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោក ទៀ ឆាយវេង និងលោក ថេង ណាល់ តំណាងសប្បុរសជនជួយសង្គម ដែលតែងតែសហការ និងកៀរគរមូលធនសម្រាប់ជួយអភិវឌ្ឍស្រុកស្ទោងកន្លងមក ជាពិសេសសមិទ្ធផលនានាដែលបានដាក់សម្ពោធជូនសិស្សានុសិស្ស លោកគ្រូអ្នកគ្រូនៅក្នុងបឋមសិក្សាអូរចក ប្រើប្រាស់នៅក្នុងឱកាសនេះជាសក្ខីភាពស្រាប់។
សូមបញ្ជាក់ផងដែរថា សមិទ្ធផលដែលសម្ពោធដាក់ឱ្យប្រើប្រាស់នៅក្នុងឱកាសនេះរួមមានស្រះទឹកទំហំ៤០ម៉ែត្រ ×២០ម៉ែត្រ ជំរៅ៥ម៉ែត្រ អំពូលសូឡា របងព័ទ្ធជុំវិញស្រះ ក្លោងទ្វារសាលា អំពូលភ្លើង កង្ហារ ស្លាកឈ្មោះ ដែលស្មើនឹងទឹកប្រាក់សរុបចំនួន៦.៨៧០ដុល្លាសហរដ្ឋអាមេរិក។ អត្ថបទលោក ឆុន ឆេងក្រឹម