(កំពង់ធំ)÷ ក្រោមការដឹកនាំរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរ:ភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយអនុវត្តតាមបទបញ្ជា លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ និងដោយមានការសម្របសម្រួលពី ឯកឧត្តម រស់ សារាំ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ ។
លោកវរសេនីយ៍ត្រី គង់ ជៀន ប្រធានមន្ទីរស្រាវជ្រាវបង្ក្រាបបទល្មើស មធ្យោបាយរថយន្ត១គ្រឿង បានដឹកនាំកម្លាំងជំនាញ សហការជាមួយមូលដ្ឋានកងរាជអាវុធហត្ថស្រុកសន្ទុក ចុះបង្ក្រាបករណី លួចតថាមពលអគ្គិសនី ដោយខុសច្បាប់ និងបង្កហឹង្សា នៅចំណុច ភូមិស្តុកស្ដម្ភ ឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ។
ជាលទ្ធផល÷ ឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់
ឈ្មោះ គឹម ស៊ីថន ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរកសិកររស់នៅភូមិស្តុកស្ដម្ភ ឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ។
ចាប់យកវត្ថុតាងរួមមាន÷ ១. កំណាត់ឈើជ្រុងចំនួន០១ដុំ ២. ខ្សែភ្លើងប្រវែង២ម៉ែត្រកន្លះចំនួន០១ខ្សែសំរាប់លួចតភ្លើង ។
ក្រោយពីការពិនិត្យកន្លែងកើតហេតុ និងចាប់យកវត្ថុតាងដែលមានការពាក់ព័ន្ធរួចមក ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបាននាំយកមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ។ ជំនាញមន្ត្រីនគរបាលយុត្តិធម៌កសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកំពង់ធំដើម្បីបន្តនីតិវិធី។
គួរបញ្ជាក់ថា នៅវេលាម៉ោង១៨.៣០នាទីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ មានករណី លួចតថាមពលអគ្គិសនី និងហឹង្សា មួយកើតឡើងនៅចំណុច ភូមិស្តុកស្ដម្ភ ឃុំជ្រាប់ ស្រុក សន្ទុក ខេត្តកំពង់ធំ ប្រព្រឹត្តិឡើងដោយជនសង្ស័យដែលមានឈ្មោះ ខាងលើ បានធ្វើសកម្មភាពលួចតថាមពលអគ្គិសនីដោយគ្មានលិខិតអនុញ្ញាតពី សហគ្រាសផ្គត់ផ្គង់អគ្គិសនី គ្រឹងសាន ប្រចាំស្រុកសន្ទុក យកមកប្រើប្រាស់ផ្ទាល់ខ្លួន ។ ពេលនោះបុគ្គលិកតំណាងក្រុមហ៊ុន ឈ្មោះ អ៊ុល ចំរ៉ុង ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិជាយស្បៃ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ បានទៅប្រាប់និងផ្ដាច់ខ្សែភ្លើងនោះចោលស្រាប់តែជនសង្ស័យបានយកដុំឈើជ្រុងទៅរកវាយនិងគុបទៅលើជនរងគ្រោះ (តែមិនបណ្ដាលឱ្យមានរបួសស្នាមអ្វីឡើយ)។ ពេលនោះជនរងគ្រោះបានដាក់ពាក្យបណ្តឹងមកមូលដ្ឋានកងរាជអាវុធហត្ថស្រុកសន្ទុក សមត្ថកិច្ចកងរាជអាវុធហត្ថបានធ្វើការឃាត់ខ្លួនជនសង្ស័យភ្លាមៗនេះតែម្តង។ អត្ថបទលោកវរ:សេនីយ៍ទោ រស់ តឿ ពិនិត្យដោយលោក ធូ កែវមុន្នី