រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី០១ របស់ក្រុមប្រឹក្សាខេត្ត អាណិតទី៤ ឆ្នាំ២០២៤

0

(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវអភិបាលរងខេត្តកងកម្លាំងទាំងបី ប្រធានអនុប្រធានមន្ទីរជុំវិញខេត្ត និងមន្ត្រីសាលាខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី០១ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៤ សាលប្រជុំសាលាខេត្តកំពង់ធំ។

ឆ្លៀតក្នុងឱកាសនេះឯកឧត្តម ដៀប ពីរី បានលើកយករបៀបវារៈនៃកិច្ចប្រជុំមានដូចតទៅ÷ ១- ផ្សព្វផ្សាយសេចក្តីណែនាំលេខ ០២៤សណន ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ ស្តីពីការរៀបចំបទបញ្ជាផ្ទៃក្នុង របស់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ ២- ពិភាក្សារៀបចំសេចក្តីព្រាងប្រតិទិន ស្តីពីកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្ត សម្រាប់រយៈពេល១២ខែ ឆ្នាំទី១ ក្នុងអាណត្តិទី៤ ដែលត្រូវអនុម័ត ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២។ ៣- របាយការណ៍របស់ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត អំពីលទ្ធផលការងារ របស់រដ្ឋបាលខេត្តក្នុងអាណត្តិទី៣។ ៤- បញ្ហាផ្សេងៗ

ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានបន្តទៀតថា ការអនុវត្តការងាររបស់រដ្ឋបាលខេត្តកំពង់ធំ បានសម្រេចលទ្ធផលជាវិជ្ជមាន និងមានការរីកចម្រើន ជឿនលឿនជារៀងរាល់ឆ្នាំ ស្របតាមការអនុវត្តគោលនយោបាយកំណែ ទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅថ្នាក់ក្រោមជាតិ។ រយៈពេល០៥កន្លងមកនេះ រដ្ឋបាលខេត្តកំពង់ធំ បានខិតខំប្រឹងប្រែងអនុវត្តសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាបានយ៉ាងមានប្រសិទ្ធភាព។ ពិតជាបានចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច បង្កបង្កើតការងារបែងចែកផលនៃកំណើន សេដ្ឋកិច្ចប្រកបដោយសមធម៌ និងធានាប្រសិទ្ធភាពនៃ ស្ថាប័នសាធារណៈ និងគ្រប់គ្រង ធនធានគ្រប់ប្រភេទបានយ៉ាងល្អប្រសើរ និងបានជួយលើកកម្ពស់អភិបាលកិច្ចល្អ ដែលធានារាល់ប្រតិបត្តិការ និងកិច្ចដំណើរការរបស់ស្ថាប័នរដ្ឋនៅថ្នាក់ក្រោមជាតិប្រព្រឹត្តិទៅប្រកបដោយតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និងភាពស័ក្តិសិទ្ធិ។ អត្ថបទលោក ធូ កែវមុន្នី