(កំពង់ធំ)÷ លោក ជឹម សុវណ្ណ ប្រធានសាខាពន្ធដារខេត្តកំពង់ធំ “ការបង់ពន្ធគឺជាការចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសជាតិនិងផ្ដល់ផលប្រយោជន៍ចំពោះសង្គមជាតិនិងខ្លួនឯង ” ថ្លែងបែបនេះ នៅក្នុងកម្មវិធីសិក្ខាសិលាផ្សព្វផ្សាយស្ដីពីពន្ធលើប្រាក់បៀវត្ស ជូនក្រុមប្រឹក្សាខេត្ត រដ្ឋបាលខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ នៅសាខាពន្ធដារខេត្តកំពង់ធំ។
លោក ជឹម សុវណ្ណ ក៏បានលើកឡើងផងដែរថា អត្ថប្រយោជន៍នៃការបង់ពន្ធ គឺសម្រាប់សាងសង់ ហេដ្ឋារចនាសម្ព័ន្ធ ស្ពាន សាលារៀន ផ្លូវថ្នល់ មន្ទីរពេទ្យ ប្រព័ន្ធធារាសាស្ត្រ អគារសាធារណៈផ្សេងៗ សម្រាប់បម្រើផលប្រយោជន៍រួមជូនប្រជាជន។ ការការពារ សណ្ដាប់ធ្នាប់សន្តិសុខ និងធានានៅសេវាសាធារណៈទាំងឡាយណាសម្រាប់បម្រើប្រជាពលរដ្ឋក្នុងសហគមន៍។ បើកប្រាក់បៀវត្សជូនមន្ត្រីរាជការ គ្រូបង្រៀន គ្រូពេទ្យ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងនិវត្តន៍ជន។ ផ្ដល់សេវាវិស័យអប់រំ វិស័យសុខាភិបាល សន្តិសុខសង្គម សណ្ដាប់ធ្នាប់សាធារណៈ គាំពារសង្គម ឧបត្ថម្ភគ្រួសារក្រីក្រ និងជនងាយរងគ្រោះ ថវិកាបម្រុងសម្រាប់ការពារគ្រោះអាសន្ន វិបត្តិសេដ្ឋកិច្ចផ្សេងៗ សុខមាលភាព និងលើកកម្ពស់សមត្ថភាពសង្គម កាត់បន្ថយជំនួយនិងកម្ចីបរទេស ការពារបូរណភាពទឹកដីជាដើម។លោកក៏បានបន្តទៀតថា ពន្ធគឺជាវិភាគទានមួយ ដែលមានលក្ខណៈកាតព្វកិច្ចចាប់បង្ខំ ស្របតាមច្បាប់កំណត់ ដែលអ្នកជាប់ពន្ធ ទាំងរូបវ័ន្តបុគ្គល និងនីតិបុគ្គលត្រូវបង់ពន្ធជូនរដ្ឋ។ ព្រោះការយកពន្ធគឺជាមធ្យោបាយជាក់ស្ដែងមួយដែលរដ្ឋប្រើប្រាស់សម្រាប់បង្កើនប្រាក់ចំណូល និងបំពេញចំណាយរបស់រដ្ឋទៅលើសេវាដែលប្រជាជនភាគច្រើនត្រូវការ។
គួរបញ្ជាក់ផងដែរថា ប្រទេសកម្ពុជាបានកំណត់យកនូវការបង់ពន្ធអាករចំនួន១៣ប្រភេទរួមមាន÷ ១.ពន្ធលើប្រាក់ចំណូល.២.ពន្ធលើប្រាក់បៀវត្ស. ៣.ពន្ធលើតម្លៃបន្ថែម. ៤.អាករពិសេស. ៥.អាករសម្រាប់បំភ្លឺសាធារណៈ. ៦.អាករលើការស្នាក់នៅ. ៧.ពន្ធប៉ាតង់. ៨.ពន្ធលើផ្ទាំងផ្សព្វផ្សាយ. ៩.ពន្ធលើថ្លៃឈ្នួលអចលនទ្រព្យ. ១០.ពន្ធលើអចលនទ្រព្យ. ១១.ពន្ធប្រថាប់ត្រា. ១២.ពន្ធលើដីធ្លីមិនបានប្រើប្រាស់. ១៣.ពន្ធលើមធ្យោបាយដឹកជញ្ជូន។ អត្ថបទលោក សោម ពិសី ពិនិត្យដោយលោក ធូ កែមុន្នី