យុវសិស្សចំនួន២០៣នាក់ (ពិការ១នាក់) ត្រូវបានបំពាក់ឯកសណ្ឋានជាយុវជនកាកបាទក្រហមកម្ពុជា

0

ខេត្តសៀមរាប៖ ព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប សហការជាមួយមន្ទីរអប់រំ យវជន និងកីឡា ខេត្តសៀមរាប អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកប្រាសាទបាគង រៀបចំពិធីបំពាក់កន្សែងសមាជិកថ្មីយុវជនកាកបាទក្រហមកម្ពុជា ចំនួន២០៣នាក់ (ពិការ១នាក់) នៅអនុសាខាកាកបាទក្រហមកមកម្ពុជា ស្រុកប្រាសាទបាគង ក្រោមអធិបតីភាព លោកជំទាវ ទុយ ជិ ប្រាក់សោភ័ណ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប។ សមាជិកថ្មីយុវជនកាកបាទក្រហមកម្ពុជា ទាំង២០៣នាក់ មកពីវិទ្យាល័យ ៤មាន៖ វិទ្យាល័យស្រីវិបុលកេរ្តិ៍ វិទ្យាល័យស្នាតេជោ៣១៧ វិទ្យាល័យកំពង់ភ្លុក និងវិទ្យាល័យតាអី។

ក្នុងឱកាសនោះ លោកជំទាវអនុប្រធានគណៈកម្មាធិការសាខា បានលើកឡើងថា ដើម្បីអភិវឌ្ឍធនធានមនុស្ស ក្នុងការបំរើសេវាកម្មមនុស្សធម៌ និងចូលរួមការងារក្នុងសង្គម សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានផ្តល់វគ្គបណ្តុះបណ្តាលចំណេះដឹងជាមូលដ្ឋានរយៈពេល១ថ្ងៃរួចហើយ អំពីកាកបាទក្រហម អឌ្ឍចន្ទក្រហម វិជ្ជាសង្គ្រោះបឋម និងការងារគ្រប់គ្រងយុវជនកាកបាទក្រហមកម្ពុជា ព្រមទាំងបញ្រ្ចាបលើប្រធានបទសុវត្ថិភាពចរាចរណ៍ ដើម្បីបានជាមូលដ្ឋានក្នុងការបំពេញការងារមុនស្សធម៌។ លោកជំទាវបន្ថែមថា ការបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា ចំនួន២០៣រូបនាពេលនេះ បានបង្ហាញពីការយកចិត្តទុកដាក់របស់គណៈកម្មាធិអសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាបយើង ក្នុងអាណត្តិទី៥ ក៏ជាការកសាងធនធានមនុស្សបន្តវេនរបស់សមាគមជាតិកាកបាទក្រហមកម្ពុជាយើង ដែលជាស្ថាប័នមនុស្សធម៌ធំជាងគេក្នុងព្រះរាជាណាចក្រកម្ពុជា និងជាជំនួយការឱ្យអាជ្ញាធរសាធារណៈ លើវិស័យមនុស្សធម៌។

ដើម្បីត្រៀមខ្លួនអនុវត្តឱ្យបានល្អក្នុងនាមជាសមាជិកយុវជនកាកបាទក្រហមកម្ពុជា និងអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា លោកជំទាវអនុប្រធានគណៈកម្មាធិការសាខា បានប្រគល់តួនាទី និងភារកិច្ចដល់ប្អូនៗដូចខាងក្រោមនេះ៖
– ប្អូនៗជាអ្នកតំណាងឱ្យយុវជនកាកបាទក្រហមកម្ពុជា ក្នុងស្រទាប់យុវវ័យ
– ប្អូនៗជាទំពាំងស្នងប្ញស្សី ជាអ្នកបន្តវេនក្នុងសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា
– ត្រូវមគោរពវិន័យសាលា ខិតខំរៀនសូត្រឱ្យបានពូកែ និងធ្វើជាគំរូល្អក្នុងស្រទាប់យុវវ័យ
– ត្រូវផ្សព្វផ្សាយពីគោលការណ៍គ្រឹះនៃចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម និងពីសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ក្នុងសាលា និងសហគមន៍។
– ចូលរួមបន្តការអប់រំសុខភាពអនាម័យ បង្ការជំងឺឆ្លង ក៏ដូចជាគ្រោះថ្នាក់នៃគ្រឿងញៀន
– ចូលរួមសកម្មភាពមនុស្សធម៌ក្នុងសាលា មានជួយដល់មិត្តយុវសិស្សក្រីក្រ រៀនខ្សោយ និងលើកទឹក មិត្តយុវសិស្សពិការផងដែរ
– ធ្វើជាគំរូល្អក្នុងការគោរពច្បាប់ចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ និងពិការភាពដោយសារគ្រោះថ្នាក់ចរាចរណ៍
– មានទំនាក់ទំនងស្មើភាពក្នុងជួរយុវជន ដោយសហការល្អ ចែករំលែកបទពិសោធន៍ជាមួយយុវកាយរឹទ្ធិជាតិកម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា ក៏ដូចជាជាមួយយុវជនកាកបាទក្រហម អឌ្ឍចន្ទក្រហម នៃបណ្តាប្រទេសជាមិត្តនានាក្នុងសកលលោក។
– ចូលរួមប្រជុំក្លឹបយុវជន និងរាយការណ៍ទៀងទាត់ ពីសកម្មភាពយុវជនកាកបាទក្រហមកម្ពុជា ជូនលោកគ្រូ អ្នកគ្រូទីប្រឹក្សា និងលោកនាយក នាយិកាដែលជាប្រធានកិត្តិយសក្លឹប ឱ្យលោកបានជ្រាប និងជួយសម្រួលការងារ។

តួនាទី ភារកិច្ចខាងលើនេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្អូនៗ ជាសមាជិកយុវជនកាកបាទក្រហមកម្ពុជា ទាំងអស់ដោយត្រូវប្រកាន់ខ្ជាប់ខ្ជួន ដើម្បីកិត្តិយសសេចក្តីថ្លៃថ្នូររបស់ប្អូនៗ និងកិត្យានុភាពរបស់កាកបាទក្រហមកម្ពុជាយើង ដែលមានអាយុកាល៦៩ឆ្នាំហើយប្រកបដោយភាពចាស់ទុំ ហើយយើងបន្តរួមគ្នាអនុវត្តនូវទិសស្លោកដ៏សំខាន់គឺ៖ធ្វើឱ្យបានកាន់តែច្រើនជាងមុន ធ្វើឱ្យបានកាន់តែល្អជាងមុន ធ្វើឱ្យបានកាន់តែជ្រៅ និងទៅឱ្យបានកាន់តែឆ្ងាយជាងមុន ។

ដើម្បីឆ្លើយតបនឹងប្រសាសន៍ផ្ដាំផ្ញើ និងការប្រគល់ភារកិច្ចលោកជំទាវអនុប្រធានគណៈកម្មាធិការសាខា តំណាងយុវជនកាកបាទក្រហមកម្ពុជា ៣នាក់ បានធ្វើការប្ដេជ្ញាចិត្តថា៖
– ប្ដេជ្ញា រៀនសូត្រឱ្យបានពូកែ គោរពវិន័យ សីលធម៌ ឱ្យក្លាយជាសិស្សល្អ កូនល្អ និងមិត្តល្អ…!
– ប្តេជ្ញា ប្រតិបតិ្តតាមគោលការណ៍គ្រឹះទាំង៧ របស់ចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម……!
– ប្ដេជ្ញា បំពេញតួនាទី ភារកិច្ច ជាយុវជនកាកបាទក្រហមកម្ពុជា …!
– ប្តេជ្ញា គាំទ្រ និង ចូលរួមសកម្មភាពមនុស្សធម៌ឱ្យបានកាន់តែច្រើន ទាំងក្នុង និងក្រៅសាលារៀន …!
– ប្ដេជ្ញា អភិវឌ្ឍសមត្ថភាពរបស់ខ្លួន ឱ្យក្លាយជាពលរដ្ឋល្អទៅអនាគត…!
– ប្តេជ្ញា ចូលរួមអនុវត្ត នូវវិធានការការពារជំងឺឆ្លង សុវត្ថិភាពចរាចរណ៍ និងចៀសពីគ្រឿងញៀនឱ្យបានម៉ឺងម៉ាត់…!