អភិបាលស្រុកស្ទោង អញ្ជើញពិនិត្យមើលវឌ្ឍនភាពសាងសង់ផ្លូវបេតុងប្រវែង១១គីឡូម៉ែត្រ នៅឃុំចំណាលើ

0

(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងសហការីបានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពសាងសង់ផ្លូវបេតុងប្រវែង១១គីឡូម៉ែត្រ ស្ថិតក្នុងឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីធនធានទឹកនិងឧតុនិយម និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង ខេត្តកំពង់ធំតាមរយៈឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម។

     ជាមួយគ្នានេះ លោកអភិបាលស្រុកស្ទោង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តមប្រធាននិងក្រុមក្រុមការងារ ដែលបានកសាងផ្លូវបេតុងថ្មីនេះសម្រាប់ជូន ពុកម៉ែ បងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំចំណារលើ សម្រាប់ដឹកកសិផល និងសិស្សានុសិស្សធ្វើដំណើរទៅសាលារៀនមានភាពងាយស្រួល ប្រកបដោយសុវត្ថិភាព។

ទន្ទឹមនឹងនេះលោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវបេតុងថ្មី សូមជួយថែរក្សាសមិទ្ធផលដ៏មហាសាលនេះដើម្បីជាប្រយោជន៍រួមទាំងអស់គ្នា មិនត្រូវរំលោភដីចំណីផ្លូវ ឬដាក់សំរាមនាំឱ្យកកស្ទះតាមប្រព័ន្ធលូ ប្រព័ន្ធរំដោះទឹកឡើយ ដែលជាហេតុនៃឱ្យមានការកកស្ទះទឹកប៉ះពាល់ដល់បរិស្ថាន និងបាត់បង់សោភ័ណភាពផងដែរ។

លើសពេលនេះប្រជាពលរដ្ឋនៅក្នុងឃុំចំណាក្រោម និងឃុំចំណាលើ ព្រមទាំងប្រជាពលរដ្ឋក្នុងស្រុកស្ទោងទាំងមូល បានសាទរ និងថ្លែងអំណរគុណជាអនេកដល់ឯកឧត្តម ថោ ជេដ្ឋា និងលោកអភិបាលស្រុកស្ទោង ដែលបានសាងសង់ផ្លូវជូនពួកគាត់សម្រាប់ធ្វើដំណើរបានងាយស្រួលនៅក្នុងពេលនេះ។

គួរបញ្ជាក់ផងដែរថា ផ្លូវបេតុងថ្មីនេះមានប្រវែង ១១គីឡូម៉ែត្រ ទទឹង៥ម៉ែត្រ ឆ្លងកាត់ឃុំចំណាលើ និងឃុំចំណារក្រោម ដែលដណ្ដប់លើ៥ភូមិ ហើយស្ថិតនៅក្នុងដំណាក់កាលកំពុងចាក់ដីសផងដែរ។ អត្ថបទរដ្ឋបាលស្រុកស្ទោង