ខេត្តកែប៖ ក្រសួងព័ត៌មាន និងមន្ទីរព័ត៌មាន មិនមែនមានតួនាទីត្រឹមតែទៅយកព័ត៌មាន ហើយផ្សព្វផ្សាយព័ត៌មានឲ្យត្រឹមត្រូវតាមវិជ្ជាជីវៈនោះទេ គឺត្រូវចេះគិតអំពីយុទ្ធសាស្ត្រ និងគោលនយោបាយព័ត៌មានសម្រាប់ប្រទេសផងដែរ។
នេះជាការលើកឡើងរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាលដែលឯកឧត្តមអញ្ជើញ ជួប សំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរព័ត៌មាន និងអ្នកសារព័ត៌មាន ខេត្តកែប នៅសាលប្រជុំនៃមន្ទីរព័ត៌មានខេត្ត នារសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ នេះ។
ឯកឧត្តមបានបញ្ជាក់ដែរថា សម្រាប់អាណត្តិទី៧នេះ ក្រសួងព័ត៌មានបានកំណត់នូវចក្ខុវិស័យ ថាក្រសួងនឹងដើរតួនាទីជាសម្លេងរបស់រដ្ឋាភិបាល និងជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាល ប្រកប ដោយបុរេសកម្ម អន្តរសកម្ម ប្រសិទ្ធភាព និងគុណភាព លើការគ្រប់គ្រងព័ត៌មាន និងសាធារណមតិ។
ឯកឧត្តមបន្ថែមថា បច្ចប្បន្ន បដិវត្តន៍នៃការផ្សព្វផ្សាយនៅប្រទេសកម្ពុជា គឺប្រជាពលរដ្ឋបានប្រើប្រាស់ Facebook, TikTok និងប្រព័ន្ធសង្គមផ្សេងៗ ជានិន្នាការនៃមធ្យោបាយក្នុងការទទួលព័ត៌មាន ដែលជះឥទ្ធិពលដល់ប្រព័ន្ធផ្សព្វផ្សព្វបែបបុរាណ ជាក់ស្តែង ស្ថាប័នការសែតធំៗមួយចំនួន ត្រូវបានបិទទ្វារជាបន្តបន្ទាប់។ ឯកឧត្តមរដ្ឋមន្ត្រី សង្កត់ធ្ងន់ដល់អង្គភាព-ស្ថាប័នដែលធ្វើការក្នុងវិស័យផ្សព្វផ្សាយព័ត៌មាន ត្រូវតែអភិវឌ្ឍខ្លួនយ៉ាងណាឲ្យស្របទៅនឹងការវិត្តន៍នៃបច្ចេកវិទ្យា ព័ត៌មាន ក៏ដូចជាគោលនយោបាយបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី័៧ ដែលបានបន្ថែមអាទិភាពថ្មីមួយទៀត គឺបច្ចេកវិទ្យាឌីជីថល ដែលនេះគឺជាការបន្ស៉ាំទៅនឹងការវិវត្តន៍នៃគោលនយោបាយ ការវិវត្តន៍នៃបច្ចេកវិទ្យា និងការវិវត្តនៃសង្គម។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា នៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី ៧នៃរដ្ឋសភា បាននិងកំពុងជំរុញការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទាំង៦ចំណុច និងបានដាក់ចេញនូវវិធានការគន្លឹះចំនួន ៥ចំណុចបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាសម្រេចចក្ខុវិស័យប្រែក្លាយកម្ពុជា នៅឆ្នាំ២០៣០ ជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ និងនៅឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់។ ហើយក្រសួងនិមួយៗត្រូវដឹងអំពីតួនាទី និងកិច្ចការងាររបស់ខ្លួនថាតើត្រូវធ្វើអ្វីខ្លះ ដើម្បីឆ្លើយតបការងារទាំងនេះ៕ សេង ណារិទ្ធ