អភិបាលខេត្តស្ទឹងត្រែង ណែនាំមន្ត្រីជំនាញបសុព្យាបាលខិតខំបន្ថែមទៀត ក្នុងការចាក់វ៉ាក់សាំង ការពារជំងឺឆ្លងរាតត្បាតដល់សត្វគោ ក្របី និងបានណែនាំប្រជាពលរដ្ឋ បញ្ឈប់លែងសត្វពាហនៈពាសវាលវាសកាល ដែលអាចងាយរងនឹងឆ្លងជំងឺផ្សេងៗ

0

ខេត្តស្ទឹងត្រែង៖ ប្រសាសន៍ណែនាំរបស់ អភិបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា ដល់មន្ត្រីបសុពេទ្យ និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននាពេលនោះ បានធ្វើឡើងស្របពេលដែល លោកអភិបាលខេត្ត បានអញ្ជើញចុះពិនិត្យយុទ្ធនាការចាក់វ៉ាក់សាំងសត្វគោ ក្របី ដើម្បីការពារជំងឺអុតក្ដាម ជំងឺសារទឹក និងជំងឺដុំពក ដែលជាសត្វចិញ្ចឹមរបស់ប្រជាពលរដ្ឋ នៅក្នុងរដូវវស្សានេះ ក្រោមការរៀបចំរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត សហការជាមួយ រដ្ឋបាលស្រុកសេសាន ។

ពិធីនោះក៏មានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ អាជ្ញាធរមូលដ្ឋាន រួមទាំងប្រជាពលរដ្ឋប្រមាណ ១៧០នាក់ ស្ថិតនៅភូមិកាតូត ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ។

ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តស្ទឹងត្រែង លោក ទុំ នីរ៉ូ បានឱ្យដឹង ថា គិតមកត្រឹមថ្ងៃ២៣កក្កដា២០២៤ មន្រ្តីជំនាញការិយាល័យផលិតកម្ម និងបសុព្យាបាល សហការជាមួយអាជ្ញាធរមូលដ្ឋាន និងភ្នាក់ងារពេទ្យសត្វភូមិ បានចាក់វ៉ាក់សាំងសត្វគោ ក្របី នៅទូទាំងខេត្តបានចំនួន ១ម៉ឺន ៧ពាន់ ៣១៥ ក្បាលរួចមកហើយ និងនៅថ្ងៃនេះបានបន្តចាក់បន្ថែមទៀត។

លោក ទុំ នីរ៉ូ បានបន្តថា សព្វថ្ងៃនេះ ការចិញ្ចឹមសត្វគោ-ក្របី នៅខេត្តស្ទឹងត្រែង នៅមិនទាន់បានអនុវត្តតាមវិធានបច្ចេកទេស ឲ្យបានសមស្របនៅឡើយទេ ដោយកសិករភាគច្រើន នៅតែបន្តចិញ្ចឹមសត្វតាមបែបប្រពៃណី ដោយលែងចោលពាសវាលពាសកាល គ្មានការមើលថែទាំ និងមិនបានផ្តល់ចំណីឱ្យបានត្រឹមត្រូវ និងគ្រប់គ្រាន់នោះទេ។ លោកថា កក្តានេះ បានធ្វើឲ្យសត្វគោ-ក្របីភាគច្រើន មិនសូវមានការលូតលាស់ល្អ ជាពិសេសធ្វើឱ្យសត្វជួបប្រទះនូវបញ្ហាសុខភាព ងាយទទួលរងនូវជំងឺ និងអាចស្លាប់ជាដើម។

លោកប្រធានមន្ទីរកសិកម្មខេត្ត បានបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងសត្វគោ-ក្របី នៅពេលនេះ គឺដើម្បីចូលរួមទប់ស្កាត់ការរីករាលដាល នៃជំងឺឆ្លងសត្វគោ-ក្របី កាត់បន្ថយអត្រាសត្វស្លាប់ និងហានិភ័យពីការបរិភោគសាច់សត្វជាដើម ជាពិសេសនៅក្នុងរដូវវស្សានេះ ជំងឺដែលតែងតែជួបប្រទះជាញឹកញាប់ទៅលើគោ-ក្របី មានជំងឺសារទឹក ជំងឺអុតក្តាម និងជំងឺដុំពក ជាដើម។

អភិបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា បានថ្លែងថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ គ្រប់ៗរូប និងគ្រប់ជនជាតិ។ លោកថា តាមរយៈរបាយការណ៍ និងយុទ្ធនាការចាក់វ៉ាក់សាំងនាពេលនេះ បង្ហាញថា មន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្ត បានបំពេញតួនាទី ភារកិច្ច ប្រកបដោយទំនួលខុសត្រូវ ជាពិសេសមិនត្រឹមតែយកចិត្តទុកដាក់ ចំពោះជីវភាពប្រជាពលរដ្ឋប៉ុណ្ណោះទេ ថែមទាំងបានគិតគូយកចិត្តទុកដាក់ ដល់សត្វចិញ្ចឹមរបស់បងប្អូនប្រជាពលរដ្ឋ ថែមទៀតផង។

លោកអភិបាលខេត្តស្ទឹងត្រែង សរ សុពុត្រា បានបន្តថា យុទ្ធនាការចាក់វ៉ាក់សាំងសត្វគោ-ក្របី ជូនប្រជាពលរដ្ឋនាឱកាសនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការចូលរួមទប់ស្កាត់ នូវការរីករាលដាល នៃជំងឺឆ្លងសត្វគោ-ក្របី ពិសេសនារដូវវស្សានេះ។

លោកអភិបាលខេត្តស្ទឹងត្រែង បានណែនាំដល់មន្ត្រីជំនាញបសុព្យាបាល ខិតខំបន្ថែមទៀត ក្នុងការចាក់វ៉ាក់សាំងការពារជំងឺឆ្លងសត្វគោ ក្របី ជូនប្រជាពលរដ្ឋ និងលោកអភិបាលខេត្ត ក៏បានណែនាំដល់ប្រជាពលរដ្ឋ ដែលជាម្ចាស់សត្វពាហនៈ មិនត្រូវព្រលែងចោលពាសវាលពាសកាល គ្មានការថែទាំត្រឹមត្រូវ និងគ្មានចំណីត្រឹមត្រូវគ្រប់គ្រាន់ ដែលអាចធ្វើឱ្យសត្វគោ ក្របី ជួបប្រទះបញ្ហាសុខភាព និងងាយទទួលរងនូវការឆ្លងជំងឺផ្សេងៗទៀត៕ ដោយ៖ឡុង សំបូរ