ដោយ វេហាស៍
(ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដំណើរការត្រួតពិនិត្យកិច្ចការប្រុងប្រៀបរៀបចំអបអរសាទរពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលពិធីបេីកការដ្ឋានសាងសង់នេះប្រព្រឹត្តទៅនៅវេលាម៉ោង៩:០៩នាទីព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ដ៍ខ្លីខាងមុខនេះ ។ ពិធីត្រួតពិនិត្យការរៀបចំសាកល្បងនេះប្រព្រឹត្តទៅស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤នេះ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ដោយអនុវត្តតាមសេចក្តីណែនាំលេខ០០៣/សណន ២០២៤ របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ស្តីពីការអបអរសាទរពិធីបើកការដ្ឋានសាង់សងព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ និងការណែនាំរបស់ឯកឧត្តមមេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ ព្រមទាំងឯកឧត្តមអភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ។ ដេីម្បីឲ្យពិធីអបអរសាទរនេះប្រព្រឹត្តទៅប្រកបដោយភាពមហោឡារិកនិងអធឹកអធម បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្រុងប្រៀបរៀបចំពិធីអបអរសាទរបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដោយបានរៀបចំឲ្យមានការចូលរួមពីនាយទាហាន នាយទាហានរង និងពលទាហាន យ៉ាងច្រើនកុះករនៅក្នុងទីបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងនៅគ្រប់បណ្តាកងកភាពំណុះក៍មានរៀបចំកម្មវិធីនេះដូចៗគ្នា ដោយត្រូវរៀបចំឲ្យមានការវាយជួង ទូងស្គរ វាយរគាំង គ្រវីទង់ជាតិ ទង់សាសនា និងទង់ព្រះមហាក្សត្រផងដែរ ដើម្បីញាំងឲ្យពិធីដ៍មានសារ:សំខាន់ជាប្រវត្តិសាស្ត្រនេះមានភាពអធិកអធម និងមហោឡារិក ។ឧត្តមសេនីយ៍ទោ សោម ស៊ុន បានគូសបញ្ជាក់បន្ថែមទៀតថា ការសាងសង់ព្រែកជីកហ្វូណនតេជោនេះ បានផ្តល់ផលប្រយោជន៍ដ៏ធំធេងមហិមា សម្រាប់ការអភិវឌ្ឍប្រទេសជាតិ និងផលប្រយោជន៍របស់ប្រជាជនកម្ពុជាទាំងមូល ពិសេសជាសមិទ្ឋផលថ្មីមួយទៀតក្រោមការដឹកនាំដោយរាជរដ្ឋាភិបាលនៃអាណត្តិទី៧ របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់កូនចៅយើង នៅជំនាន់ក្រោយៗរាប់ពាន់ឆ្នាំតទៅមុខទៀត ។
នៅក្នុងឱកាសនេះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន តំណាងឱ្យនាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ បានប្រកាសគាំទ្រយ៉ាងពេញទំហឹង នូវពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោនេះ ឲ្យទទួលបានជោគជ័យ ដើម្បីផលប្រយោជន៍ប្រទេសជាតិ ននិងប្រជាជនកម្ពុជា។