សំឡេង គង ឃ្មោះ ស្គរ រគាំង លាន់លឺរន្ថើនពេញស្រុកស្ទោង វេលាបើកការដ្ឋានព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤

0

(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ លោក ឡាយ ស៊ីលី ប្រធានក្រុមប្រឹក្សាស្រុក និងលោកសាយ គឹមឡម អភិបាលស្រុកស្ទោង  ព្រះមន្ត្រីសង្ឃស្រុក  លោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក កងកម្លាំងទាំងបី មន្ត្រីរាជការ សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកស្ទោង ប្រជាពលរដ្ឋ គ្រឹះស្ថានមីក្រូហិរញ្ញ ធនាគារ យុវជនស្ម័គ្រចិត្តកាកបាទក្រហម ក្រុមកាយរិទ្ធ ចូលរួមប្រារព្ធពិធី អបអរសាទរ ព្រឹត្តិការណ៍បើក ការដ្ឋានព្រែកជីកហ្វូណនតេជោ នៅច្រមុះជ្រូកមុខ សាលាស្រុកស្ទោង ដែលមានការ គោះត្រដោក ទូងស្គរ រគាង គង ឃ្មោះ។

ពិធីនេះដែរក៏មានការបើកក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាកម្ពុជា គឺជាគំនិតផ្ដួចផ្ដើមឡើងដោយសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភាដែលមានការគាំទ្រយ៉ាងពេញទំហឹង ពីគ្រប់ស្រទាប់វណ្ណៈ មហាជន ទាំងក្នុង និងក្រៅប្រទេស ក៏ដូចជាសហគមន៍អន្តរជាតិ។

សមិទ្ធផលផលដ៏ថ្លៃថ្លាថ្មីស្រឡាងមួយនេះនឹងផ្តល់អត្ថប្រយោជន៍ដ៏មហាសាលដល់ប្រទេសកម្ពុជាជាពិសេសវិស័យដឹកជញ្ជូនតាមនាវាចរណ៍ ដែលឯករាជ្យនិងម្ចាស់ការពីរាជធានីភ្នំពេញទៅសមុទ្រ កំពង់ផែអន្តរជាតិ និងកាត់បន្ថយតម្លៃដឹកជញ្ជូន ចំណេញពេលវេលា បន្ថយការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាកាត់បន្ថយនីតិវិធីសម្រាប់នាវា និងបែបបទក្នុងការឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ ការបង្កើតតំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើនផលត្រីទឹកសាបនៅតាមព្រែក អចលនទ្រព្យ និងការវិនិយោគផ្សេងៗ។

ព្រែកជីកហ្វូណនតេជោ “ជាព្រែកជីកប្រវត្តិសាស្ត្រ” ត្រូវបានតភ្ជាប់ពីដៃទន្លេមេគង្គទៅកាន់សមុទ្រប្រវែង ១៨០គីឡូម៉ែត្រ ដោយឆ្លងកាត់ខេត្តចំនួន៤គឺ កណ្តាល  តាកែវ  កំពត និងខេត្តកែប ។ រយៈពេលសាងសង់ ៤ឆ្នាំ ចំណាយថវិកា ១៧០០លានដុល្លាអាមេរិក ផ្លូវអមសង្ខាងព្រែកប្រវែង២០៨ គីឡូម៉ែត្រ  សន្ទះផ្លូវនាវាចរាចរណ៍មាន ៣កន្លែង  ស្ពាន១១ កន្លែង ។

សូមបញ្ជាក់ផងដែរថា ការប្រារព្ធពិធីនៅស្រុស្ទោងនេះមានអ្នកចូលរួមប្រមាណ២,០១៨នាក់ ហើយនៅតាមបណ្តាវត្តអារ៉ាម សាលារៀន និងគ្រឹះស្ថានរដ្ឋ និងឯកជនទាំងអស់ក៏មានប្រារព្ធពិធីនេះដូចគ្នា។ អត្ថបទវេហាស៍