កំពង់ចាម: ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម បានអញ្ជើញដឹកនាំមន្ត្រីរាជការក្រោមឱវាទទាំងអស់ ប្រារព្ធពិធីអបអរសាទរមហាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ “ពិធីបើកការដ្ឋាន ព្រែកជីកហ្វូណនតេជោ” ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា នាព្រឹកថ្ងៃចន្ទ ទី៥ ខែសីហា ឆ្នាំ២០២៤នេះ ។
ក្នុងមហាព្រឹត្តិការណ៍ដល់អស្ចារ្យនេះដែរ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម ក៏បានណែនាំឱ្យមន្ទីរអង្គភាពជុំវិញខេត្ត និងរដ្ឋបាលក្រុងស្រុកទាំង១០ ពោលគឺ មន្ត្រីរាជការទូទាំងខេត្តកំពង់ចាម ធ្វើការទូងស្ករ ជួង រគាំង ដើម្បីបន្លឺសម្លេងឲ្យឮកងរំពង និងផ្សព្វផ្សាយមហាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ តាមបណ្ដាញសង្គមផ្សេងៗ ដើម្បីចូលរួមអបអរសាទរឱ្យបានអធិកអធម និងមហាឡោរិកបំផុត បង្ហាញពីចលនាជាតិយ៉ាងខ្លាំងក្លា ចំពោះគម្រោងផ្ដល់ផលប្រយោជន៍ដ៏មហាសាល ដល់សង្គមសេដ្ឋកិច្ចកម្ពុជាទាំងមូល និងទុកជាមរតកប្រវត្តិសាស្ត្រសម្រាប់កូនចៅជំនាន់ក្រោយក្រោមម្លប់ “សុខសន្តិភាព” ។
ក្នុងពិធីអបអរនេះដែរ មន្ត្រីរាជការទាំងអស់ដែលបានចូលរួម បានបន្លឺសម្លេងកងរំពងថា ជយោ ! សម្ដេច អគ្គមហាសេនាបតីតេជោហ៊ុនសែន “ស្ថាបនិកសន្តិភាព”
ជយោ ! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
មានសន្តិភាព ទើបមានការអភិវឌ្ឍ
យើងខ្ញុំទាំងអស់គ្នា សូមគាំទ្រពេញទំហឹង សម្រាប់គម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ ដែលបម្រើឲ្យផលប្រយោជន៍ជាតិសម្រាប់ថ្ងៃអនាគត ៕