ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងលោកជំទាវ បានដឹកនាំនាយទាហាន នាយទាហានរង និងពលទាហាន ព្រមទាំងក្រុមគ្រួសារ រៀបចំពិធីអបអរសាទរការបេីកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលពិធីនេះប្រព្រឹត្តិទៅស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នៅភូមិសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន និងលោកជំទាវ រួមជាមួយយោធិន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងក្រុមគ្រួសារ បានទូងស្គរជ័យ ស្រែកជ័យឃោស ច្រៀងចម្រៀង ពង្សាវតាខ្មែរ និងច្រៀងចម្រៀងអបអរសាទរ ថ្ងៃទី៥ សីហា ពិធីបេីកការដ្ឋានថ្មីសាងសង់ព្រែកជីកហ្វូណនតេជោ យ៉ាងក្លៀវក្លា និងរីករាយក្រៃលែង ។
នាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ព្រមទាំងក្រុមគ្រួសារ បានប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលព្រែកជីកនេះ នឹងផ្ដល់ប្រយោជន៍ដល់ការអភិវឌ្ឍន៍ប្រទេសជាតិ និងបម្រើឲ្យផលប្រយោជន៍របស់ប្រជាជនកម្ពុជា ។
នៅក្នុងឱកាសនេះផងដែរ ឧត្ដមសេនីយ៍ទោ សោម ស៊ុន តំណាងឲ្យនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ សូមគោរពថ្លែងអំណរគុណដ៍៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្តេចអគ្គមហាសេនាធិបតីតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តួចផ្តើមឲ្យមានការស្ថាបនាព្រែកជីកហ្វូណនតេជោជាប្រវត្តិសាស្ត្រនេះឡើង ដើម្បីផលប្រយោជន៍ជាតិ និងមាតុភូមិកម្ពុជា រាប់ពាន់ឆ្នាំតទៅ។ អត្ថបទ វេហាស៍