ទេសរដ្ឋមន្ត្រី គន់ គីម ជំរុញអាជ្ញាធរឱ្យពន្លឿនលើការដោះស្រាយ ការរំលោភយកដីសម្បទានសង្គមកិច្ច ដើម្បីចែកជូនអតីតយុទ្ធជន ដែលពុំមានផ្ទះស្នាក់នៅសមរម្យ និងដីសម្រាប់បង្ករបង្កើនផល នៅក្នុងខេត្តស្ទឹងត្រែង !

0

ដោយ៖ឡុង សំបូរ
ខេត្តស្ទឹងត្រែង៖ ទេសរដ្ឋមន្រ្តី ,អនុប្រធានទី១ គ្រប់គ្រងគ្រោះមហន្តរាយ និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម បានជំរុញឱ្យអាជ្ញាធរថ្នាក់ក្រោមជាតិ ពន្លឿនលើការដោះស្រាយ ពីការរំលោភបំពានយកដីសម្បទានសង្គមកិច្ច ដើម្បីបែងចែកជូនអតីតយុទ្ធជន ដែលពុំមានផ្ទះស្នាក់នៅសមរម្យ និងដីសម្រាប់បង្ករបង្កើនផល នៅក្នុងខេត្តស្ទឹងត្រែង។
ឯកឧត្តម ទេសរដ្ឋមន្រ្តី បានជំរុញបែបនេះ នៅក្នុងឱកាសដែលឯកឧត្តម បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្ត ជាប្រធានកិត្តិយសសមាគម អតីតយុទ្ធជនកម្ពុជា ខេត្តស្ទឹងត្រែង នៅរសៀលថ្ងៃសៅរ៍ទី២៤ ខែសីហា ឆ្នាំ២០២៤ នាចុងសប្តាហ៍កន្លងមកនេះ ។
នៅក្នុងឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម បានណែនាំឱ្យសមាគមអតីតយុទ្ធជនខេត្តស្ទឹងត្រែង ខិតខំបន្តនិរន្តរភាពការងារ ក្នុងការបម្រើការជូនអតីតយុទ្ធជន ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត និងក៏ត្រូវដោះស្រាយដីសម្បទានសង្គមកិច្ច ដើម្បីរៀបចំជាភូមិសន្តិភាព ជូនបងប្អូនអតីតយុទ្ធជន ដែលបានធ្វើពលីកម្មជូនជាតិ មាតុភូមិ និងប្រជាជន នាពេលកន្លងមក។
ឯកឧត្តម ទេសរដ្ឋមន្ត្រី បានលើឡើងទៀតថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្ដេចធិបតី ហ៊ុនម៉ាណែត បានផ្ដោតការយកចិត្តទុកដាក់ខ្ពស់ ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់អតីតយុទ្ធជន និវត្តជនបាត់បង់សមត្ថភាពការងារ និងជនពិការ តាមរយៈចំណុចអទិភាពសំខាន់ៗរួមមាន៖ ការបន្តដំឡើងប្រាក់បៀវត្សជារៀងរាល់ឆ្នាំ , ការផ្ដល់ប័ណ្ណបសសរ សម្រាប់ព្យាបាលសុខភាពដោយអត់បង់ប្រាក់ និងការផ្ដល់គោលនយោបាយដីសម្បទានសង្គមកិច្ច សម្រាប់សាងសង់ផ្ទះ និងដីបង្កបង្កើតផល ជូនដល់អតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាត។
ឯកឧត្តម ទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ក្នុងនាម គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង ត្រូវរៀបចំគណៈកម្មការដោះស្រាយ ការរំលោភបំពានដីសម្បទានសង្គមកិច្ច ដោយអនុវត្តនូវនយោបាយឈ្នះឈ្នះ ពិនិត្យឲ្យបានច្បាស់លាស់ លើប្រជាពលរដ្ឋដែលរំលោភបំពានពិតជាក្រីក្រ ដើម្បីផ្ដល់ជាគោលនយោបាយដីសម្រាប់ជូនពួកគាត់ រួមជាមួយនឹងការពិនិត្យមកលើអតីតយុទ្ធជន ដែលបានមករស់នៅជាអចិន្ត្រៃយ៍ នៅលើដីសម្បទានសង្គមកិច្ចគ្រប់រយៈពេល ៥ឆ្នាំ ដើម្បីផ្ដល់ជូនននូវប្លង់កម្មសិទ្ធិ។
អភិបាលខេត្តស្ទឹងត្រែង ឯកឧត្តម សរ សុពុត្រា ជាប្រធានកិត្តិយសសមាគម ដែលទើបប្រកាសទទួលស្គាល់ថ្មី បានគោរពថ្លែងអំណរគុណ និងដឹងគុណចំពោះ សម្ដេចតេជោ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចធិបតីអនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា ដែលបានផ្ដល់សេចក្តីទុកចិត្តដល់ឯកឧត្តម ឱ្យទទួលខុសត្រូវលើអតីតយុទ្ធជនទូទាំងខេត្តស្ទឹងត្រែង និងឯកឧត្តម បានប្ដេជ្ញាចិត្តថានឹងខិតខំដោះស្រាយរាល់បញ្ហាប្រឈម ទុក្ខកង្វល់របស់បងប្អូនអតីតយុទ្ធជន និងធ្វើឱ្យពួកគាត់កាន់តែមានជីវភាពប្រសើរឡើងជាងនេះ ថែមទៀត។
បន្ទាប់មក ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែង លើការរស់នៅរបស់អតីតយុទ្ធជន និងផ្ទៃដីដែលត្រូវបានបែងចែក ជូនអតីតយុទ្ធជនកម្ពុជា ខេត្តស្ទឹងត្រែង នៅចំណុចគីឡូម៉ែត្រលេខ៩ ស្ថិតក្នុងសង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ថែមទៀតផង៕