រូបសំណាក់គ្រួសារដំរី ត្រូវបានដាក់តាំងបង្អួតរាងយ៉ាងស្រសប៉ប្រឹមនៅមាត់បឹងកន្សែង រង់ចាំស្វាគមន៍ភ្ញៀវទេសចរ ចូលមកទស្សនាកំសាន្ត លើដែនដីរដ្ឋបាលខេត្តរតនគិរី ភាគឦសានកម្ពុជា !

0

ដោយ៖ឡុង សំបូរ
ខេត្តរតនគិរី៖ រដ្ឋបាលខេត្តរតនគិរី ក្រោមការដឹកនាំរបស់ លោក ញ៉ែម សំអឿន ត្រូវគេមើលឃើញថា បានប្រែក្លាយតំបន់ទេសចរមួយចំនួនក្នុងខេត្ត ឱ្យក្លាយជាទីទាក់ទាញចិត្តយ៉ាងពេញនិយម ពីអ្នកទេសចរជាតិ និងអន្តរជាតិ ចូលមកទស្សនាកំសាន្ត សប្បាយ ក្រោមម្លប់នៃសុខសន្តិភាព។
រដ្ឋបាលខេត្តរតនគិរី នៅព្រឹកថ្ងៃទី៩កញ្ញានេះ បានរៀបចំលើករូបសំណាកគ្រួសារដំរី ចំនួន៣ មានដំរីឈ្មោល១ ដំរីញី១ និងកូនដំរី១ ដាក់តាមរថយន្តនាំយកមកដាក់តាំង នៅផ្នែកខាងត្បូងមាត់បឹងកន្សែង ដើម្បីត្រៀមស្វាគមន៍ភ្ញៀវទេសចរជាតិ អន្តរជាតិ ក្រោមវត្តមាន លោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត លោក ញ៉ែម សំអឿន អភិបាលខេត្ត ថ្នាក់ដឹកនាំខេត្ត ក្រុង និងមន្ទីរពាក់ព័ន្ធមួយចំនួន ក៏បានចូលរួម ផងដែរ។
សូមជម្រាបថា នៅសម័យបុរាណ ដំរីត្រូវបានបង្វឹកឱ្យធ្វើសង្គ្រាម ព្រោះវាមានកម្លាំងខ្លាំង ដែលអាចកំចាត់ឧបសគ្គនានាងាយស្រួលជាងសត្វផ្សេង។ ហេតុនេះ បើមានតាំងរូបដំរី នោះជានិមិត្តសញ្ញាតំណាងឱ្យសន្តិភាព ដែលគេជឿថា តាំងដំរីនៅក្នុងផ្ទះ អាចហៅសំណាងល្អ និងផ្ដល់ភាពត្រជាក់ត្រជុំចូលគ្រួសារ បើតាំងនៅមុខផ្ទះ ឬ ទីសាធារណៈ អាចហៅថាមពលវិជ្ជមាន បង្កើនអំណាចដល់ម្ចាស់។ តែបើតាំងនៅតុធ្វើការ អាចការពារសំណាងអាក្រក់ និងបន្ថែមភាពរីកចម្រើននៅក្នុងអាជីព រូបបដិមាដំរីទាំងអស់មិនថាធំឬតូច សុទ្ធតែជានិមិត្តរូប នៃការការពារសំណាងល្អ និងប្រាជ្ញាឈ្លាសវៃ។
គួររំលឹកថា រមណីដ្ឋានបឹងកន្សែង ស្ថិតនៅចំកណ្ដាលបេះដូងនៃក្រុងបាលុង ខេត្តរតនគិរី បានប្រែក្លាយជាកន្លែងដែលមានបរិស្ថានស្អាត រមណីយដ្ឋានស្អាត សោភណ្ឌភាពស្រស់បំព្រង ប្រកបដោយភាពទាក់ទាញ បន្ទាប់ពី លោក ញ៉ែម សំអឿន អភិបាលខេត្ត បានដាក់ចេញគម្រោងរៀបចំកែលម្អ ជុំវិញបរិវេណរមណីដ្ឋានបឹងដ៏ស្រស់ស្អាតមួយនេះឡើងវិញ រួមមាន៖ កែលម្អហេដ្ឋារចនាសម្ព័ន្ធជុំវិញបរិវេណមាត់បឹង រៀបចំសួនច្បារ និងបំពាក់ភ្លើងបំភ្លឺសាធារណៈ សាងសង់រូបសំណាកគ្រួសារដំរី រូបសំណាកសត្វអកញីឈ្មោល១គូ ដែលជាសត្វបក្សី រំលេចក្នុងបទចម្រៀងអធិរាជាសម្លេងមាស (អកបឹងកន្សែង) ការៀបចំដាក់ឧបករណ៍ហាត់ប្រាណ និងឧបករណ៍សម្រាប់ក្មេងជិះលេងតាមមាត់បឹង ការសាងសង់បង្គន់អនាម័យសាធារណៈជាដើម។ និយាយរួម បច្ចុប្បន្ននេះ បឹងកន្សែងបានក្លាយជាកន្លែង ដែលមានបរិស្ថានស្អាត រមណីយដ្ឋានស្អាត សោភណ្ឌភាពស្រស់បំព្រង ប្រកបដោយភាពទាក់ទាញបំផុតសម្រាប់ភ្ញៀវទេសចរ ទាំងថ្ងៃធម្មតា ថ្ងៃចុងសប្តាហ៍ និងក្នុងថ្ងៃពិធីបុណ្យទានជាដើម៕