លោក ផាង វី ប្រធានក្រុមការងារចុះមូលដ្ឋានឃុំទ្រា ព្រមទាំងសហការី និងលោកសាយ គឹមឡម ប្រធានគណបក្សប្រជាជនកម្ពុជាស្រុកស្ទោង និងក្រុមការងារមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាពក្នុងពិធីក្រុងពលីបញ្ចុះបឋមសិលាសាងសង់ស្នាក់ការគណបក្សប្រជាជនកម្ពុជា នៅឃុំទ្រា ស្រុកស្ទោងខេត្តកំពង់ធំ នាព្រឹកថ្ងៃសៅរ៍ ទី១៥ ខែកញ្ញាឆ្នាំ ២០២៤។
លោកបាន បញ្ជាក់ឲ្យដឹងនៅក្នុងពិធីនេះ ថាក្រោយពីស្នាក់ការគណបក្សនេះបានសាងសង់រួចរាល់ហើយជាស្ថាពរ នឹងអាចជួយសម្រួលដល់ក្រុមការងារគណបក្សទាំងមូល ជាពិសេសក្រុមការងារគណបក្សប្រជាជនកម្ពុជាឃុំទ្រាក្នុងការបំពេញកិច្ចការ គណបក្សឱ្យកាន់តែប្រសើរឡើងថែមទៀត។
ទន្ទឹមនឹងនេះ លោកបានណែនាំដល់លោកប្រធានគណបក្សឃុំទ្រា និងសមាជិកសមាជិកាទាំងអស់ ព្រមទាំងក្រុមការងារត្រូវខិតខំអនុវត្តបំពេញកិច្ចការប្រចាំថ្ងៃរបស់គណបក្ស ក៏ដូចជាខិតខំកសាងនូវសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាថ្មីៗថែមទៀតជាពិសេសចេញពីបន្ទាប់យុវជន ហើយត្រូវនាំគ្នាធ្វើជាគំរូល្អសម្រាប់យុវជននិងមហាជនទូទៅ ដើម្បីទទួលបាននូវការគាំទ្រនិងជំនឿទុកចិត្តបំផុត។
លើសពីនេះ លោកបានណែនាំដល់ សមាជិក សមាជិកាក្នុងមូលដ្ឋាន និងក្រុមការងារ ត្រូវនាំគ្នាដាំដើមឈើ ធ្វើសួន ឲ្យបានច្រើននៅក្នុងបរិវណគណបក្សនេះ ជាពិសេសឈើប្រណីតនៅក្នុងមូលដ្ឋានដើម្បីជាប្រយោជន៍សោភ័ណភាព និងចំណែកនៃការលម្អបរិស្ថាននិង អភិរក្សធនធានធម្មជាតិព្រៃឈើផងដែរ។
គួរបញ្ជាក់ផងដែរថា ស្នាក់ការអគារគណបក្សប្រជាជនកម្ពុជាថ្មីនេះ ធ្វើអំពីឥដ្ឋប្រក់ក្បឿង និងមានទំហំ ១៤ម៉ែត្រគុណនឹង ១២ម៉ែត្រ ព្រមទាំងបំពាក់នូវគ្រឿងសង្ហារឹមនិងបរិក្ខារមួយចំនួន ហើយមានធ្វើរបងព័ទ្ធជុំវិញនិងខ្លោងទ្វារផងដែរ។