ដោយ ឃិន គន្ធាប
ន្ទាយមានជ័យ៖ ក្បួនរថយន្តទេសចរណ៍អន្តរជាតិនៃព្រឹត្តិការណ៍Gumball 3000 Rally in Cambodia ត្រៀមជូនចេញពីច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នាថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០២៤ នេះ ប្រតិភូ Gumball 3000 មកដល់កម្ពុជាតាមច្រកទ្វារព្រំដែនអន្តរជាតិបាវិត ឆ្ពោះមករាជធានីភ្នំពេញ តាមផ្លូវជាតិលេខ១ ។
បើតាមកម្មវិធី ក្បួននោះអមជាមួយនឹងប្រតិភូសុទ្ធសឹងជាបុគ្គលល្បីៗប្រមាណ២៥០នាក់ ក្នុងព្រឹត្តិការណ៍ Gumball 3000 Rally in Cambodia ដែលឆ្លងកាត់ខេត្តបន្ទាយមានជ័យនិងច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០២៤ ខាងមុខនេះរួច ឆ្លងចូលព្រះរាជាណាចក្រថៃ ។
ខេត្តនិងច្រកទ្វារបានត្រៀមលក្ខណ:រួចរាល់ហើយក្នុងការទទួលការចេញពីកម្ពុជាទៅប្រទេសថៃក្បួនរថយន្តនៃព្រឹត្តិការណ៍Gumball 3000 Rally in Cambodia ដែលនឹងប្រារព្ធធ្វើនៅរាជធានីភ្នំពេញនិងខេត្តសៀមរាបនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០២៤ ខាងមុខ។
ហេតុនេះតាំងពីដើមខែសីហា ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតបានរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ ការពារសន្តិសុខ សុវត្ថិភាព និងទទួលស្វាគមន៍ ជូនដំណើរនូវចាកចេញប្រតិភូក្រសួងទេសចរណ៍មួយក្រុម ដឹកនាំដោយលោកគុជ បញ្ញាសា រដ្ឋលេខាធិការក្រសួងទេសចរណ៍និងអ្នកឧកញ៉ា លាង ពៅ សមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុនជីបម៉ុង ដែលបានចុះមកត្រួតពិនិត្យស្ថានការទូទៅនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ។
ពោលគឺដើម្បីមើលតម្រាយផ្លូវត្រៀមទទួលក្បួនរថយន្តទេសចរអន្តរជាតិ ដែលត្រឡប់មកពីចូលរួមព្រឹត្តិការណ៍ ។
យោងក្រសួងទេសចរណ៍បានអោយដឹងថ្ងៃទី១៤ខែកញ្ញាថា អំពីបច្ចុប្បន្នភាព “ព្រឹត្តិការណ៍ Gumball 3000 នៅកម្ពុជា” រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៥-១៧ ខែកញ្ញា ឆ្នាំ២០២៤ ។
ថ្ងៃទី១ ត្រូវនឹងថ្ងៃអាទិត្យ ទី១៥ ខែកញ្ញា ឆ្នាំ២០២៤ នៅចន្លោះពីម៉ោង ៩ព្រឹក ដល់ម៉ោង ១១យប់
– ប្រតិភូ Gumball 3000 មកដល់កម្ពុជាតាមច្រកទ្វារព្រំដែនអន្តរជាតិបាវិត ឆ្ពោះមករាជធានីភ្នំពេញ តាមផ្លូវជាតិលេខ១
– ប្រតិភូ Gumball 3000 នឹងមកដល់រាជធានីភ្នំពេញ រៀបចំតាំងបង្ហាញរថយន្ត និងបង្ហាញបច្ចេកទេសជ្រែរថយន្តដ៏អស្ចារ្យ (Supercars Drifting) ជូនសាធារណជនទស្សនានៅបរិវេណសួនច្បារវិមានឯករាជ្យ សួនច្បារសម្តេចជួនណាត និងសួនច្បារវត្តបទុមវតី ។
– ការប្រគុំតន្ត្រីខ្នាតយក្សលំដាប់អន្តរជាតិ ដោយមានការចូលរួមសម្តែងពីប្រតិភូ Gumball 3000 ដែលជាមហាសេដ្ឋី អ្នកមានឥទ្ធិពលលើបណ្តាញសង្គម កីឡាករ និងតារារ៉េបល្បីៗ នៅមុខវត្តបទុមវត្តី
ថ្ងៃទី២ ត្រូវនឹងថ្ងៃចន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ចន្លោះពីម៉ោង ៧ព្រឹក ដល់ម៉ោង ១១យប់ ។
– ប្រតិភូ Gumball 3000 នឹងបន្តដំណើរពីរាជធានីភ្នំពេញឆ្ពោះទៅខេត្តសៀមរាប
– ការតាំងបង្ហាញរថយន្ត និងពិព័រណ៍ខ្នាតតូចនៅសួនច្បារព្រះរាជដំណាក់ ខេត្តសៀមរាប
ថ្ងៃទី៣ ត្រូវនឹងថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ចន្លោះពីម៉ោង ៦ព្រឹក ដល់ម៉ោង ២រសៀល
– ការតាំងបង្ហាញរថយន្ត Supercars របស់ប្រតិភូ Gumball 3000 ទាំងអស់ ដើម្បីបំបែកឯកទគ្គពិភពលោក (Guinness World Record) នៅបរិវេណខាងមុខប្រាសាទអង្គរវត្ត ។
– នៅវេលាល្ងាច ប្រតិភូ Gumball 3000 ចេញដំណើរពីខេត្តសៀមរាបឆ្ពោះទៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ហើយភាគីកម្ពុជាធ្វើពិធីជូនដំណើរជាផ្លូវការនៅច្រកទ្វារព្រំដែននាក្រុងប៉ោយបឯែតនោះ។
ឯភាគីថៃ ក៏បានត្រៀមលក្ខណ:ធ្វើពិធីស្វាគមន៍ដ៏ឧឡារឹកនៅច្រកទ្វារព្រំដែនអន្តរជាតិខ្លងលឹកស្រុកអារញ្ញប្រាថេតខេត្តស្រះកែវ ។
តាមរយៈ ព្រឹត្តិការណ៍នេះ នឹងនាំមកនូវអត្ថប្រយោជន៍ដ៏ច្រើនសម្រាប់ប្រទេសកម្ពុជា ជាពិសេស ពាក់ព័ន្ធនឹងការចូលរួមផ្សព្វផ្សាយកាន់តែទូលំទូលាយនូវវិស័យទេសចរណ៍ ក៏ដូចជា ជាសារមួយពាំនាំទៅកាន់ពិភពលោកឱ្យកាន់តែស្គាល់ និងយល់ដឹងពីវប្បធម៌ អរិយធម៌ទេសចរណ៍ សេដ្ឋកិច្ច និងបង្ហាញកម្ពុជា ជាប្រទេសមួយដែលពោពេញទៅដោយសក្ដានុពលដ៏សម្បូរបែប ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ 2024 Gumball 3000 Rally នេះ នឹងធ្វើដំណើរឆ្លងកាត់ចំនួន ៥ប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ មាន វៀតណាម កម្ពុជា ថៃ ម៉ាឡេស៊ី និងសិង្ហបុរី ខណៈបន្ទាប់ពីចេញពីកម្ពុជាតាមច្រកប៉ោយប៉ែតឆ្ពោះទៅប្រទេសថៃ ។
បញ្ជាក់ថា៖ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និង ក្រុមការងារបានអញ្ជើញចុះពិនិត្យមើលទីតាំងច្រកទ្វាព្រំដែនអន្តរជាតិប៉ោយប៉ែត ត្រៀមរៀបចំទទួលស្វាគមន៍ក្បួនរថយន្តប្រណិតៗ (Caravan Tour) មកពីជុំវិញពិភពលោកប្រមាណ២៧៤គ្រឿង៕