គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដឹកនាំដោយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានឯកភាពកោះប្រជុំជាវិសាមញ្ញនីតិកាលទី៧ នៅព្រឹកថ្ងៃសុក្រ ទី២០ ខែកញ្ញា ខាងមុខ តាមសំណើរបស់រាជរដ្ឋាភិបាល ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាលចំនួន២រូប។
សេចក្តីប្រកាសព័ត៌មាន ក្រោយកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅថ្ងៃនេះ ឲ្យដឹងថា កិច្ចប្រជុំជាវិសាមញ្ញនាពេលខាងមុខនេះ មានរបៀបវារៈដូចជា៖ ១. ការពិនិត្យសំណើសុំបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាចំនួន២រូប, ២. ការប្រកាសសុពលភាពអាណត្តិតំណាងរាស្រ្តថ្មី មណ្ឌលខេត្តកំពង់ឆ្នាំងជូនឯកឧត្តម ហ៊ឺ វីរៈ ជំនួសសម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ដែលបានទទួលមរណភាព, ៣. ការបោះឆ្នោតជ្រើសតាំង ឯកឧត្តម អ៊ិត រ៉ាឌី ជាបេក្ខជនសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម សម្រាប់អាណត្តិទី៣, និង៤. ការពិភាក្សា និងអនុម័តលើសេចក្តីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា នៃពនៃព្រះរាជាណាចក្រកម្ពុជា។
បើយោងតាមកម្មវិធីដែលមានគ្រោងទុក សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏នឹងចូលរួមក្នុងកិច្ចប្រជុំវិសាមញ្ញនីតិកាលនេះផងដែរ៕