ដោយ សេង ណារិទ្ធ
ខេត្តកំពត៖ ពលរដ្ឋដែលរស់នៅក្បែរទីលានចាក់សំរាមក្នុងតំបន់ស្រុកកំពង់ត្រាច សំណូមពរដល់អាជ្ញាធរនិងជំនាញពាក់ព័ន្ធ ជួយរកកន្លែងឲ្យក្រុមហ៊ុនចាក់សំរាម ផ្លាស់ប្តូរទីតាំងផ្សេងពីនេះ ព្រោះទីលានចាក់សំរាមបច្ចុប្បន្ន បាននិងកំពុងបំពុលបរិស្ថាន យ៉ាងធ្ងន់ធ្ងរ ពិសេសបង្ករំខានដល់ការរស់នៅ និងប៉ះពាល់សុខភាពប្រជាពលរដ្ឋ និងសិស្សានុសិស្ស។
ទាក់ទងនឹងករណីសំរាមនេះ លោក ខូវ ហាច តំណាងឲ្យប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលរស់នៅក្បែរទីតាំងចាក់សំរាម ស្ថិតក្នុងភូមិអង្គរជ័យទី១ ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត បានឲ្យដឹងនៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤នេះថា នៅជាប់នឹងទីលានចាក់សំរាមនេះ គាត់មានដីកម្មសិទ្ធិចំនួន៣ប្លង់ ហើយនៅក្នុងដីកម្មសិទ្ធិនិមួយៗ ក៏មានផ្នូរបញ្ចុះសពជាង១០នៅទីនោះ ដែលសុទ្ធសឹងជាផ្នូរដូនតា ក្រុមគ្រួសារ មាមីង បងប្អូន របស់គាត់។
លោកបានបញ្ជាក់ទៀតថា បន្ទាប់ពីអាជ្ញាធរបានប្រគល់ទីតាំងនេះ ឲ្យក្រុមហ៊ុនសំរាម ដឹកជញ្ជូនកាកសំណល់យកមកចាក់នៅទីនេះ តែងតែបង្កផលរំខានជាច្រើនដល់ពួកគាត់ ពិសេសសិស្សសាលាដែលរៀននៅសាលាក្បែរទីលានចាក់សំរាមនេះ ហើយពេលរដូវសែនផ្នូរដូនម្តងៗ ពួកគាត់ពិបាករៀបចំពិធីណាស់ ដោយសារតែនៅទីនោះមានក្លិនស្អុយអាសោធ និងមានសត្វរុយរាប់សែនក្បាលមកយាយី ពេលកំពុងសែនព្រេន។
លោកបន្តថា កាលក្រុមហ៊ុនចាក់សំរាម កាកសំណល់ដំបូង ក្លិនស្អុយមិនសូវជាវាយលុកប៉ុន្មានទេ ព្រោះមានបរិមាណតិចតួច ប៉ុន្តែមកដល់ពេលនេះក្រុមហ៊ុមសំរាម បានដឹកជញ្ជូនមួយថ្ងៃៗជាង១០ រថយន្ត(ប្រហែល១៥តោនក្នុង១ថ្ងៃ)ដែលធ្វើឲ្យកន្លែងចាក់សំរាម មានសភាពពេញហៀរ កកកុញ ដោយបានបង្ហៀរទឹកស្អុយចូលមកដល់ដីកម្មសិទ្ធិរបស់ពួកគាត់ទៀតផង។
ចំពោះបញ្ហានេះ ប្រជាពលរដ្ឋសំណូមពរដល់អាជ្ញាធរក្នុងតំបន់ ពិសេសជំនាញពាក់ព័ន្ធ សូមជួយដោះដូររកទីតាំងថ្មី សម្រាប់ធ្វើទីលានចាក់សំរាមអោយក្រុមហ៊ុន ព្រោះខណ:នេះក្លិនកាកសំណល់សំរាមដែលរលួយបានចោលក្លិនសាយភាយ ដល់ពលរដ្ឋរស់នៅតំបន់ខាងលើយ៉ាងធ្ងន់ធ្ងរ ពិសេសប្អូនៗ ក្មួយៗសិស្សានុសិស្សដែលរៀនក្នុងសាលាក្បែរទីលានចាក់សំរាមនេះ៕