មន្រ្តីក្រសួងព័ត៌មាន ស្នើដល់អង្គភាពរដ្ឋទាំងអស់ក្នុងខេត្តកែប សហការជាមួយមន្ទីរព័ត៌មាន ផ្សព្វផ្សាយពីសមិទ្ធផលដែលខេត្តសម្រេចបាន

0

ខេត្តកែប: រដ្ឋបាលខេត្តកែបបានរៀបចំពិធីសំណេះសំណាល និងពិនិត្យវឌ្ឍនភាពការងារ ៩ខែ ដើមឆ្នាំ២០២៤ របស់មន្ទីរព័ត៌មានខេត្តកែប និងពង្រឹងវិស័យព័ត៌មាន នៅទូទាំងខេត្ត ក្រោមអធិបតីភាព ឯកឧត្តម សោម កុសល អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងលោក ប៊ុន យោង អភិបាលរងខេត្តកែប នៅរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤នេះ។

ក្នុងនោះដែរថ្នាក់ដឹកនាំក្រសួងព័ត៌មាន និងថ្នាក់ដឹកនាំខេត្តកែប ដែលទទួលបន្ទុកវិស័យព័ត៌មាន បានធ្វើការជំរុញដល់បណ្តាមន្ទីរអង្គភាព និងអាជ្ញាធរក្រុង ស្រុក ត្រូវសហការផ្សព្វផ្សាយ នូវសក្តានុពលរបស់ខេត្ត ជាពិសេសផលិតផលទេសចរណ៍ថ្មីៗ ដែលរដ្ឋបាលខេត្តកែបសម្រេចបាន ក្នុងន័យទាក់ទាញអ្នកទេសចរមកលេងកម្សាន្តនៅខេត្តកែបឱ្យបានកាន់តែច្រើនឡើង។

លោក ប៊ុន យោង អភិបាលរងខេត្តកែប មានប្រសាសន៍ថា រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧នេះ នៅតែបានចាត់ទុកវិស័យព័ត៌មាន ជាចំណុចអាទិភាពមួយដ៏សំខាន់មិនអាចខ្វះបាន  ហើយសារព័ត៌មានគឺជាអំណាចទី៤ និងជាស្ពានភ្ជាប់ដំណឹង ទៅ-មក រវាងរាជរដ្ឋាភិបាលជាមួយនឹងប្រជាជន។លោក​បានបន្តថា មន្ទីរព័ត៌មានខេត្តកែប​ បានដើរតួនាទីយ៉ាងសំខាន់សម្រាប់គាំទ្ររាល់ដំណើរការអភិវឌ្ឍន៍របស់រដ្ឋបាលខេត្ត និងផ្សព្វផ្សាយរាល់ខ្លឹមសារសំខាន់ៗរបស់រដ្ឋបាលខេត្ត និងបណ្តាមន្ទីរអង្គភាព អាជ្ញាធរក្រុងស្រុក ដែលជ្រកក្រោមឆ័ត្ររបស់រដ្ឋបាលខេត្ត ក្នុងន័យបញ្ជូនព័ត៌មានដែលមានសារប្រយោជន៍ទាំងនោះទៅកាន់ប្រជាពលរដ្ឋ មហាជន ជាពិសេសរាជរដ្ឋាភិបាលអោយបានដឹង ពិសេសការប្រយុទ្ធប្រឆាំងជាមួយព័ត៌មានក្លែងក្លាយ។

ក្នុងឱកាសនោះ ឯកឧត្តម សោម កុសល អនុរដ្ឋលេខាធិការក្រសួងព័ត៌មានទទួលបន្ទុកលើខេត្តកំពត និងកែប បានកោតសសើរចំពោះលទ្ធផលសម្រេចបានរបស់មន្ទីរព័ត៌មានខេត្តកែប ដែលបានបំពេញតួនាទីរបស់ខ្លួនក្នុងនាមជាសេនាធិការរបស់ក្រសួងព័តមាន និងរដ្ឋបាលខេត្តកែប។ ជាពិសេស តាមរយៈមន្ទីរព័ត៌មាន តំបន់ទេសចរណ៍ ក្នុងខេត្តកែបត្រូវបានផ្សព្វផ្សាយចេញដល់ដៃមហាជន បានយ៉ាងទូលំទូលាយ។

ជាមួយនេះ ឯកឧត្តម​ បានស្នើដល់បណ្តាមន្ទីរអង្គភាព អាជ្ញាធរក្រុង ស្រុក ចំណុះអោយរដ្ឋបាលខេត្តកែប ផ្តល់កិច្ចសហការជាមួយមន្ទីរព័ត៌មាន ផ្តល់នូវលទ្ធផលសកម្មភាពការងារ ដែលខ្លួនសម្រេចបាន ដើម្បីអោយមន្ទីរ មានប្រភពគ្រប់គ្រាន់ ក្នុងការផ្សព្វផ្សាយព័ត៌មានដែលមានខ្លឹមសារល្អ គ្រប់ជ្រុងជ្រោយ សម្រាប់ជាប្រយោជន៍ដល់ពលរដ្ឋ។

យោងរបាយការណ៍របស់លោក រស់ ឧត្តុង្គ ប្រធានមន្ទីរព័ត៌មានខេត្តកែប បានបញ្ជាក់ថា តាមរយៈការិយាល័យទូរទស្សន៍ រយៈពេល៩ខែ ដើមឆ្នាំ២០២៤នេះ មន្ទីរបានធ្វើការផលិតព័ត៌មានក្នុងខេត្តកែប បានចំនួន ៣១២ អត្ថបទ រូបភាព និងបានបញ្ជូនទៅកាន់អង្គភាពព័ត៌មានឯកជនដែលមានប្រតិបត្តិការណ៍នៅខេត្តកែបទាំង ៣៤អង្គភាព ពន្លឿនការជួយផ្សព្វផ្សាយបន្តបានរហ័ស និងទាន់ចិត្តផងដែរ៕ សេង ណារិទ្ធ