កីឡាករទូកខ្លាខ្មៅសាមគ្គីមានជ័យ បារមីសឹករងកំពង់ធំ គោរពថ្លែងអំណរគុណមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានជួយឧបត្ថម្ភគាំទ្រ ក្នុងការហ្វឹកហាត់ ត្រៀមខ្លួនប្រកួតប្រណាំងដណ្ដើមយកជ័យជម្នះ អបអរសាទរក្នុងពិធីបុណ្យអុំទូកនៅខេត្តកំពង់ធំ ឆ្នាំ២០២៤

0

(ខេត្តកំពង់ធំ)៖ ដើម្បីលើកទឹកចិត្តដល់កីឡាករទូកខ្នាតអន្តរជាតិ ដែលមានកម្លាំងត្រូវអុំចំនួន២២នាក់ និងកម្លាំងបម្រុងចំនួន៨នាក់សរុបចំនួន៣០នាក់ ដែលត្រូវត្រៀមខ្លួនចូលរួមអបអរសារទរ ប្រកួតដណ្ដើមយកជ័យជម្នះ ក្នុងពិធីបុណ្យអុំទូកនៅខេត្តកំពង់ធំនាពេលខាងមុខ ដែលជាទូកក្រោមការឧបត្ថម្ភគាំទ្ររបស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ ។

នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ឧត្តមសេនីយ៍ទោសោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការី ទៅសំណេះសំណាលសាកសួរសុខទុក្ខ និងលើកទឹកចិត្ត ព្រមទាំងនាំយកនូវថវិកាចំនួន១,៥០០,០០០ រៀល និងភេសជ្ជៈមួយចំនួន ឧបត្ថម្ភជូនដល់កម្លាំងក្រុមកីឡាករអុំទូកខ្នាតអន្តរជាតិ ឈ្មោះថាខ្លាខ្មៅសាមគ្គីមានជ័យបារមី សឹករងកំពង់ធំ ដើម្បីដំណើរការហ្វឹកហាត់ត្រៀមចូលរួមអបអរសាទរ និងដណ្ដើមយកជ័យជម្នះក្នុងពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែនៅខេត្តកំពង់ធំនាពេលខាងមុខនេះ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ក្រោមដំបូលសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនរបស់ប្រទេសជាតិ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រទេសជាតិយើងបន្តឈានឆ្ពោះទៅរកការអភិវឌ្ឍរីកចម្រើនបន្ថែមទៀតលើគ្រប់វិស័យ ។ ប្រពៃណីទំនៀមទំលាប់របស់ជាតិ ត្រូវបានលើកកម្ពស់ ដើម្បីប្រជាជនសប្បាយរីករាយ ក្រោមម្លប់សុខសន្តិភាព ។ហើយនៅក្នុងឱកាសនេះឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំដល់ក្រុមកីឡាករទូកខ្នាតអន្តរជាតិ ខ្លាខ្មៅសាមគ្គីមានជ័យ បារមីសឹករងកំពង់ធំ ត្រូវខិតខំប្រឹងប្រែងហ្វឹកហាត់ត្រៀមខ្លួនចូលរួមប្រកួតអបអរសារទរ ក្នុងការប្រណាំងទូកនៅខេត្តកំពង់ធំ ឲ្យទទួលបានជោគជ័យ និងប្រកបដោយស្មារតីសាមគ្គីភាព ឯកភាពជាតិខ្មែរ ។

លោក ឈឿន សុខគា តំណាងឲ្យក្រុមកីឡាករទូកខ្លាខ្មៅសាមគ្គីមានជ័យ បារមីសឹករងកំពង់ធំ បានថ្លែងអំណរគុណចំពោះឧត្តមសេនីយ៍ទោ សោម ស៊ុន និងថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានជួយគាំទ្រដល់ក្រុមកីឡាករទូកទាំងអស់ ព្រមទាំងបានប្ដេជ្ញាចិត្តក្នុងការហ្វឹកហាត់ចាប់ពីពេលនេះតទៅ រហូតដល់ពេលប្រកួតក្នុងពិធីអបអរសាទរ អុំទូកអកអំបុក និងសំពះព្រះខែនៅក្នុងឆ្នាំ២០២៤នេះឱ្យទទួលបានជោគជ័យផងដែរ។ អត្ថបទ វេហាស៍