លោកជំទាវ លឹម មួយស្រៀន នួនផារ័ត្ន និងលោកជំទាវ លំគន្ធារី ចុះសួរសុខទុក្ខ នាំយកសម្ភារៈសិក្សា និងថវិកាផ្ដល់ជូនបុរីកុមារកំព្រាខេត្តកំពង់ធំ

0

(កំពង់ធំ)÷លោកជំទាវ លឹម មួយស្រៀន នួនផារ័ត្ន លោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ និងក្រុមការងារខេត្តកំពង់ធំ បានសំណេះសំណាលសួរសុខទុក្ខ នាំយកសម្ភារៈសិក្សា និងថវិកាមួយចំនួនផ្ដល់ជូនដល់បុរីកុមារខេត្តកំពង់ធំ ស្ថិតនៅភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤។

ជាមួយគ្នានេះផងដែរលោកជំទាវ លំ គន្ធារីមានប្រសាសន៍ថា ដោយមានការលើកទឹកចិត្ត ដល់បុរីកុមារកំព្រាខេត្តកំពង់ធំ សូមអំពាវនាវពីសប្បុរសជនក្នុង និងក្រៅប្រទេស ដើម្បីឧបត្ថម្ភជាសម្ភារៈ និងថវិកា ដើម្បីគាំទ្រដល់កុមារកំព្រា ក្នុងការសិក្សារៀនសូត្រដែលជាតម្រូវការចាំបាច់បំផុត បានចូលរៀនដូចកុមារដទៃទៀតដែរ ពិសេសសូមផ្ដល់គ្រឿងឧបរិភោគបរិភោគដល់កុមារកំព្រាសម្រាប់បុណ្យភ្ជុំបិណ្ឌខាងមុខនេះ។

ថ្លែងនៅក្នងកម្មវិធីនេះលោកជំទាវ លឹម មួយស្រៀន នួនផារ័ត្នបានលើកឡើងថា ដោយសង្កេតឃើញពីការរស់នៅរបស់កុមារកំព្រា មានការយកចិត្តទុកដាក់ពីរដ្ឋបាលខេត្តកំពង់ធំ បានផ្តល់អាហារហូបចុក និងសម្ភារៈសិក្សាមួយចំនួនបានគ្រប់គ្រាន់។ ស្របពេលជាមួយគ្នានេះដែរលោកជំទាវ បានរៀបចំនូវ នំធុងនិងនំកញ្ចប់ សម្ភារៈសិក្សានិងថវិកាមួយចំនួនផ្ដល់ជូនដល់កុមារកំព្រា ដើម្បីឱ្យពួកគាត់ទទួលទានអាហារបានគ្រប់គ្រាន់មានសុខភាពល្អ ប្រាជ្ញាឈ្លាសវៃ និងការសិក្សាទទួលបានជោគជ័យ។ សូមក្មួយៗទាំងអស់ត្រូវតែខិតខំសិក្សារៀនសូត្រឱ្យបានពូកែ ពិសេសគឺចៀសឱ្យឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនបំផ្លាញខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល។

លោក ភិន រ៉ាមីន ប្រធានបុរីកុមារខេត្តកំពង់ធំ និងកុមារកំព្រាទាំង៤៦នាក់ និងបុគ្គលិកបម្រើការនៅមណ្ឌលកុមារកំព្រាចំនួន៦នាក់ បានថ្លែងអំណរគុណដល់លោកជំទាវ លឹម មួយស្រៀន នួនផារ័ត្ន លោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ និងក្រុមការងារខេត្ត បានជួយឧបត្ថម្ភនំ សម្ភារៈសិក្សា និងថវិកា ដល់បុរីកុមារខេត្តកំពង់ធំ ក្នុងការដោះស្រាយទុក្ខលំបាកមួយចំនួនក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខនេះ។

គួរបញ្ជាក់ផងដែរថា សម្ភារដែលទទួលបានកុមារម្នាក់ៗទទួលបានថវិកា៣០០០០រៀល ជាអំណោយរបស់ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ សៀវភៅ០២ក្បាល ប៊ិក ០២ដើម នំដានីសា០១ប្រអប់ ជាអំណោយរបស់រដ្ឋបាលខេត្ត។ អត្ថបទលោក ធូ កែវមុន្នី