(គ.ជ.អ.ប.)៖អាជ្ញាធរថ្នាក់ក្រោមជាតិអាចបំពេញតម្រូវការពលរដ្ឋគ្រប់យ៉ាង ឲ្យតែមិនខុសរដ្ឋធម្មនុញ្ញនិងច្បាប់

0

ខេត្តកំពត: ថ្លែងបិទវេទិកាថ្នាក់ខេត្ត ស្តីពីកំណែទម្រង់វិមជ្ឍការ និងវិសហមជ្ឍការ ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដែលធ្វើឡើងនៅខេត្តកំពតនៅថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានអចិន្ដ្រៃយ៍ នៃ គ.ជ.អ.ប. និងជាប្រធានក្រុមការងារបច្ចេកទេសអន្តរក្រសួងបានលើកឡើងថា វត្តមានរបស់លោក និងឯកឧត្តម លោកជំទាវ ប្រធានក្រុមប្រឹក្សាខេត្ត អភិបាល គណៈអភិបាលខេត្តទូទាំងប្រទេសនាពេលនេះ ដើម្បីសិក្សារៀនសូត្រ និងដកយកបទពិសោធ តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ឲ្យ គ.ជ.អ.ប. ដឹកនាំរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងគោលបំណង បង្ហាញពីការតាំងចិត្តខាងនយោបាយរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ក្នុងការជំរុញកិច្ចដំណើរការកំណែទម្រង់ សំដៅរួមគ្នាសម្រេចឲ្យបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០២៣០ និងឆ្នាំ២០៥០។

ឯកឧត្តម បានបន្ថែមថា ដើម្បីសម្រេចទស្សនវិស័យនេះ រាជរដ្ឋាភិបាលបានដាក់ចុះនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលទាមទាឲ្យអាជ្ញាធរថ្នាក់ក្រោមជាតិ មានការគិតគូរថ្មីៗ ដើម្បីសម្រប និងពិនិត្យមើលកំណែទម្រង់នេះ ជាមួយនឹងគោលនយោបាយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល សំដៅទាំងអស់គ្នាធ្វើដំណើរឆ្ពោះទៅ សម្រេចចក្ខុវិស័យដែលបានសន្យាជាមួយប្រជាពលរដ្ឋនៅឆ្នាំ២០៣០ និង២០៥០។

ឯកឧត្តមបានបញ្ជាក់ទៀតថា ក្នុងកំណែទម្រង់នេះ រាជរដ្ឋាភិបាលបានផ្តល់សិទ្ធ ឲ្យអាជ្ញាធរថ្នាក់ក្រោមជាតិធ្វើអ្វីក៏បាន ឲ្យតែជាត្រូវការរបស់ប្រជាពលរដ្ឋ ហើយមិនខុសរដ្ឋធម្មនុញ្ញ និងច្បាប់។ ឯកឧត្តមលើកទឹកចិត្តឲ្យអាជ្ញាធររាជធានីខេត្ត យកបទពិសោធ និងធ្វើតាមគំរូល្អៗរបស់អាជ្ញាធរខេត្តកំពតដែលបានអនុវត្តកន្លងមក។

ឯកឧត្តមម៉ៅ ធនិន អភិបាលខេត្តកំពត បានបញ្ជាក់ដែរថា វេទិកាថ្នាក់ខេត្ត ស្តីពីកំណែទម្រង់វិមជ្ឍការ និងវិសហមជ្ឍការ ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ពិតជាមានសារៈសំខាន់ក្នុងការលើកកម្ពស់អភិបាលកិច្ចល្អ ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ប្រកបដោយប្រសិទ្ធភាព បរិយាប័ន្ន និងសមធម៌សង្គម។ ឯកឧត្តមអភិបាលខេត្តបានប្តេជ្ញាខិតខំបន្តអនុវត្តឲ្យកាន់តែប្រសើរថែមទៀត។

តាមរយៈវេទិការយៈពេល១ថ្ងៃកន្លះ  បានលើកឡើងពីបញ្ហាប្រឈម សំណើរ សំណូមពរ របស់រដ្ឋបាលឃុំ សង្គាត់ ក្រុង ស្រុក និងខេត្តកំពត ចំនួន ៣៤ករណី ក្នុងនោះខេត្តបានដោះស្រាយរួច១៦ករណី និងស្នើសុំទៅថ្នាក់ជាតិដោះស្រាយ ២៦ករណី៕ សេង ណារិទ្ធ