តារាសម្តែងល្បីឈ្មោះមួយក្រុមបានចំណាយថវិកានិងពេលវេលាផលិតរឿងអប់រំខ្លីដើម្បីរួមចំណែកលើកស្ទួយវប្បធម៌ខ្មែរ

0

ភ្នំពេញ៖ ជួបដោយចៃដន្យនៅក្នុងវត្តកៀនឃ្លាំង ខណ:ពេលដែលតារាប្រុសស្រីល្បីឈ្មោះមួយក្រុមនៅកម្ពុជា កំពុងធ្វើសកម្មភាពប្រគេនចង្ហាន់ដល់ព្រះសង្ឃ ជាមួយនឹងការរាប់បាត រួមទាំងការពូនភ្នំខ្សាច់ផងនោះ តារាសម្តែងរបស់ក្រុមលោក ឡុង សុខហៀង ដែលគេបានស្គាល់ថាជាតារាចម្រៀងរបស់ផលិត​កម្មក្លាសស៊ិក និងជាប្រធានក្លឹបបង្ហាត់សិល្បៈ បានបង្ហើបប្រាប់អ្នកសារព័ត៌មានជុំវិញដំណើរការនៃការផលិតរឿងអប់រំខ្លី ដែលនិយាយអំពីក្បួនខ្នាតនៃការសំពះរបស់ខ្មែរ។

នៅក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌ដែលបានធ្វើឡើងកាលពីពេលថ្មីៗនេះ លោក ឡុង សុខហៀងបានបញ្ជាក់ពីការលះបង់ពេលវេលា និងការចំណាយថវិកាផ្ទាល់ខ្លួនដើម្បីដឹកនាំក្រុមសិល្បៈថតរឿងអប់រំរបៀបសំពះតាមប្រពៃណីខ្មែរ។

លោកបានឱ្យដឹងថា ដោយសារការស្រឡាញ់លើវិស័យសិល្បៈនិងចង់លើកស្ទួយនូវវប្បធម៌ខ្មែរផងនោះ ទើបលោកសម្រេចចិត្តលះបង់ពេលវេលា និងប្រមូលតារាសិល្បៈជាច្រើនរូប ពិសេសគឺការចំណាយថវិការផ្ទាល់ខ្លួន ដើម្បីផលិតរឿងអប់រំខ្លីដែលទាក់ទងនិងការសំពះនេះ។

ស្ថិតនៅក្នុងសម្លៀកបំពាក់ប្រពៃណីខ្មែរដ៏ស្រស់ស្អាត លោកជំទាវរីយ៉ាត្រាណេ ដែលជាតួអង្គសំខាន់នៅក្នុងរឿងអប់រំនេះ បានផ្តល់នូវបទសម្ភាសន៍ពាក់ព័ន្ធនឹងគោលបំណងនៃការផលិតរឿងអប់រំបែបខ្លីដែលនិយាយអំពីការសំពះជាដើមនេះ។

លោកជំទាវបានបញ្ជាក់ថា លោកជំទាវបានសង្កេតឃើញថា ប្រជាពលរដ្ឋខ្មែរពិសេសយុវជនជំនាន់ក្រោយអត់សូវយល់ដឹងអំពីរបៀបនៃការសំពះរបស់ខ្មែរឱ្យបានត្រឹមត្រូវឡើយ ដូច្នេះការបង្កើតរឿងអប់រំនេះក៏បានឆ្លុះបញ្ជាំងឱ្យកូនខ្មែរ និងអ្នកសិល្បៈជាច្រើនទៀតបានដឹងថា ខ្មែរយើងមានរបៀបសំពះយ៉ាងល្អប្រពៃ និងមានភាពទន់ភ្លន់ សុភាពរាបសារ មានសុជីវធម៌ និងចេះរគោរព​គ្នាទៅវិញទៅមក។

ក្រៅពីការចូលរួមសម្តែងពីលោកជំទាវរីយ៉ាត្រាណេ នៅក្នុងរឿងបែបអប់រំខ្លីនេះ គេក៏សង្កេតឃើញមានការចូលរួមសម្តែងពីតារាជាច្រើនរូបទៀត។

យ៉ាងនេះក្តីបើតាមតារាសម្តែងម្នាក់ទៀត លោក កង ពិសិដ្ឋ បានឱ្យដឹងថា លោកមានអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំងដែល លោក ឡុង សុខហៀងផ្តល់ឱកាសឱ្យលោកបានចូលរួមសម្តែងនៅក្នុងរឿងអប់រំខ្លីនេះ។ លោកបន្តថា ពីមុនមកលោកមិនបានដឹងអំពីរបៀបសំពះដែលត្រឹមត្រូវរបស់ខ្មែរដែរ ប៉ុន្តែនៅពេលបានចូលរួមសម្តែងរួចមក លោកបានដឹងថារបៀបសំពះរបស់ខ្មែរគឺមានច្រើនបែបច្រើនយ៉ាង។

មិនខុសគ្នាពីតារាសម្តែង កង ពិសិដ្ឋនោះទេ ប៉ុន្តែបើតាមតារាសម្តែងម្នាក់ទៀត ដែលមានទឹកមុខពោរពេញទៅដោយមនោសច្ចេតនាលោក លី ប៊ុនថុន បានឱ្យដឹងដែរថា យុវជន និងតារាសិល្បៈគួរស្វែងយល់ពីរបៀបសំពះរបស់ខ្មែរឱ្យបានគ្រប់ៗគ្នា ព្រោះបើកូនខ្មែរបានចេះប្រើប្រាស់នូវរបៀបសំពះដែលត្រឹមត្រូវហើយនោះគឺអាចលើកស្ទួយតម្លៃក្នុងនាមជាកូនខ្មែរបានមួយកម្រិតទៀត។

បន្ថែមពីនេះតារាសម្តែងស្រស់សង្ហាវ័យក្មេងម្នាក់ទៀត ផូ​ លំផាត់ បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ពិសេសគឺយុវជនជំនាន់ក្រោយត្រូវសិក្សាស្វែងយល់អំពីរបៀបសំពះរបស់ខ្មែរ ពិសេសសូមជួយចូលរួម គាំទ្រនូវការផលិតវិដេអូអប់រំខ្លីនេះ ​តាមរយៈការជួយ like និង share ឬការចែករំលែក តៗគ្នា ដើម្បីឱ្យកូនខ្មែរបានដឹងពីរបៀបសំពះតាមក្បួនច្បាប់ដែលខ្មែរមាន។

សូមបញ្ចាក់ថា ការសំពះត្រូវបានធ្វើឡើងដើម្បីបង្ហាញនូវភាវកិច្ច ការគោរពគ្នាទៅវិញទៅមក និងការស្តែងចេញនូវសុជីវធម៌របស់មនុស្សម្នាក់ៗ។ គ្រប់គ្នាតែងបានដឹងអំពីការលើកដៃសំពះ ប៉ុន្តែអ្នកដែលបានយល់ដឹងអំពីរបៀបនៃការសំពះត្រឹមត្រូវគឺនៅមានចំនួនតិចតួចណាស់ ដូច្នេះតាមរយះការផលិតជាវិដេអូអប់រំខ្លីមួយនេះ ក្រុមអ្នកផលិតមានក្តីរំពឹងថា វានឹងអាចជួយដាស់តឿនស្មារតីដល់កូនខ្មែរឱ្យងាកមកចាប់ អារម្មណ៍នូវទម្លាប់នៃការសំពះដែលត្រឹមត្រូវ ហើយរក្សាបាននូវគំរូដ៏ផូរផង់នេះឱ្យបានខ្ជាប់ខ្ជួនរហូតទៅ។

សម្រាប់វិដេអូខ្លីដែលនិយាយអំពីរបៀបនៃការសំពះនេះដែរក៏បាន post នៅលើប្រព័ន្ធផ្សព្វផ្សាយនៅក្នុងបណ្តាញសង្គមជាច្រើនដូចជា៖https://www.facebook.com/profile.php?id=100063674255390&sk=reels_tab https://youtu.be/PRNn0hsL6rg?si=xeEGJ93GpcsqtmT_ និងនៅក្នុងប្រព័ន្ធ TiK ToK ជាដើម។ល។

ជាមួយគ្នានេះក្រុមអ្នកផលិតនូវមាតិកានេះសង្ឃឹមថា ប្រជាពលរដ្ឋនិងយុវជន នឹងចូលរួមគាំទ្រលើកស្ទួយនូវតម្លៃនៃវប្បធម៌ខ្មែរមួយនេះទាំងអស់គ្នា៕​