ភ្នំពេញ៖ ក្រសួងសាធារណការនិងដឹកជញ្ជូន កាលពីពេលថ្មីៗនេះ បានបញ្ជាក់ថា ក្រុមការងារបច្ចេកទេសនៃក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ចប់ការសិក្សាលម្អិត និងបានចុះធ្វើការវាយតម្លៃយ៉ាងស៊ីជម្រៅអំពីផលប៉ះពាល់ជាក់ស្តែងនៃគម្រោងលើប្រជាពលរដ្ឋ និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនានា។
យោងតាមសេចក្តីបំភ្លឺព័ត៌មានរបស់ក្រសួងសាធារណការបានឱ្យដឹងថា សម្រាប់ផលប៉ះពាល់អាចមានលើដីកសិកម្មសរុបមានចំនួន ៣.៤៦៩ហិកតា ក្នុងនោះដីស្រែចំនួន២.៧៧៥ហិកតា និងដីដំណាំចំនួន ៥៥៥ហិកតាជាដើម។
នៅក្នុងរបាយការណ៍ដដែលក៏បានបញ្ជាក់ដែរថា ក្រុមការងារបច្ចេកទេសនៃក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ចប់ការសិក្សាលម្អិត និងបានចុះធ្វើការវាយតម្លៃយ៉ាងស៊ីជម្រៅអំពីផលប៉ះពាល់ជាក់ស្តែងនៃគម្រោងលើប្រជាពលរដ្ឋ និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនានា ហើយលទ្ធផលនៃការសិក្សាតាមបែបវិទ្យាសាស្រ្តបានបង្ហាញថា ផលប៉ះពាល់លើលំនៅឋានរបស់ពលរដ្ឋសរុបមានចំនួន ២.៣០៥ខ្នងផ្ទះ/គ្រួសារ គិតជាផ្ទៃដីលំនៅឋានមានចំនួន ១៨០ហិកតា ហើយមានពលរដ្ឋដែលនឹងរងផលប៉ះពាល់សរុបចំនួន ១១.៥២៥នាក់។
បន្ថែមពីនេះ ក្នុងចំណោមលំនៅឋានសរុប ២.៣០៥ខ្នងផ្ទះ/គ្រួសារនេះ មានតែចំនួ៍ន ៤០០ខ្នងផ្ទះ/គ្រួសារ ដែលនឹងរងផលប៉ះពាល់ទាំងស្រុង រីឯចំនួន ១.៩០៥ខ្នងផ្ទះ/គ្រួសារដទៃទៀតនឹងរងផលប៉ះពាល់តែលើផ្នែកមួយចំនួននៃលំនៅឋានដូចជា របង ដំបូល ជញ្ជាំង អណ្តូងទឹក ឬជំរកសត្វចិញ្ចឹមជាដើម។
ទន្ទឹមនឹងនេះ ក្រុមការងារបច្ចេកទេសក៏បានធ្វើការសិក្សាលម្អិតនិងវាយតម្លៃស៊ីជម្រៅបែបវិទ្យាសាស្រ្តលើផលប៉ះពាល់បរិស្ថាន និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដោយលទ្ធផលបានបង្ហាញថា ពុំបង្កឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន និងប្រជាពលរដ្ឋឡើយ៕