អភិបាលខេត្តកំពង់ធំ អំពាវនាវប្រជាពលរដ្ឋមូលដ្ឋានត្រូវរក្សាទំនៀមទំលាប់ប្រពៃណីអ៊ុំទូករបស់ខ្លួនឱ្យបានគង់វង្ស

0

កំពង់ធំ ÷ ឯឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងលោកជំទាវបានធ្វើការអំពាវនាវដូច្នេះនៅក្នុងឱកាសដែលឯកឧត្តម រដ្ឋបាលស្រុកស្ទោង និងព្រះគ្រូចៅអធិការ លោកអាចារ្យ គណកម្មការវត្តករណីដើម អាជ្ញាធរមូលដ្ឋាន បានអញ្ជើញ និងមន្តជាអធិបតីភាពក្នុងពិធីបិទការប្រណាំងទូកលក្ខណៈប្រពៃណីរបស់ស្រុកស្ទោង នៅវត្តករណីដើម ឃុំកំពង់ចិនត្បូង នារសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៤នេះ។

នៅក្នុងពិធីដ៏រីករាយនេះ ឯកឧត្តមបានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាដែលសម្ដេច និងលោកជំទាវតែងតែគិតគូរយកចិត្តទុកដាក់ដល់សុខទុក្ខសុខុមាលភាពពុកម៉ែបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានគ្រប់ពេលវេលា។

ទន្ទឹមនឹងនេះឯកឧត្តម ក៏មានមោទកភាពក្រៃលែងជាមួយប្រជាពលរដ្ឋនៅក្នុងស្រុកស្ទោង ក្រោមការចុះជួយគិតគូរយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម
ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម ជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង ដែលបានរួបរួមសហការនិងអភិវឌ្ឍមូលដ្ឋានជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសប្រព័ន្ធធារាសាស្ត្រ និងសំណង់សិល្បការណ៌ជាច្រើនស្អេកស្កះនៅក្នុងស្រុកស្ទោង។

ឯកឧត្តមបានបញ្ជាក់បន្ថែមថា ការអុំទូកប្រណាំងលក្ខណៈប្រពៃណីរបស់អ្នកស្រុកស្ទោងលើសពីការរក្សានូវទំនៀមទម្លាប់ប្រពៃណីគឺជាការរួបរួមសាមគ្គីគ្នា រវាងប្រជាពលរដ្ឋក្នុងមូលដ្ឋាននិងអាជ្ញាធរថ្នាក់ដឹកនាំស្រុកស្ទោង ជាពិសេស ជាមួយឯកឧត្តមអភិបាលខេត្តកំពង់ធំ និងលោកជំទាវ ដែលឯកឧត្តមបានអញ្ជើញចូលរួមទស្សនាកំសាន្តសប្បាយ និងជាអធិបតីក្នុងការ បិទការប្រណាំងទូកនៅពេលនេះ និងការអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌជារៀងរាល់ឆ្នាំឱ្យកាន់តែអធិកអធមថែមទៀត។

សូមបញ្ជាក់ថា ទូកអុំដែលត្រូវប្រណាំងបានចូលរួមកំសាន្តនៅឆ្នាំនេះមានចំនួន៤៧ទូក ហើយទូកនីមួយៗទទួលបាននូវអំណោយជាគ្រឿងឧបភោគបរិភោគមួយចំនួន និងទឹកប្រាក់ ២០ម៉ឺនរៀល ពីអភិបាលខេត្តកំពង់ធំ ព្រះគ្រូចៅអធិការនិងគណៈកម្មការវត្តករណីដើម និង អភិបាលស្រុកស្ទោងផងដែរ៕ អត្ថបទ វេហាស៍