ខេត្តរតនគិរី៖ នៅទូទាំងខេត្តរតនគិរី មានបេក្ខជន ១ពាន់ ៧២២នាក់ ក្នុងចំណោមនោះ មានស្រី ៨៧៥នាក់ ដែលបានចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៤ ខណៈការប្រឡងបាន និងកំពុងប្រព្រឹត្តនៅទូទាំងប្រទេស នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤នេះ ប្រកបដោយភាពល្អប្រសើរ។
ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តរតនគិរី លោក ខាត់ សាម៉ាល់ បានឱ្យដឹងថាដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជា សម្រាប់ខេត្តរតនគិរី សម័យប្រឡងថ្ងៃទី៨-៩ឆ្នាំ២០២៤ មានបេក្ខជនចូលរួមប្រឡង សរុប ១ពាន់ ៧២២នាក់ ស្រី ៨៧៥នាក់ ក្នុងនោះ ជនជាតិដើមភាគតិច ៤៧.២១% មាន០៣ មណ្ឌលប្រឡង រួមមាន៖ ១.មណ្ឌលប្រឡងអនុវិទ្យាល័យប៊ូថង ទេសអន្លុង ថ្នាក់វិទ្យាសាស្ត្រ ចំនួន១០បន្ទប់ មានបេក្ខជន ២៣០នាក់ ស្រី១៤០នាក់ ,២.មណ្ឌលប្រឡងវិទ្យាល័យសម្តេចឪ សម្តេចម៉ែ ថ្នាក់វិទ្យាសាស្ត្រសង្គម ចំនួន ៣២បន្ទប់ មានបេក្ខជន ៨០០នាក់ ស្រី៤០៤នាក់ និង៣. មណ្ឌលប្រឡងវិទ្យាល័យហ៊ុនសែន ភូមិថ្មី ថ្នាក់វិទ្យាសាស្ត្រសង្គម ចំនួន ២៨បន្ទប់ មានបេក្ខជនសរុប ៦៩២នាក់ ស្រី៣៣១នាក់។
លោកប្រធានមន្ទីរបានបន្តថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៤នេះ មិនខុសគ្នានឹងឆ្នាំមុនៗនោះទេ បេក្ខជន បេក្ខនារីទាំងអស់ បានចូលក្នុងបន្ទប់ប្រឡងរៀងៗខ្លួន នៅតាមមណ្ឌលប្រឡង ដោយមានការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់យ៉ាងយកចិត្តទុកដាក់ ពីគណៈកម្មការអនុរក្ស និងក្រោមការពិនិត្យដោយអង្គភាពប្រឆាំងអំពើពុករលួយ មុននឹងឱ្យចូលក្នុងបន្ទប់ប្រឡង សំដៅធានាថា បេក្ខជន បេក្ខនារីទាំងអស់ មិនមានឱកាសបានយកសំណៅឯកសារ ព្រីយ៉ុង ឬម៉ាស៊ីនគិតលេខ ទូរស័ព្ទ ចូលក្នុងបន្ទប់ប្រឡងបានដាច់ខាត។
ដោយឡែក នៅក្រៅបរិវេណមណ្ឌលប្រឡង គេឃើញមានក្រុមស.ស.យ.ក. ខេត្តបានជួយរៀបចំកន្លែងផ្ញើម៉ូតូដោយមិនគិតថ្លៃ និងមានកងកម្លាំងនគរបាល អាវុធហត្ថ ក្រុមគ្រូពេទ្យ ក៏មានវត្តមាន នៅមណ្ឌលប្រឡងទាំង ៣នោះ ផងដែរ។
អភិបាលខេត្តរតនគិរី ឯកឧត្តម ញ៉ែម សំអឿន ដែលបានអញ្ជើញចូលរួមបើកកញ្ចប់វិញ្ញាសាប្រឡង នៅមណ្ឌលប្រឡងវិទ្យាល័យសម្តេចឪ-សម្តេចម៉ែ នៅព្រឹកថ្ងៃអង្គារទី៨តុលានេះ បានលើកទឹកចិត្តដល់ក្មួយៗដែលជាបេក្ខជន បេក្ខនារីទាំងអស់ ត្រូវខិតខំធ្វើឱ្យអស់ពីលទ្ធភាព និងចូលរួមថែទាំសុខភាពឱ្យបានល្អ សម្រាកឱ្យបានគ្រប់គ្រាន់ និងជូនពរប្រឡងជាប់និទ្ទេសល្អៗទាំងអស់គ្នា។
ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវដល់បេក្ខជនទាំងអស់ ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡងឱ្យបានល្អប្រសើរ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួន នូវឧបករណ៍អេឡិចត្រូនិចគ្រប់ប្រភេទ ចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ ក្នុងករណីរកឃើញថាបានប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ បេក្ខជននឹងត្រូវបានកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ មានន័យថា អ្នកចេះ គឺជាប់៕ដោយ៖ឡុង សំបូរ