បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ផ្សព្វផ្សាយផែនការការពារសន្តិសុខសុវត្ថិភាព ក្នុងពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក សំពះព្រះខែ នៅខេត្តកំពង់ធំ

0

កំពង់ធំ៖ នៅក្នុងពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែឆ្នាំនេះ ដែលនឹងប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅខេត្តកំពង់ធំ បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំបានបង្កើនកិច្ចការពារសន្តិសុខ និងសុវត្ថិភាពយ៉ាងច្បាស់លាស់ ដើម្បីធានាថាពិធីនេះអាចប្រារព្ធបានដោយគ្មានហានិភ័យចំពោះសុវត្ថិភាពរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ កិច្ចប្រជុំនេះ បានធ្វើឡើង នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានលើកឡើងថា ដើម្បីធានាថា កិច្ចការពារសន្តិសុខសុវត្ថិភាពនេះប្រព្រឹត្តទៅបានសម្រេចល្អ បញ្ជាការដ្ឋានបានត្រៀមលក្ខណៈវិធានការ ព្រមទាំងបញ្ជាឱ្យមានការត្រួតពិនិត្យយ៉ាងតឹងរឹងលើក្រុមជួយសង្គ្រោះ និងកម្លាំងសន្តិសុខដែលត្រូវចូលរួមសហការជាមួយក្រសួងនានា នេះជាមានន័យថា កម្លាំងសន្តិសុខជាតិ នឹងការពារចំណត បើកបរ និងការធានាអនុលោមនានា ដើម្បីកុំឲ្យមានហានិភ័យនានាប្រឈមទៅនឹងប្រជាពលរដ្ឋ ដែលបានចូលរួមក្នុងពិធីបុណ្យ។

វរសេនីយ៍ទោ ស៊ុន សារិន នាយការិយាល័យទី៣ បានបញ្ជាក់ពីបទបញ្ជារបស់ឯកឧត្តមឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤  បទបញ្ជារបស់ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងផែនការជាក់ស្ដែងរបស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ដីពីការប្រើប្រាស់កម្លាំង និងការបែងចែកភារកិច្ចទទួលខុសត្រូវតាមតំបន់នីមួយៗ ជូនបណ្ដាកងឯកភាព ដែលមានការពាក់ព័ន្ធ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បាន បញ្ជាក់ថា ពិធីបុណ្យ និងប្រព្រឹត្តទៅ នៅថ្ងៃទ១៦ និងទី១៧ ខែតុលា ឆ្នាំ២០២៤ ដោយមានការប្រណាំងទូក៦៤ ទូក ក្នុងនោះមានប្រភេទទូក ង ៩ ទូក ប្រភេទទូកខ្នាតអន្តរជាតិចំនួន៤០ ទូក និងទូកផ្កាចារ១៥ ទូក និងមានការបាញ់កាំជ្រួច នៅមាត់ស្ទឹងសែនក្នុងទីរួមខេត្តកំពង់ធំ ដើម្បីអបអរសាទរប្រកបដោយភាពអធិកអធម ជូនប្រជាជនសប្បាយរីករាយ ក្រោមដំបូលសុខសន្តិភាព និងការអភិវឌ្ឍ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំ បណ្ដាកងឯកភាព មានភារកិច្ចត្រូវសហការអនុវត្តឱ្យបានត្រឹមត្រូវតាមផែនការ ការពារឲ្យបានសន្តិសុខសុវត្ថិភាព រយះពេល៣ថ្ងៃ នឹងពេលយប់ ដើម្បីបង្កលក្ខណៈងាយស្រួលគ្រប់បែបយ៉ាងជូនភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ចូលរួមក្នុងពិធីបុណ្យ ខេត្តកំពង់ធំ។ដោយ ប៊ុន​ រដ្ឋា