កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្ដម អ៊ុន ចាន់ដា បានអះអាងថា យើងត្រូវរួមគ្នាបន្តធ្វើការអភិវឌ្ឍឱ្យបានជារៀងរាល់ឆ្នាំ ប្រកបដោយនិរន្តភាព ចីរភាព បរិស្ថាន ធនធានធម្មជាតិ អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច ធ្វើយ៉ាងណាឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទាំងអស់មានភាពប្រសើរឡើង ទាំងប្រាក់
ចំណូលគ្រួសារ ទាំងសុខុមាលភាព និងការងារអប់រំសិក្សាធិការជាមូលដ្ឋាន។ ការថ្លែងបែបនេះក្នុងវេទិកា ពិគ្រោះយោបល់ និងផ្សព្វផ្សាយសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគ បីឆ្នាំរំកិល ២០២៥-២០២៧ របស់រដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ នៅមន្ទីរផែនការខេត្តកំពង់ចាម ។
ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា កម្មវិធី វិនិយោគបីឆ្នាំរំកិល (២០២៥-២០២៧) របស់រដ្ឋបាលខេត្ត ក្រុង ស្រុក, ឃុំ-សង្កាត់ យើងសង្កេតឃើញថា សំណើគម្រោងកម្មវិធីវិនិយោគរបស់រដ្ឋបាលខេត្តមានចំនួន ៤៨៩គម្រោង សំណើគម្រោងវិនិយោគក្រុង ស្រុកមាន ចំនួន ៧៧៩គម្រោង និងសំណើគម្រោងវិនិយោគឃុំ សង្កាត់មាន ចំនួន ៤,៣៩២គម្រោង ដែលជាតម្រូវការអាទិភាពកំពុងស្វែងរកថវិកាគាំទ្រសម្រាប់អនុវត្តឆ្នាំ២០២៥។
ឯកឧត្ដមអភិបាលខេត្ត បានសង្កត់ធ្ងន់ថា គម្រោងវិនិយោគកំពុងដំណើរការ គម្រោងមានការសន្យាគាំទ្រ និងគម្រោងមិនទាន់មានការសន្យាគាំទ្រ ដែលនៅក្នុងសិក្ខាសាលាសមាហរណកម្មនាពេលនេះ គឺជាផែនការសម្រាប់អនុវត្តនៅឆ្នាំ២០២៥-២០២៧ សំណូមពរលោក លោកស្រីប្រធាន មន្ទីរ-អង្គភាពជុំវិញខេត្ត, លោកអភិបាលក្រុង-ស្រុក និងអង្គការមិនមែនរដ្ឋាភិបាល ធ្វេីយ៉ាងណាត្រូវជំរុញការអនុវត្តគម្រោងនីមួយៗ ឱ្យចប់តាមកាលកំណត់ ។
ជាមួយគ្នានោះ ឯកឧត្ដម អ៊ុន ចាន់ដា ក៏បានស្នេីដល់អង្គភាពជុំវិញខេត្ត, អង្គការមិនមែនរដ្ឋាភិបាល និងដៃគូរអភិវឌ្ឍន៍ សូមប្រើប្រាស់ឱ្យអស់លទ្ធភាព នូវធនធានដែលបានពីថ្នាក់ជាតិតាមរយៈក្រសួង ស្ថាប័ន ឬ ពីដៃគូរនានា បន្តផ្តល់ការគាំទ្រគម្រោងសកម្មភាព អាទិភាពរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់បន្ថែមទៀត។ ដោយឡែកលោកអភិបាលក្រុង-ស្រុក ត្រូវពិនិត្យមើលលើគម្រោងអាទិភាពរបស់ឃុំ-សង្កាត់ ដែលបានដាក់ក្នុងសិក្ខាសាលាសមាហរណកម្ម និងពិនិត្យឡើងវិញ ថាតើគម្រោង ណាខ្លះបានទទួលការគាំទ្រ និងគម្រោងណាខ្លះដែលមិនទាន់ទទួលបានការគាំទ្រ ត្រូវប្រើប្រាស់មូលនិធិរបស់រដ្ឋបាលក្រុង ស្រុក ដើម្បីដោះស្រាយបញ្ហាជាអាទិភាព របស់ប្រជាជនផងដែរ ៕