(កំពង់ធំ): នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បើកកិច្ចប្រជុំត្រួតពិនិត្យការងាររៀបចំពិធីប្រណាំងទូកក្នុងខេត្តកំពង់ធំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦-១៧ ខែតុលា ខាងមុខនេះ នៅតាមបណ្ដោយដងស្ទឹងសែន ក្នុងក្រុងស្ទឹង សែនខេត្តកំពង់ធំ ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ក៏ដូចជាបង្កនូវបរិយាកាសជូនបងប្អូនប្រជាពលរដ្ឋបានទស្សនាកម្សាន្តប្រកបដោយភាពសប្បាយរីករាយ។
នៅក្នុងឱកាសនោះដែរ ឯកឧត្តម នួន ផារ័ត្ន ថ្លែងថា កិច្ចប្រជុំនេះ សំដៅធ្វើយ៉ាងណាឱ្យព្រឹត្តិការណ៍ប្រណាំងទូកនៅខេត្តកំពង់ធំ ប្រកបដោយសន្តិសុខ សណ្ដាប់ធ្នាប់ និងមានរបៀបរៀបរយល្អ ជាពិសេសធានាបាននៅសុវត្ថិភាពល្អ និងកម្មវិធីប្រព្រឹត្តទៅដោយរលូន ។
ឯកឧត្តមបានបន្តទៀតថា គណៈកម្មការរៀបចំពិធីប្រណាំងទូកទាំងអស់ សូមអនុវត្តការងារតាមតួនាទីរៀងៗខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ ជាពិសេសការរៀបចំតុបតែងលម្អសោភ័ណភាពក្នុងក្រុងឲ្យបានស្អាត បរិស្ថាន អនាម័យ និងការរៀបចំសន្តិសុខសម្រាប់ធ្នាប់សាធារណៈឱ្យមានរបៀបរៀបរយ។
សូមបញ្ជាក់ផងដែរថា រដ្ឋបាលខេត្តមានការតុបតែងភ្លើងចម្រុះពណ៌កែលម្អឱ្យមានសោភ័ណភាព បាញ់កាំជ្រួច ការប្រគុំតន្រ្តី ការដាក់តាំងលក់ផលិតផល និងម្ហូបអាហារ ជាច្រើនប្រភេទចង់បង្ហាញពីសមទ្ធិផលមួយចំនួន។ ទូកដែលត្រូវចូលរួមប្រកួតនៅថ្ងៃទី១៦-១៧មានទូក÷ ១.ទូកផ្កាចារ ១៤ទូក ២.ទូកខ្នាតអន្តជាតិ៤០ទូក ៣.ទូកង ៩០ទូកផងដែរ។