ក្បួនយុទ្ធដំណើរទ័ព របស់កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ ត្រូវបានបិទបញ្ចប់ ប្រកបដោយជោគជ័យ

0

(ខេត្តកំពង់ធំ)៖ ក្បួនយុទ្ធដំណើរទ័ព ដោយថ្មើជើងរយៈពេល ២យប់២ថ្ងៃ ក្នុងចម្ងាយផ្លូវ ១៧គីឡូម៉ែត្រ ដោយត្រូវឆ្លងកាត់ឧបសគ្គផ្សេងៗ តាមផ្លូវធ្វើដំណើរ ក្នុងភូមិសាស្ត្រព្រៃឡង់  របស់កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ ត្រូវបានបិទបញ្ចប់នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ នៅតំបន់ព្រៃសហគមន៍អូរក្រញូងស្ថិតក្នុងឃុំមានរិទ្ធ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។

លោកវរសេនីយ៍ទោ​ ថនសុី​ សក្តា​ អនុ​ប្រធាន​អចិន្ដ្រៃយ៍​នៃ​គណៈកម្មការ​គ្រប់គ្រង​វគ្គ​ហ្វឹកហ្វឺន​ និង​ជា​មេ​បញ្ជាការ​រង​ដឹកនាំ​ក្បួន​យុទ្ធ​ដំណើរ​ទ័ព​ បានឡើងរាយការណ៍បញ្ជាក់ថា ក្នុងការស្នាក់នៅអស់រយះពេល២យប់ និងការធ្វើដំណើររយៈពេល ២ថ្ងៃ របស់កងកម្លាំងទាំងអស់ ដោយត្រូវឆ្លងកាត់គ្រប់ឧបសគ្គនៅតាមដងផ្លូវ  តែកងកម្លាំងរបស់យើង បានគោរពវិន័យយ៉ាងម៉ឺងម៉ាត់ និងអនុវត្តនូវបទបញ្ជាក្នុងពេលប្រយុទ្ធវាយបកខ្មាំង ក្នុងពេលខ្មាំងវាយពួនស្ទាក់យុទ្ធដំណើររបស់កងទ័ពយើង តាមផែនការហ្វឹកហ្វឺន ដែលបានគ្រោងទុក ដោយទទួលបានជោគជ័យ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរចំពោះកងកម្លាំងទាំងអស់របស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលអនុវត្តបានល្អក្នុងយុទ្ធដំណើរទ័ព តាមផែនការ ដែលបានកំណត់។

ជាមួយនោះដែរឯកឧត្តមមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក៏បានថ្លែងនូវការកោតសរសើរចំពោះកងកម្លាំងយុទ្ធដំណើររបស់យើង ដែលបានអនុវត្តល្អនូវយុទ្ធវិធីវាយបកខ្មាំង ក្នុងពេលដែលខ្មាំងវាយពួនស្ទាក់កម្លាំងយុទ្ធដំណើររបស់កងទ័ពយើង ដោយទទួលបានជោគជ័យតាមផែនការហ្វឹកហ្វឺន ដែលបានគ្រោងទុក ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានគូសបញ្ជាក់បន្ថែមទៀតថា ការហ្វឹកហ្វឺនយុទ្ធដំណើរទ័ពរបស់យើងប្រចាំឆ្នាំ ២០២៤នេះ គឺសំដៅឲ្យកងទ័ពរបស់យើង ស្ទាត់ជំនាញលើផែនទី ត្រីវិស័យ និងភូមិសាស្ត្រជាក់ស្ដែង ជាមួយនោះដែរធ្វើឲ្យកងទ័ពយើងមានកាយសម្បទារឹងមាំ មានបទពិសោធន៍ក្នុងការស្នាក់នៅ និងការយុទ្ធដំណើរឆ្លងកាត់ឧបសគ្គផ្សេងៗតាមដងផ្លូវ  ហើយបានស្គាល់ភូមិសាស្ត្រជាក់ស្ដែង ដើម្បីបន្តការចូលរួមចំណែកក្នុងការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ឱ្យមានប្រសិទ្ធភាពតាមបទបញ្ជារបស់សម្ដេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានប្រគល់ភារកិច្ចសំខាន់ៗចាំបាច់មួយចំនួន ជូនដល់កងកម្លាំងទាំងអស់ ដែលត្រូវអនុវត្តបន្ត ក្រោយពេលបញ្ចប់យុទ្ធដំណើរទ័ព និងក្រោយពេលបិទវគ្គហ្វឹកហ្វឺនប្រចាំឆ្នាំ២០២៤ ក្នុងពេលវិលត្រឡប់ទៅអង្គភាពវិញនៅពេលខាងមុខ ត្រូវអនុវត្តនូវភារកិច្ចសំខាន់ៗ ដែលបានប្រគល់ជូន ដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការសម្រេចភារកិច្ចរបស់អង្គភាព តាមផែនការ ដែលថ្នាក់លើបានប្រគល់ជូន។ អត្ថបទ វហាស៍