ព្រះគ្រូចៅអធិការវត្តស្វាយរមៀតចែកស្បៀងអាហារដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត និងចាស់ជរាចំនួន៤០គ្រួសាររស់នៅក្នុងសង្កាត់ទឹកវិល

0

សៀមរាបៈ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤នេះព្រះសច្ចានុបាល នឿម វុទ្ធី ព្រះគ្រូចៅអធិការវត្តស្វាយរមៀត ព្រមទាំងព្រះរាជាគណៈ ព្រះគ្រូ ព្រះចៅអធិការក្នុងក្រុងសៀមរាប និងអាជ្ញាធរមូលដ្ឋានបានចែកជូនស្បៀងអាហារ ដល់គ្រួសារមានជីវភាពខ្វះខាត និងចាស់ជរាចំនួន៤០គ្រួសារ នៅភូមិបន្ទាយឈើ សង្កាត់ទឹកវិល ក្រុងសៀមរាបខេត្តសៀមរាប ។ ព្រះសច្ចានុបាល នឿម វុទ្ធី បានមានថេរៈដីកាថា អំណោយទាំងនេះកើតចេញពីទឹកចិត្តសទ្ធា ជ្រះថ្លារបស់ព្រះសង្ឃដូចនេះគ្រួសារដែលទទួលបានការឧបត្ថម្ភនេះត្រូវយកទៅបរិភោគប្រើប្រាស់ក្នុងផ្លូវល្អឱ្យមានកម្លាំង មានសុខភាពល្អ និង ខិតខំប្រឹងប្រែងស្វែងរកទ្រព្យបន្ថែមទៀត ពីព្រោះការជួយ នេះមិនអាចដោះស្រាយបញ្ហាខ្វះខាតបានទាំងស្រុងទេ ពោលគឺវាគ្រាន់តែបានជួយដោះស្រាយមួយ រយៈពេលខ្លីប៉ុណ្ណោះ។ ជាមួយគ្នានេះ ព្រះអង្គក៏បានជំរុញ និងលើកទឹកចិត្តឱ្យបង
ប្អូនយកកូនទៅរៀនសូត្រព្រមទាំងជួយបង្ហាត់បង្រៀនកូនៗបន្ថែមនៅផ្ទះពីព្រោះមានតែការសិក្សាទេដែលអាចជួយឱ្យ យើងអាចរួចផុតពីភាពក្រីក្របាន ។
ព្រះធម្មានុរ័ក្ខញាណ ស៊ុ ពិសិទ្ធ ព្រះសមុហ៍ គណខេត្តសៀមរាប បានមានថេរដីកាថា នៅកម្ពុជាវិស័យពុទ្ឋចក្រ និងអាណាចក្រតែងតែដើរទន្ទឹមគ្នា និង ផ្សារភ្ជាប់ការងារសង្គមជាមួយគ្នាគ្រប់កាលៈទេសៈ។ ព្រះតេជគុណបន្តថា ក្នុងជីវិតយើងម្នាក់ៗរមែងជួបនូវទុក្ខលំបាក និងសេចក្តីសុខ មិនអាចចៀសរួចឡើយគ្រាន់តែទំហំទុក្ខនិងសេចក្តីសុខនោះវាខុសគ្នាទៅតាមផលបុណ្យរបស់យើងរៀងៗខ្លួន ហេតុនេះយើងម្នាក់ៗបើចង់រួចផុតពីសេចក្តីទុក្ខលំបាកគឺត្រូវខំប្រឹងព្យាយាម ធ្វើស្រែចម្ការ ដាំដុះ ប្រកបរបរផ្សេងៗកុំទំនេរដៃ ដោយមិនត្រូវគិតថាត្រជាក់ពេក ក្តៅពេក ភ្លៀងពេក ធ្វើអ្វីមិន កើតនោះទេ។ហើយការផ្តល់ជាគ្រឿងឧភោគបរិភោគរបស់ព្រះសង្ឃនៅពេលនេះ គឺជាការចូលរួមជា មួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយទៅដល់ប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាក។ ពុទ្ធបរិស័ទ ទាំងអស់ គឺមិត្តរួមជាតិ រួមសាសន៍ រួមទុក្ខ រស់នៅក្រោមម្លប់នៃព្រះពុទ្ធសាសនា ដូច្នេះនៅពេល ដែលពុទ្ធបរិស័ទជួបទុក្ខលំបាក ព្រះសង្ឃត្រូវតែខ្វល់ខ្វាយជួយជ្រោមជ្រែងញោមញាតិ និងចូលរួមការ រំលែកទុក្ខរបស់ពុទ្ធបរិស័ទជាការបង្ហាញពីការអាណិតអាសូរក្នុងនាមជាមិត្តរួមជាតិ រួមសាសន៍ជាមួយ គ្នា។លោក ឆោម ឈឿត ចៅសង្កាត់ទឹកវិល ក្រុងសៀមរាប បានថ្លែងអំណរព្រះគុណនិងអរគុណ ចំពោះទឹកចិត្ត ព្រះសង្ឃក្រុងសៀមរាប ដែលបានយកចិត្តទុកដាក់និងគិតគូរពីសុខទុក្ខនិងការលំបាករបស់គ្រួសារខ្វះខាតនៅមូលដ្ឋាននេះជាសកម្មភាពមនុស្សធម៌ជួយចែករំលែកដល់អ្នកកំពុងមានតម្រូវការចាំបាច់ក្នុងជីវភាពប្រចាំថ្ងៃពិតប្រាកដមែន៕