ខេត្តបាត់ដំបង : រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បាតភ្នំព្រឹក ដែលជាតំបន់សម្បូរទៅដោយរ៉ែមាស ស្ទើរតែប្រហោងគ្រប់ទីកន្លែងទៅហើយ ដោយសារតែក្រុមហ៊ុនរ៉ែមាសរបស់ចិនបានចោះ ខួង បំផ្ទុះគ្រាប់ ស្ទើរគ្រប់ទីកន្លែង ដើម្បីទាញយករ៉ែមាសដោយមិនបានគិតគូអំពីផលប៉ះពាល់ ដល់ផលដំណាំ ដីលំនៅឋាន ពិសេសគឺសុខភាពរបស់ប្រជាពលរដ្ឋ ដែលរស់នៅជុំវិញតំបន់នោះឡើយ។
គួរបញ្ជាក់ដែរថា កន្លងមកក៏មានប្រជាពលរដ្ឋមួយចំនួនបានផ្ដិតមេដៃដាក់ពាក្យប្ដឹងទៅអាជ្ញាធរមូលដ្ឋាន ពិសេសទៅមន្ទីរជំនាញ ដើម្បីឲ្យជួយអន្តរាគមន៍ ទៅលើក្រុមហ៊ុនចិន ភូ យ៉ាង ដែលបច្ចុប្បន្នកំពុងធ្វើអាជីវកម្មរុករករ៉ែមាសយ៉ាងគគ្រឹកគគ្រេង ដែលមានទីតាំងស្ថិតក្នុងភូមិភ្នំព្រឹក ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដែលសឹងតែវិនាសហិនហោចទៅហើយ។
ពាក្យបណ្ដឹងបានបញ្ជាក់ថា ទីតាំងរបស់ក្រុមហ៊ុន គឺមានចំណុចផ្សេង ប៉ុន្តែក្រុមហ៊ុន បានចល័តកម្លាំងនិងគ្រឿងចក្រ ទៅចោះថ្មភ្នំ បំផ្ទុះគ្រាប់ ស្ទើរគ្រប់ទីកន្លែង ខុសពីទីតាំងរបស់ក្រុមហ៊ុនដើម្បីទាញយកថ្ម រ៉ែ ទៅធ្វើអាជីវកម្មរ៉ែមាស ដោយមិនបានគិតអំពីផលប៉ះពាល់ទៅលើផលដំណាំ ដីលំនៅឋានដែលបានបាក់ស្រុត ពិសេសគឺសុខភាព របស់ប្រជាពលរដ្ឋដែលប៉ះពាល់ដោយសារផ្សែងពោរពេញដោយសារធាតុគីមី ដែលបណ្ដាលមកពីការដាក់បំផ្ទុះគ្រាប់នៅក្នុងរណ្ដៅរ៉ែ ហើយទីតាំងខ្លះត្រូវបានបាក់ស្រុតដោយសារតែការគាស់កកាយនិងខួងយករ៉ែដែលមានជម្រៅជ្រៅ ឯការដាក់បំផ្ទុះគ្រាប់ គឺក្រុមហ៊ុនមិនបានគិតថាពេលយប់ឬពេលថ្ងៃនោះឡើយ ទោះជាកណ្ដាលអាធ្រាតក៏គេដាក់បំផ្ទុះដែរ ដែលសំឡេងនេះបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កុមារនិងជនចាស់ជរាក្នុងពេលសម្រាក ពិសេសគឺអ្នកជំងឺតែម្ដង។
កាលពីអំឡុងខែតុលា ឆ្នាំកន្លងទៅ នៅក្នុងរណ្ដៅរ៉ែរបស់ក្រុមហ៊ុន ភូ យ៉ាង មានករណីថ្មគាបសង្កត់កម្មករស្លាប់ក្នុងអណ្តូងរ៉ែ ដែលការស្លាប់របស់កម្មករនេះត្រូវបានគេលាក់បាំងយ៉ាងស្ងៀមស្ងាត់ ដោយគេគ្រាន់តែបញ្ជូនជនរងគ្រោះដែលស្លាប់ទៅហើយនោះ ទៅកាន់មន្ទីរពេទ្យ រួចលើកឡើងថាជនរងគ្រោះបានស្លាប់នៅក្នុងមន្ទីរពេទ្យ ហើយក៏បានបញ្ជូនសពទៅឲ្យក្រុមគ្រួសារដោយបានធានាលើថ្លៃធ្វើបុណ្យ និងសំណងខ្លះៗទៅឲ្យក្រុមគ្រួសារជនរងគ្រោះ ដើម្បីបញ្ចប់បញ្ហា។ តាមរយៈទូរសព្ទ លោក អ៊ាន មាឃ ប្រធានមន្ទីរ៉ែនិងថាមពលខេត្តបាត់ដំបង បានបញ្ជាក់យ៉ាងខ្លីថា ក្រុមហ៊ុនខាងលើ ពិតជាមានច្បាប់និងអាជ្ញាប័ណ្ណត្រឹមត្រូវប្រាកដមែន ប៉ុន្តែរាល់ផលប៉ះពាល់ គឺជារឿងក្រុមហ៊ុនដែលត្រូវដោះស្រាយ សំណងទៅឲ្យភាគីរងគ្រោះ គឺពុំមានពាក់ព័ន្ធទៅលើមន្ទីរនោះឡើយ។
បើតាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះបានបញ្ជាក់ថា ថ្មីៗនេះក្រុមហ៊ុនបានដាក់បំផ្ទុះគ្រាប់ដើម្បីបំបែកថ្មរ៉ែ យកទៅធ្វើអាជីវកម្មរ៉ែមាស ស្ទើររៀងរាល់ថ្ងៃ បានបង្កជាផ្សែងពោរពេញដោយសារធាតុរំសេវ ដែលបានធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋជាច្រើននាក់ បើបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះផងដែរ ដែលរាល់បញ្ហាខាងលើនេះប្រជាពលរដ្ឋជាច្រើនរូប បានដាក់ពាក្យប្ដឹងទៅអាជ្ញាធរមូលដ្ឋាននិងមន្ទីរជំនាញ ឱ្យជួយដោះស្រាយនិងអន្តរាគមន៍ ប៉ុន្តែពីមួយថ្ងៃទៅមួយថ្ងៃ មួយខែទៅមួយខែ នឹងពីមួយឆ្នាំទៅមួយឆ្នាំ គេពុំបានឃើញវត្តមានរបស់មន្ត្រីជំនាញ ចុះទៅណែនាំឬហាមឃាត់នោះឡើយ ដែលធ្វើឱ្យក្រុមហ៊ុននេះរឹតតែបន្តសកម្មភាពដដែលៗជាប់ជាប្រចាំ ដូច្នេះហើយទើបធ្វើឲ្យពួកគាត់សំណូមពរទៅដល់ក្រសួងពាក់ព័ន្ធ ពិសេសគឺសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត មេត្តាដាក់កម្លាំងអធិការកិច្ចចុះពិនិត្យដោយផ្ទាល់ផង ដើម្បីចង់ដឹងថាតើក្រុមហ៊ុន ភូ យ៉ាង នៅមានច្បាប់និងអាជ្ញាប័ណ្ណបន្តរុករកនិងធ្វើអាជីវកម្មរ៉ែមាសនេះទៀតដែរឬទេ ? ហើយការរុករកនិងធ្វើអាជីវកម្មនេះមានវិសាលភាពប៉ុណ្ណា? បើមិនដូច្នោះទេក្រុមហ៊ុននេះចេះតែបន្តលើកពីតំបន់មួយទៅតំបន់មួយ ដោយមិនបានគិតពីផលប៉ះពាល់អ្វីនោះឡើយ ហើយតួភ្នំព្រឹកទាំងមូលប្រាកដជារលាយក្នុងពេលដ៏ខ្លីខាងមុខ៕
អត្ថបទ : សោ និយមរ័ត្ន