កំពង់ធំ÷ លោក ឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ បានដឹកនាំ លោក លោកស្រី មេបញ្ជាការរងខេត្ត នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ ជួបសំណេះសំណាល និងឧបត្ថមថវិកាបន្ថែមជាលើកទឹកចិត្តដល់កីឡាករ ព្រមទាំងគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត ដល់កីឡាករប្រណាំងទូកងឈ្មោះ(ឆព័ន្ធឧសីលវន្តរិទ្ធីវង្ស)ក្នុងពិធីប្រណាំងទូកងក្នុងខេត្តកំពង់ធំកាលពីថ្ងៃទី១៦-១៧ និងទទួលបានជ័យលាភីលេខ១ កន្លងមកថ្មីៗនេះ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ ។
នាឱកាសនោះ លោក ឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់កីឡាករចំណុះទូក និងកោតសរសើរ ដល់គណកម្មការគ្រប់គ្រងទូក ង ដែលខំប្រឹងប្រែងអស់ពីកម្លាំងកាយកម្លាំងចិត្តរហូតទទួលបានជ័យជំនះ ទទួលបានជ័យលាភីលេខ១ ប្រចាំខេត្តកំពង់ធំ នៅពេលនេះ។
លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការក៏បានផ្ដាំផ្ញើរ ឱ្យកីឡាករចំណុះទូកទាំងអស់បន្តហ្វឹកហាត់ពង្រឹងសមត្ថភាពបន្ថែមទៀតដើម្បីត្រៀមទៅចូលរួមប្រណាំងនៅរាជធានីភ្នំពេញក្នុងពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែនាពេលខាងមុខ ឱ្យទទួលបានជ័យជំនះបន្តទៀត។
សូមបញ្ជាក់ផងដែរថាឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្តខេត្តកំពង់ធំ និងក្រុមការងារបានឧបត្ថម្ភគ្រឿងឧបភោគបរិភោគមួយចំនួន និងថវិកាបន្ថែមសរុប៥.៥៦០.០០០រៀល ជាការលើកទឹកចិត្តដល់កីឡាករទូកងឈ្មោះ(ឆព័ន្ធឧសីលវន្តរិទ្ធីវង្ស)
ប្រវែង២២.៥០ម៉ែត្រ ចំណុះ២៦នាក់ ស្ថិតនៅវត្តកំពង់ស្បូវ ភូមិតាអោក ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ អត្ថបទ វេហាស៍