(កំពង់ធំ)÷ លោកឧត្តមសេនីយ៍ត្រី ហេង សុផល ស្នងការនគរបាលខេត្ត បានថ្លែងថាកត្តាសាមគ្គីភាព ឯកភាពផ្ទៃក្នុង នាំឱ្យយើងសម្រេចបានជោគជ័យ គ្រប់ឧបសគ្គ ជាក់ស្តែងថ្មីៗនេះ កីឡាករចំណុះទូក ដែលមានឈ្មោះថា(សាមគ្គីធីបតីសែនជ័យបារមីស្រីទេព)ដណ្ដើមយកជ័យលាភីលេខ១ ក្នុងព្រឹត្តិការណ៍ ប្រកួតប្រជែងថ្នាក់ខេត្ត នាថ្ងៃទី ១៦-១៧ ខែ តុលា ឆ្នាំ២០២៤។
នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី ហេង សុផល ស្នងការនគរបាលខេត្ត បានឆ្លៀតឱកាសជួបសំណេះសំណាលសាកសួរសុខទុក្ខ និងប្រគល់ថវិកាមួយចំនួន ជូនគណៈកម្មការទូក ស្ថិតនៅវត្តស្រីទេព ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។
ថ្លែងក្នុងពិធីនោះ លោកឧត្តមសេនីយ៍ត្រីស្នងការនគរបាលខេត្ត មានប្រសាសន៍ សំណេះសំណាល និងថ្លែងអំណរគុណ ចំពោះ គណៈកម្មការនិងបងប្អូនកីឡាករ ដែលបានយកអស់កម្លាំងកាយ កម្លាំងចិត្ត ខិតខំប្រឹងប្រែងបញ្ចេញសមត្ថភាព ក្នុងការចូលរួមប្រលងប្រណាំង រហូតទទួលបានជ័យលាភី លើដៃគូប្រកួតប្រជែង ។
លោកឧត្តមសេនីយ៍ត្រី បានលើកឡើង អំពីអត្ថប្រយោជន៍ នៃការលេងកីឡា គឺដើម្បីទទួលបានសុខភាពល្អ ផ្ដល់ឱកាស ដល់យុវជនចេះធ្វើការជាក្រុម មានការទំនាក់ទំនងផ្លាស់ប្ដូរយោបល់ ចែករំលែកចំណេះដឹង បទពិសោធន៍ សាមគ្គីភាព កិច្ចសហការល្អ ជាមួយគ្នា មានចិត្តអំនត់អត់ធ្មត់ ឈានទៅសម្រេចគោលដៅរួម ចៀសវាងមានពេលទំនេរ ឈានទៅប្រព្រឹត្តអំពើអបាយមុខនានា ដែលសង្គមស្អប់ខ្ពើម ដូចជា លួច ឆក់ ប្លន់ គ្រឿងញៀន។
គណៈកម្មការទូក(សាមគ្គីធីបតីសែនជ័យបារមីស្រីទេព) បានថ្លែងអំណរគុណចំពោះលោកឧត្តមសេនីយ៍ត្រីស្នងការ និងកងកម្លាំងក្រោមឱវាទ ដែលឧបត្ថម្ភ គាំទ្រ ជាបន្តបន្ទាប់នូវ សម្ភារៈភេសជ្ជៈ គ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាមួយចំនួន តាំងពីហាត់សមរហូតបញ្ចប់កម្មវិធីប្រកួត និងជូនពរជ័យ ជូនចំពោះ អស់លោក លោកស្រី សមប្រកបជួបប្រទះ តែពុទ្ធពរជ័យទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ សម្រេចបានជោគជ័យគ្រប់ភារកិច្ច ដែលថ្នាក់ដឹកនាំប្រគល់ជូន។ អត្ថបទវហាស៍