កំពង់ចាម: ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារខេត្ត មន្ត្រីបច្ចេកទេស និងអាជ្ញាធរពាក់ព័ន្ធ ចូលរួមអមដំណើរ ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អញ្ជើញចុះពិនិត្យស្ថានភាពច្រាំង ដែលបានបាក់ស្រុតចូលទៅក្នុងទន្លេមេគង្គ ស្ថិតនៅភូមិមាន់ដប់លើ (មុខវត្តមាន់ដប់ ) ឃុំមានជ័យ ស្រុកស្រីសន្ធរ កាលពីរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ ។
សូមជម្រាបថា ហេតុការណ៍ច្រាំងទន្លេមេគង្គស្រុតបាក់នៅក្នុងភូមិសាស្ត្រខាងលើបានកើតឡើងកាលពីយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ត្រង់ចំណុចក្រោយវត្តសុទស្សនារាម ហៅវត្តមាន់ដប់ ហើយទំហំនៃការស្រុតបាក់មានបណ្តោយប្រវែង ៥០ម៉ែត្រ និងបាក់ចូលប្រមាណ ១០ទៅ១៥ម៉ែត្រ។
បើតាមរបាយការណ៍បច្ចេកទេសបានឱ្យដឹងថា មូលហេតុច្រាំងទន្លេមេគង្គស្រុតបាក់នៅទីតាំងនេះគឺបណ្តាលមកពីទឹកទន្លេមេគង្គស្រកចុះលឿនបើធៀបនឹងឆ្នាំកន្លងមក ស្របពេលមានភ្លៀងធ្លាក់ច្រើន ហើយចរន្តទឹកមានការប្រែប្រួលដោយសារការដុះរីកនៃកោះក្នុងទន្លេ និងជាវិធានការចំពោះមុខតម្រូវឱ្យមានការត្រៀមលក្ខណៈដើម្បីជួសជុលបន្ទាន់។
សូមបញ្ជាក់ថា បាតុភូតនៃការប្រែប្រួលចរន្តទឹកបណ្តាលមកពីការដុះរីកនៃកោះនានាក្នុងទន្លេ និងជម្រាបទឹកពីក្រោមដីបានបណ្តាលឱ្យមានការស្រុតបាក់ច្រាំងទន្លេជាបន្តបន្ទាប់។ ក្រសួងធនធានទឹក និងឧតុនិយម ក្នុងនាមក្រសួងបច្ចេកទេស បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការអនុវត្ដការងារទៅតាមផែនការ ក្នុងគោលបំណងដើម្បីការពារច្រាំងទន្លេ រក្សាស្ថិរភាពច្រាំង និងកាត់បន្ថយការហូរច្រោះ និងស្រុតបាក់ច្រាំងទន្លេឱ្យបានជាអតិបរមាផងដែរ ៕