យុវសិស្សចំនួន៨៣នាក់ និងទីប្រឹក្សា៤នាក់ នៃវិទ្យាល័យ ស្ពានត្នោត និងវិទ្យាល័យសាមគ្គីក្នុងស្រុកជីក្រែងត្រូវបានបំពាក់ឯកសណ្ឋានជាយុវជនកាកបាទក្រហមកម្ពុជា

0

ដោយ ខេង ឧត្តម
សៀមរាប៖ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប សហការជាមួយមន្ទីរអប់រំ យវជន និងកីឡា ខេត្តសៀមរាប បានរៀបចំបើកវគ្គបណ្ដុះបណ្ដាលមូលដ្ឋានអំពីកាកបាទក្រហមកម្ពុជា និងបំពាក់កន្សែងសមាជិកថ្មីយុវជនកាកបាទក្រហមកម្ពុជា ចំនួន៨៣នាក់ (ស្រី ៥៥នាក់) និងទីប្រឹក្សាយុវជន ចំនួន៤នាក់ មកនៃវិទ្យាល័យ ស្ពានត្នោត និងវិទ្យាល័យ សាមគ្គី ក្នុងស្រុកជីក្រែង រសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤នេះ ។ ពិធីនេះបានប្រារព្ធនៅសាលប្រជុំ សាលាស្រុកជីក្រែង ក្រោមអធិបតីភាព លោក ចៅម៉ៅមុម្នី សមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប។
បន្ទាប់ពីកិច្ចស្វាគមន៍របស់លោក បូ ម៉េងទ្រី អភិបាលនៃគណៈស្រុកជីក្រែង រួចមក លោក ចៅ ម៉ៅមុន្នី សមាជិកគណៈកម្មាធិការសាខា បានលើកឡើងថា ដើម្បីអភិវឌ្ឍធនធានមនុស្ស ក្នុងការបំរើសេវាកម្មមនុស្សធម៌ និងចូលរួមការងារក្នុងសង្គម សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានផ្តល់វគ្គបណ្តុះបណ្តាលចំណេះដឹងជាមូលដ្ឋានរយៈពេល១ថ្ងៃរួចហើយ អំពីកាកបាទក្រហម អឌ្ឍចន្ទក្រហម វិជ្ជាសង្គ្រោះបឋម និងការងារគ្រប់គ្រងយុវជនកាកបាទក្រហមកម្ពុជា ព្រមទាំងបញ្រ្ជាបពីប្រធានបទសុវត្ថិភាពចរាចរណ៍ ដើម្បីបានជាមូលដ្ឋានក្នុងការបំពេញការងារមុនស្សធម៌។ ឯកឧត្តមបន្ថែមថា ការបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា ចំនួន៨៣នាក់ នាពេលនេះ បានបង្ហាញពីការយកចិត្តទុកដាក់របស់គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាបយើង ក្នុងអាណត្តិទី៥ ក៏ជាការកសាងធនធានមនុស្សបន្តវេនរបស់សមាគមជាតិកាកបាទក្រហមកម្ពុជាយើង ដែលជាស្ថាប័នមនុស្សធម៌ធំជាងគេក្នុងព្រះរាជាណាចក្រកម្ពុជា និងជាជំនួយការឱ្យអាជ្ញាធរសាធារណៈ លើវិស័យមនុស្សធម៌។
ដើម្បីត្រៀមខ្លួនអនុវត្តឱ្យបានល្អក្នុងនាមជាសមាជិកយុវជនកាកបាទក្រហមកម្ពុជា និងអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា លោក ចៅ ម៉ៅមុន្នី បានប្រគល់តួនាទី និងភារកិច្ចដល់ប្អូនៗដូចខាងក្រោមនេះ៖
ប្អូនៗជាអ្នកតំណាងឱ្យយុវជនកាកបាទក្រហមកម្ពុជា ក្នុងស្រទាប់យុវវ័យ
ប្អូនៗជាទំពាំងស្នងប្ញស្សី ជាអ្នកបន្តវេនក្នុងសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាវមគោរពវិន័យសាលា ខិតខំរៀនសូត្រឱ្យបានពូកែ និងធ្វើជាគំរូល្អក្នុងស្រទាប់យុវវ័យត្រូវផ្សព្វផ្សាយពីគោលការណ៍គ្រឹះនៃចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម និងពីសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ក្នុងសាលា និងសហគមន៍។
ចូលរួមបន្តការអប់រំសុខភាពអនាម័យ បង្ការជំងឺឆ្លង ក៏ដូចជាគ្រោះថ្នាក់នៃគ្រឿងញៀន ចូលរួមសកម្មភាពមនុស្សធម៌ក្នុងសាលា មានជួយដល់មិត្តយុវសិស្សក្រីក្រ រៀនខ្សោយ និងលើកទឹក មិត្តយុវសិស្សពិការផងដែរ
ធ្វើជាគំរូល្អក្នុងការគោរពច្បាប់ចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ និងពិការភាពដោយសារគ្រោះថ្នាក់ចរាចរណ៍ តួនាទី ភារកិច្ចខាងលើនេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្អូនៗ ជាសមាជិកយុវជនកាកបាទក្រហមកម្ពុជា ទាំងអស់ដោយត្រូវប្រកាន់ខ្ជាប់ខ្ជួន ដើម្បីកិត្តិយសសេចក្តីថ្លៃថ្នូររបស់ប្អូនៗ និងកិត្យានុភាពរបស់កាកបាទក្រហមកម្ពុជាយើង ដែលមានអាយុកាលជាង៦៩ឆ្នាំហើយប្រកបដោយភាពចាស់ទុំ ហើយយើងបន្តរួមគ្នាអនុវត្តនូវទិសស្លោកដ៏សំខាន់គឺ៖ ធ្វើឱ្យបានកាន់តែច្រើនជាងមុន ធ្វើឱ្យបានកាន់តែល្អជាងមុន ធ្វើឱ្យបានកាន់តែជ្រៅ និងទៅឱ្យបានកាន់តែឆ្ងាយជាងមុន។
ដើម្បីឆ្លើយតបនឹងប្រសាសន៍ផ្ដាំផ្ញើ និងការប្រគល់ភារកិច្ចរបស់គណៈអធិបតី តំណាងយុវជនកាកបាទក្រហមកម្ពុជា ៣នាក់ បានធ្វើការប្ដេជ្ញាចិត្តថា៖ ប្ដេជ្ញា រៀនសូត្រឱ្យបានពូកែ គោរពវិន័យ សីលធម៌ ឱ្យក្លាយជាសិស្សល្អ កូនល្អ និងមិត្តល្អ ប្តេជ្ញា ប្រតិបតិ្តតាមគោលការណ៍គ្រឹះទាំង៧ របស់ចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម ប្ដេជ្ញា បំពេញតួនាទី ភារកិច្ច ជាយុវជនកាកបាទក្រហមកម្ពុជា ប្តេជ្ញា គាំទ្រ និង ចូលរួមសកម្មភាពមនុស្សធម៌ឱ្យបានកាន់តែច្រើន ទាំងក្នុង និងក្រៅសាលារៀន ប្ដេជ្ញា អភិវឌ្ឍសមត្ថភាពរបស់ខ្លួន ឱ្យក្លាយជាពលរដ្ឋល្អទៅអនាគត ប្តេជ្ញា ចូលរួមអនុវត្ត នូវវិធានការការពារជំងឺឆ្លង សុវត្ថិភាពចរាចរណ៍ និងចៀសពីគ្រឿងញៀនឱ្យបានម៉ឺងម៉ាត់៕