ដោយ វហាស៍
កំពង់ធំ: រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៤ នៅស្រុកស្ទោង ក្រោមអធិបតីភាពឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤នេះ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន វិស័យឯកជន អង្គការសង្គមស៊ីវិល និង ប្រជាពលរដ្ឋ ប្រមាណ ៥០០នាក់។
ឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត បានគូសបញ្ជាក់ថា វេទិកាសាធារណៈនេះ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការជួយជំរុញដល់ការអនុវត្តមុខងារគ្រប់ស្ថាប័នមានការពាក់ព័ន្ធ រួមនឹងអាជ្ញាធរមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ស្របតាមច្បាប់លិខិតបទដ្ឋានគតិយុត្តនៅថ្នាក់មូលដ្ឋាន។ ក្នុងនោះការពិនិត្យ និង ដោះស្រាយបញ្ហា សំណូរ-សំណូមពរបស់ប្រជាពលរដ្ឋ នឹងជួយជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម សំដៅលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្ររបស់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ។
ឯកឧត្តម នួន ផារ័ត្ន ថ្លែងថាអង្គវេទិកាសាធារណៈនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលប្រទេសកម្ពុជា អនុវត្តតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដែលអនុវត្តទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ។ អត្ថន័យសំខាន់វេទិកាសាធារណៈនេះ នៅក្នុងក្របខណ្ឌពង្រឹងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលជាឆន្ទៈយ៉ាងមោះមុតរបស់ថ្នាក់ដឹកនាំ ជាពិសេសសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តដោយសម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការជួយជំរុញឱ្យកម្ពុជាអនុវត្តតាមលទ្ធិប្រជាធិបតេយ្យ ដោយបានឱ្យថ្នាក់ក្រោមជាតិ ជំរុញអនុវត្តកម្មវិធីវេទិការក្រុមប្រឹក្សានៅគ្រប់បណ្ដាក្រុងស្រុកទាំងអស់ ដើម្បីស្ដាប់ ទទួលយកនូវបញ្ហា និងសំណូមពររបស់ប្រជាពលរដ្ឋមកដោះស្រាយបានទាន់ពេលវេលា។
សូមបញ្ជាក់ផងដែរថា អង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នាពេលនេះ ក៏មានការលើកឡើងនូវសំណួរផ្ទាល់មាត់ចំនួន៧សំណួរ និងសំណូមពរសរសេរលាយលក្ខណ៍ជាអក្សរចំនួន ២៥សំណួរ ដោយផ្តោតទៅលើបញ្ហា ហេដ្ឋារចនាសម្ព័ន្ធ (ផ្លូវថ្នល់ ) អត្តសញ្ញាណកម្ម (សៀវភៅគ្រួសារ) ,អគ្គិសនី , ប្រព័ន្ធធារាសាស្ត្រ ,ដីធ្លី (ដីស្រែប្រាំង និងតំបន់បី) ហើយត្រូវបានសាមីមន្ទីរ អង្គភាពជំនាញមានការពាក់ព័ន្ធ បានធ្វើការបកស្រាយបំភ្លឺជូនដល់អង្គវេទិកាទាំងមូល ឱ្យអស់កង្វល់ដែលបងប្អូនមានទុក្ខកង្វល់កន្លងមក ឱ្យបានកាន់តែយល់ច្បាស់ផងដែរ ៕