ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង ណែនាំអាជ្ញាធរក្រុង ស្រុក និងកងកម្លាំងទាំង៣ ត្រូវពង្រឹងលើការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ

0

ខេត្តស្ទឹងត្រែង៖ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា បានណែនាំដល់អភិបាលក្រុង ស្រុក និងកងកម្លាំងទាំង៣ ត្រូវបន្តខិតខំបន្ថែមទៀត ក្នុងការពង្រឹងលើការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព ជូនប្រជាពលរដ្ឋ ជាពិសេសនៅក្នុងឱកាសដែលរដ្ឋបាលខេត្ត ប្រារព្ធពិធីបុណ្យអុំទូក ខ្នាតអន្តរជាតិ រយៈពេល ២ថ្ងៃ (២៦-២៧តុលា២០២៤) ខាងមុខនេះ។

ប្រសាសន៍ណែនាំរបស់ លោក សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានធ្វើឡើងនារសៀលថ្ងៃទី២២ តុលា ២០២៤ ក្នុងកិច្ចប្រជុំ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ស្តីពីការពង្រឹងកិច្ចការងារ គណៈបញ្ជាការឯកភាពខេត្តស្ទឹងត្រែង និងពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់​នានា នៅក្នុងពិធីបុណ្យអុំទូក ខ្នាតអន្តរជាតិ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៦តុលា ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ ។

លោក សរ សុពុត្រា បានជំរុញអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ នៅថ្នាក់មូលដ្ឋានភូមិ ឃុំ ស្រុក ខេត្ត ត្រូវបង្កើនការខិតខំយកចិត្តទុកដាក់លើការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងពង្រឹងការអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” នៅតាមក្រុង ស្រុក នៅទូទាំងខេត្តស្ទឹងត្រែង ជាពិសេសកងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ ត្រូវត្រៀមលក្ខណៈឱ្យបានស្រេចបាច់ ក្នុងការរៀបចំការពារសុខសន្តិភាព និងសណ្តាប់ធ្នាប់នានា ឱ្យបានល្អប្រសើរ ថែមទៀត។

លោក សរ សុពុត្រា បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក មន្ទីរ អង្គភាព ដែលបានអនុវត្តការងារនាពេលកន្លងមក ប្រកបដោយការយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែង ឈរលើស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការដោះស្រាយបញ្ហាប្រឈមនានា ដែលកើតមានឡើង ដោយទទួលបានលទ្ធផលយ៉ាងល្អប្រសើរ។

នៅក្រោយកិច្ចប្រជុំ អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា ក៏បានប្រគល់រថយន្ត Mini-Bus ម៉ាក JMMC CO-STAR ពណ៌បៃតង (GREEN) ដល់អង្គភាពចំនួន៩ ចំណុះរដ្ឋបាលខេត្ត រួមមាន៖ ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង រដ្ឋបាលក្រុងស្ទឹងត្រែង ស្រុកសេសាន្ត ស្រុកសៀមបូក ស្រុកថាឡាបរិវ៉ាត់ ស្រុកបុរីអូរស្វាយសែនជ័យ និងស្រុកសៀមប៉ាង ដើម្បីប្រើប្រាស់ក្នុងការបម្រើសេវា និងអនុវត្តមុខងាររបស់ អង្គភាព និងរដ្ឋបាលនីមួយៗ ផងដែរ៕ដោយ៖ឡុង សំបូរ