រដ្ឋបាលខេត្តស្វាយរៀងរៀបចំពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៤ និងកីឡាជនពិការលើកទី២ ឆ្នាំ២០២៤

0

ដោយ គឹម សេង
ខេត្តស្វាយរៀង៖ ឯកឧត្ដម​ ម៉ែន​ វិបុល​ ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង​ ឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្ត​ និងឯកឧត្តម​ សាមឺឌី​ ស៉ីវឌ្ឍនា​ រដ្ឋលេខាធិការក្រសួង​ អប់រំ​ យុវជន​ និងកីឡា​ បានអញ្ជេីញជាគណៈអធិបតីក្នុងពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៤ និងកីឡាជនពិការលើកទី២ ឆ្នាំ២០២៤​ ដែលបានប្រព្រឹត្តទៅនៅរង្វង់មូលវិមានឯករាជ្យខេត្តស្វាយរៀង ព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤នេះ​។​
ពិធីនេះមានការអញ្ជេីញចូលរួមពីឯកឧត្តម​ លោកជំទាវ​សមាជិកក្រុមប្រឹក្សាខេត្ត​ ឯកឧត្ដម​អភិបាលរងខេត្ត​ លោកនាយក​ នាយករងរដ្ឋបាលសាលាខេត្ត​ កងកម្លាំងទាំង៣​ និស្សិត​សាកលវិទ្យាល័យស្វាយរៀង​ កីឡាករ​ កីឡាការិនី​ លោកនាយក​ នាយករង​ លោកគ្រូ​ អ្នកគ្រូ​ យុវជនកាកបាទក្រហម​ យុវជនកាយរិទ្ធ​ យុវជន​.ស​.ស.យ​.ក​ សមាគមន៍អ្នកជិះកង់ ព្រមទាំងមន្ត្រីរាជការ​ និងប្រជាពលរដ្ឋ​ សរុបប្រមាណ២,០១៧នាក់​ ។
ឯកឧត្តមអភិបាលខេត្តបានសម្តែងនូវអារម្មណ៍រីករាយ ដែលខេត្តស្វាយរៀងមានកិត្តិយសបានរៀបចំពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៤ និងកីឡាជនពិការលើកទី២ ឆ្នាំ២០២៤​ នៅថ្ងៃនេះ​ និងសូមចូលរួមអបអរសាទរចំពោះលោក​ លោកស្រី​ និងប្អូនៗកីឡាករ​ កីឡាការិនីទាំងអស់ក្នុងនាមតំណាងឲ្យខេត្តស្វាយរៀង​ ដែលនិងទៅចូលរួមក្នុងព្រឹត្តិការណ៍កីឡាកំពូលរបស់ជាតិនៅឆ្នាំនេះ​ ហេីយនេះជាភារកិច្ចដ៏មានសារៈសំខាន់​ និងប្រកបដោយមោទនភាព​ ដែលអស់លោក​ លោកស្រី​ និងប្អូនៗកីឡាករ​ កីឡាការិនីទាំងអស់​ ក្នុងនាមតំណាងឲ្យខេត្តស្វាយរៀង​ ត្រូវបំពេញ​ ដេីម្បីមុខមាត់​ និងកិត្តិយសផ្ទាល់ខ្លួនផង​ អង្គភាពផង​ និងខេត្តទាំងមូលផង​ ។ ទន្ទឹមនេះ​ ឯកឧត្តមបានស្នេីដល់ប្អូនៗត្រូវខិតខំប្រឹងប្រែងប្រកួត​ឲ្យអស់ពីសមត្ថភាព​ ត្រូវប្រកាន់ឲ្យបានខ្ជាប់ខ្ជួននូវអនាម័យ​ ហូបស្អាត​ ផឹកស្អាត​ និងរស់នៅស្អាត​ ថែរក្សាសុខភាពឲ្យបានល្អ​ ពិសេសត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់​ នូវវិន័យការងារ​ និងបទបញ្ជានៃការប្រកួត។
ឯកឧត្តមបន្ថែមថា ការចូលរួមរត់ភ្លេីងគប់ដ៏ច្រើនកុះករនៅថ្ងៃនេះសបញ្ជាក់ឱ្យឃើញថា ស្មារតីរួមរបស់​មន្ត្រីរាជការ​ កីឡាករ​កីឡាការិនី​ និងបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្ត គឺស្រលាញ់ និងលើកស្ទួយវិស័យកីឡា ដើម្បីឈានដំណើរទៅការរៀបចំធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ឆ្នាំ២០២៩។
សំរាប់ខេត្តស្វាយរៀង បានចុះឈ្មោះចូលរួម ប្រកួតមាន ១៦ប្រភេទកីឡា និងប្រតិភូដឹកនាំមាន​១៦នាក់​ គ្រូបង្ហឹក៣៧នាក់​ កីឡាករកីឡាការិនី១៧០នាក់​(កីឡាករពិការ៤នាក់​ និងកីឡាការិនី៧២នាក់)។
សូមរំលឹកថា ព្រឹត្តិការណ៍កីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការ លើកទី២ នឹងចាប់ផ្តើមពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤៕