អដ្ឋិធាតុកងទ័ពស្ម័ត្រចិត្តវៀតណាមដំណាក់កាលទី១៤ នៅភូមិសាស្ត្រខេត្តសៀមរាប
សៀមរាប កាលពីថ្ងៃទី ២៧ ខែ តុលា ឆ្នាំ២០១៤ នៅរដ្ឋបាលសាលាខេត្តសៀមរាបមានធ្វើពិធីចុះកិច្ចព្រមព្រៀងរវាង ខេត្ត សៀមរាប និង ខេត្តតៃនិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាមក្នុងកិច្ចសហការស្វែងរកនូវអដ្ឋិធាតុកងទ័ពស្ម័ត្រ ចិត្តវៀតណាម ដែលបានពលីក្នុងបុព្វហេតុអន្តរជាតិនៅលើទឹកដីប្រទេសកម្ពុជា ក្នុងការរំដោះអាយុជីវិតប្រជាជនកម្ពុជា និង ប្រទេសកម្ពុជា ពីបនប្រល័យពូជសាសន៍ប៉ុល ពត នាថ្ងៃជ័យជំនះ ៧មករា ១៩៧៩ ។ ពិធីនេះបានប្រព្រឹត្តទៅ ក្រោមអធិបតីរបស់លោក ប៊ុនថាប្ញទ្ធិអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប និង លោកវរៈសេនីយ៍ឯកតាត ទៀនមិញអនុប្រធាននយោបាយគណៈបញ្ជាការយោធាខេត្តតៃនិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និង សហការី ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់អស់លោកជាថ្នាក់ដឹកនាំមន្ទីរអង្គភាព អាជ្ញាធរក្រុង ស្រុក ពាក់ ព័ន្ធក្នុងខេត្តផងដែរ ។
កិច្ចស្វាគមន៍នោះដែរក្នុងនាមលោកឃឹម ប៊ុនសុងអភិបាលនៃគណៈអភិបាលខេត្តលោក ប៊ុនថាប្ញទ្ធិក៏បាន បញ្ជាក់ថា ក្នុងដំណើរបំពេញបេសកកម្ម នៅលើទឹកដីប្រវត្តិសាស្ត្រសៀមរាប ក៏ជាការរំលឹកនូវអនុស្សាវរីយ៍របស់រដ្ឋាភិ បាល កងទ័ព និង ប្រជាជនវៀតណាម ដែលតែងគាំទ្រជាបន្តបន្ទាប់ ទាំងស្មារតី សម្ភារៈដល់ប្រជាជន កងយោធពល ខេមរភូមិន្ទ និង រាជរដ្ឋាភិបាលកម្ពុជា រហូតដល់បច្ចុប្បន្នពិសេសនូវគុណបំណាច់មិនអាចកាត់ថ្លៃបាន នៃការលះបង់ឈាមស្រស់ សាច់ស្រស់ របស់កងទ័ពស្ម័ត្រចិត្តវៀតណាម ដែលបានពលីជីវតក្នុងបុព្វហេតុ សង្គ្រោះអាយុជីវិតប្រជាជនកម្ពុជា នៅថ្ងៃជ័យជំនះ ៧មករា ១៩៧៩ ។ទាំងនេះហើយដែលជាកាយវិការដ៏ប្រពៃប្រកបដោយមនុស្សធម៌ ដែល បានបន្សល់ទុកដោយកងទ័ពស្ម័ត្រចិត្តវៀតណាម ដែលបានពលីជីវិតចោល ឳពុកម្តាយកូន ប្រពន្ធ បងប្អន នៅលើទឹក ដីដ៏ពិសិដ្ឋនេះ ។ លោកប៊ុន ថាប្ញទ្ធិបានបន្តទៀតថាក្រោមកិច្ចដឹកនាំរបស់សម្តេចអគ្គមហាទាំងបី ក្នុងរយៈពេល ៣៥ឆ្នាំមកនេះ ពិសេសសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍន៍រីកចម្រើន លើ គ្រប់វិស័យសំខាន់នៅខេត្តសៀមរាបដែលជាតំបន់សមរភូមិក្តៅ បានប្រែក្លាយទៅជាតំបន់អភិវឌ្ឍន៍លើវិស័យទេសចរបានកំពុងទាក់ទាញអារម្មណ៍នូវភ្ញៀវទេសចរណ៍ចូលមកទស្សនាកម្សាន្តក្នុងឆ្នាំ២០១៣មានចំនួន៤លាន៤៣០ពាន់២៨៦នាក់ ព្រមទាំងបានរួមចំណែកកាត់បន្ថយនូវភាពក្រីក្រជូនប្រជាជនជាបណ្តើរ តាមគោលនយោបាយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។ទាំងនេះក៏ជាសក្ខីភាពនៃចំណងមិត្តភាពសាមគ្គីភាព កិច្ចសហប្រតិបត្តិការ ក្នុងនាមមិត្តភក្ត័ជិត ខាងគ្នា ជួយគ្នាក្នុងគ្រាលំបាកអាសន្នអន្ធក្រ ដែលមិនអាចបំភ្លេចបានឡើយ។ ក្នុងនោះដែរឯកឧត្តមក៏បានធ្វើការណែនាំដល់អាជ្ញាធរក្រុងស្រុកដែលមានការពាក់ព័ន្ធ ត្រូវធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខ្លួនចូលរួមសហការជាមួយក្រុមK៧០និងK៧១ ក្នុងការស្វែងរុករកនូវអដ្ឋិធាតុកងទ័ពស្ម័ត្រចិត្តវៀតណាម ដែលបានពលីជីវិតក្នុងសម័យសង្គ្រាមនៅក្នុងភូមិសាស្ត្រស្រុករបស់ខ្លួនផងដែរ ។
តាមការបញ្ជាក់របស់លោកវរៈសេនីយ៍ឯកតាតទៀនមិញបានឲ្យដឹងថា នេះជាជំហានទី១៤ហើយ ក្នុង ការរុករកអដ្ឋិធាតុកងទ័ពស្ម័ត្រចិត្តវៀតណាមនៅលើគោលដៅ០៦ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា ។ លោកបានបន្ត ទៀតថា ចាប់តាំងពីឆ្នាំ២០០១មកដល់ឆ្នាំ២០១៣ ក្រុមគណៈកម្មការស្វែងរកអដ្ឋិធាតុកងទ័ពស្ម័ត្រចិត្តវៀតណាម បាន បំពេញបេសកកម្មរបស់ខ្លួនបានចំនួន ១៣ដំណាក់កាលមកហើយ នៅលើ០៦ខេត្ត ដែលរកឃើញ និង បញ្ជូនអដ្ឋិធាតុ ធ្វើមាតុភូមិនិវត្តទៅកាន់មាតុប្រទេសវិញបានចំនួន ២ពាន់៩៣៦អដ្ឋិធាតុ ក្នុងនោះនៅខេត្តសៀមរាប មានចំនួន៦២១ អដ្ឋិធាតុហើយនឹងបន្តស្វែងរកនៅក្នុងដំណាក់កាលទី១៤នេះ ដែលមាននៅសេសសល់នៅលើភូមិសាស្ត្រខេត្តសៀមរាប ចំនួន ៨១អដ្ឋិធាតុ ដែលជាកងទ័ពស្ម័ត្រចិត្ត របស់ខេត្តតៃនិញ នឹងត្រូវរុករក ដើម្បីនាំយកទៅបានជួបជុំក្រុមគ្រួសារបងប្អូន ធ្វើបុណ្យទៅតាមប្រពៃណី ។លោកវរៈសេនីយ៍ឯកតាតទៀនមិញក៏បានសំណូមពរដល់អាជ្ញាធរ ខេត្ត ក្រុង ស្រុងនិង កងកម្លាំងប្រដាប់អាវុធចូលរួមសហការឲ្យកិច្ចដំណើរការនេះបានជោគជ័យ។ លោកក៏បានធ្វើការថ្លែងអំណរគុណដល់អាជ្ញាធរខេត្តក្រុងស្រុកកងកម្លាំងប្រដាប់អាវុធនិង ប្រជាជននៅគ្រប់មូលដ្ឋានដែលបានសហការនិងបង្កលក្ខណៈងាយស្រួលដល់ក្រុមការងារកន្លងមក ក្នុងការបង្ហាញនូវទីតាំងអដ្ឋិធាតុកងទ័ពស្ម័ត្រចិត្តវៀតណាម ហើយបានត្រូវបញ្ជូនទៅកាន់មាតុប្រទេសបានរួចរាល់ហើយផងដែរ៕






































