ខេត្តកំពង់ធំ ៖ មន្ត្រីមន្ទីរកិច្ចការនារីខេត្តកំពង់ធំជាច្រើនរូប ចាប់ផ្តើមមានភាពខ្លាហាន និងបានទំលាយចេញនៅរឿងអាស្រូវពុករលួយរបស់អតីតប្រធានមន្ទីរលោកស្រី ទូច ស៊ីថុល លោកប្រធានការិល័យគណនេយ្យហា ប៊ុនឡង និងលោកស្រីអនុប្រធានការិយាល័យគណនេយ្យ ហៀវ ចាន់រី និងលោកស្រីប្រធានស្តីទីមន្ទីរ ជុំ សាខេម ឲ្យមកដល់បណ្តាញព័ត៌មានដើម្បីធ្វើការចុះផ្សាយបន្ថែម។
តាមប្រភពដដែលបានបញ្ជាក់ថា ការប្រព្រឹត្តអំពើពុករលួយអស់រយៈពេលជាច្រើនឆ្នាំរបស់លោកស្រីទូច ស៊ីថុល និងបក្ខពួកដែលមានលោកហា ប៊ុនឡង លោកស្រីហៀវ ចាន់រី និងលោកស្រីជុំ សាខេម គឺធ្វើឡើងតាមរយៈការក្លែងបន្លំឯកសារសាធារណៈ និងបំប៉ោងតួលេខនៃការចំណាយធ្វេដងនៃការចំណាយពិត ធ្វើឲ្យរដ្ឋខាតបង់ប្រាក់រាប់រយលានក្នុងមួយឆ្នាំៗ ហើយថវិកាទាំងនោះបានធ្លាក់ចូលកណ្តាប់ដៃពួកគេទាំងអស់គ្នា។
ចំណែកមន្ត្រីតូចតាចឬប្រធានការិយាល័យផ្សេងៗមិនបានទទួលផលប្រយោជន៍អ្វីទេក្រៅតែប្រាក់បៀវត្តន៍របស់ខ្លួន។ ហើយនៅពេលថ្មីៗនេះបន្ទាប់ពីបណ្តាញព័ត៌មានជាច្រើនបានចុះផ្សាយអំពីរឿងអាស្រូវពុករលួយនោះ ជាពិសេសគឺការស៊ីដាច់ប្រាក់ជំពូក៦៥ចំនួន៤៩,៩៨០,០០០រៀល នៅឆ្នាំ២០១៣សម្រាប់ទិញអង្ករ និងសម្ភារៈចែកជួនដល់ប្រជាពលរដ្ឋក្រីក្រ បានធ្វើឲ្យពួកគេបានភិតភ័យយ៉ាងខ្លាំង។ ហើយដើម្បីដោះសារយករួចខ្លួនពីការចោទប្រកាន់ពីបទពុករលួយស៊ីដាច់ថវិកាខាងលើលោកស្រីទូច ស៊ីថុល លោកហា ប៊ុនឡង និងលោកស្រីហៀវ ចាន់រី បានស្រុះស្រួលគ្នាទិញអង្ករ និងតង់យកទៅចែកជូនពលរដ្ឋ
វិញដោយវិធីចែកអង្ករ និងតង់បានធ្វើឡើង នៅព្រឹកថ្ងៃទី២០ តុលា ឆ្នាំ២០១៤ ជូនដល់ពលរដ្ឋចំនួន២៥០គ្រួសារដែលធ្វើឡើងនៅវត្តឈើទាល ឃុំកំពង់ចិនត្បួង ស្រុកស្ទោង ដោយក្នុងពិធីចែកអំណោយនោះគឺមានការចូលរួមពីសំណាក់លោកអភិបាលខេត្តកំពង់ធំ អ៊ុត សំអន ដោយក្នុងមួយនាក់ទទួលបានអង្ករ១កូនបេ និងតង់មួយប៉ុណ្ណោះ។ ជាមួយគ្នានេះពួកគេបានយកឡេសថា ការយឺតយាវក្នុងការចែកអំណោយនៅឆ្នាំ២០១៣គឺដោយសារបញ្ហាបចេ្ចកទេស ប៉ុន្តែសម្រាប់មន្ត្រីមន្ទីរកិច្ចការនារីបាននិយាយថា មិនមែនមកពីបញ្ហាបចេ្ចកទេសទេ គឺដោយសារតែធ្លាយរឿងអាស្រូវទើបបានគេយកអង្ករ និងតង់ទៅចែកប្រជាពលរដ្ឋដើម្បីបញ្ចប់រឿង ការពិតពួកគេបានក្លែងឯកសារសាធារណៈ និងដកសាច់ប្រាក់ពីរតនាគារមកដើរស៊ីចាយជិត២ឆ្នាំទៅហើយបែជាទើបនឹកឃើញយកអំណោយទៅចែកនៅពេលរឿងអាស្រូវផ្ទុះចេញ។
តាមប្រភពបានបន្ថែមថា នាពេលបច្ចុប្បន្នលោកស្រីទូច ស៊ីថុលបានចូលនិវត្តន៍ និងទៅកាន់តំណែងជាសមាជិកក្រុមប្រឹក្សាខេត្ត ប៉ុន្តែរូបគាតនៅតែចេញចូលមន្ទីរកិច្ចការនារីញឹកញាប់ហាក់ដូចមិនដាច់អាល័យ ហើយមុនពេលចូលនិវត្តន៍លោកស្រីទូចស៊ីបានយករថយន្តមួយគ្រឿងរបស់កម្មពិធីកុមារ និងសម្ភារៈរបស់មន្ទីរជាច្រើនទៅធ្វើជាទ្រព្យសម្បត្តិរបស់ខ្លួន។ ក្រៅពីនោះប្រាក់ឥនទានរបស់សមាគមន៍នារីនិងប្រាក់របស់យូនីហ្វេស ដែលមានចំនួនទឹកប្រាក់រាប់រយលានរៀលក៍មិនដឹងបាតទៅណាអស់ដែរ។ ហើយមុននៅពេលចូលនិវត្តន៍លោកស្រីទូច ស៊ីថុល បានរៀបប្រចំគល់កាងារឲ្យកូនស្រីឈ្មោះ ឌិត ច័ន្ទរក្សា ឲ្យគ្រប់គ្រងផ្នែកឥនទានរបស់មន្ទីរថែមទៀត។
អំពើពុករលួយនៅក្នុងមន្ទីរកិច្ចការនារីខេត្តកំពង់ធំនាពេលជាច្រើនឆ្នាំបានធ្វើឲ្យកម្រិតជីវៈភាពលោកស្រីទូច ស៊ីថុល លោកប្រធានការិយាល័យគណនេយ្យហា ប៊ុនឡង និងលោកស្រីអនុប្រធានការិយល័យគណេយ្យនិងជាបេឡា ហៀវ ចាន់រី ឡើងខ្ពស់ត្រដែតខុសពីមន្ត្រីផ្សេងទៀតយ៉ាងឆ្ងាយ។ ថវិកានៅគ្រប់ជំពូកត្រូវបានលោកស្រីទូច ស៊ីថុល លោកហា ប៊ុនឡង និងលោកស្រី ហៀវ ចាន់រី កឹបកេងអស់យ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយឆ្នាំៗ ស្របពេលលោកស្រីទូច ស៊ីថុល ចូលនិវត្តន៍លោកហា ប៊ុនឡង និងលោកស្រីហៀវ ចាន់រី បានរួមដៃជាមួយលោកស្រីជុំ សាខេម ប្រព្រឹត្តអំពើពុករលួយបន្ត។
តាមប្រភពបានឲ្យដឹងថា អំពើពុករលួយដុះស្លែរគឺបានចាក់រឹសយ៉ាងជ្រៅនៅក្នុងមន្ទីរកិច្ចការនារីខេត្តកំពង់ធំនាសម័យលោកស្រីទូច ស៊ីថុល ជាប្រធានមន្ទីរហើយនៅខែមេសា ឆ្នាំ២០១៤ ខណៈពេលលោកស្រីទូច ស៊ីថុល ចូលនិវត្តន៍ និងមានលោកស្រីជុំ សាខេន ជាប្រធានស្តីទីមន្ទីរ(មានការតែងតាំងជាប្រធានមន្ទីរតែមិនទាន់ធ្វើពិធីប្រកាស) អំពើពុករលួយបន្តកើតមានដដែល ហើយការដឹកនាំគឺគេសង្ស័យថា លោកស្រីទូច ស៊ីថុល ជាអ្នកឈរបញ្ជាពីក្រោយ។ ព្រោះគេឃើញលោកស្រីទូច ស៊ីថុល ចេញចូលមន្ទីរញឹកញ៉ាប់ និងបញ្ជាឲ្យលោកស្រីជុំ សាខេម រៀបចំឲ្យលោកស្រីស៊ីន ស៊ីផាន ជាអនុប្រធានបន្តតួនាទីជាប្រធានស្តីទីនៅពេលលោកស្រីជុំ សាខេម ចូលនិវត្តន៍នៅខែកុម្ភៈ នៅឆ្នាំ២០១៥ខាងមុខ។
អំពើពុករលួយនៅក្នុងមន្ទីរមួយនេះរួនមាន៖ ១ការកឹបកេងប្រេងឥន្ធនៈ ដែលក្នុងមួយឆ្នាំៗចំណាយប្រាក់ទិញជិត២០លានរៀល ត្រូវបានគេស៊ីដាច់ស្ទើរទាំងស្រុង ទើបតែនៅឆ្នាំ២០១៤គេបានផ្តល់ប្រេសាំងឲ្យគ្រប់ប្រធានការិយាល័យម្នាកសរុបបាន៣០លីត្រ និងមន្ត្រីតូចតាចបានម្នាក់១០លីត្រ ឆ្នាំមុនៗគឺមិនបានទេ។ ២ប្រាក់សោហ៊ុយទូទាត់ក្នុងប្រទេស(បេសសកម្ម)មន្ត្រីខ្លះត្រូវបានប្រាក់ក្នុងមួយឆ្នាំ៥០ម៉ឺន ទៅ១លានរៀល ប៉ុន្តែមន្ត្រីបានទទួលប្រាក់ពីលោកស្រីហៀវ ចាន់រី ដែលជាអនុប្រធានការិយាល័យគណនេយ្យនោះត្រឹមតែ១០-២០ម៉ឺនរៀលប៉ុណ្ណោះ។ ៣ស៊ីឈ្មោះមន្ត្រីកិច្ចសន្យាខ្មោច ចំនួន៤រូប ១ឈ្មោះវី ស្រីវិច ជាក្មួយលោកស្រីទូច ស៊ីថុល បច្ចុប្បន្នបម្រើការងារនៅធនាគារប្រៃសនីយ៍ ២ឈ្មោះស៊ីន សុនីតា ជាកូនស្រីរបស់លោកស្រីហៀវ ចាន់រី ៣ឈ្មោះហ៊ុន ដារ៉ា ចាប្អូនប្រុសរបស់លោកអនុប្រធានគណនេយ្យហ៊ុន សំអាត ៤ឈ្មោះផ្លុង វរលក្ខណ៍ រស់នៅស្រុកបារាយ៍ជារៀងរាល់ឆ្នាំរហូតដល់បច្ចុប្បន្នធ្វើឲ្យរដ្ឋខាតថវិកាជាតិក្នុងមួយឆ្នាំ៦,៧២០,០០០រៀល។ ៤ស៊ីដាច់ប្រាក់ជំពូក៦៥ ទាំងស្រុងនៅឆ្នាំ២០១៣ ដែលមានចំនួន៤៩,៩៨០,០០០រៀល និងកឹបកេងប្រាក់នៅជំពូកនេះអស់យ៉ាងច្រើនសន្ធឹកសន្ធាប់នៅឆ្នាំមុនៗ។ ៥ប្រាក់ចំណាយសម្ភារៈផ្នែកផ្គតផ្គង់រដ្ឋបាល និងការថែទាំជួសជុល។ ទី៦ថ្មីៗនេះពួកគេបានរក្សាទុកឈ្មោះសពលោកស្រីថេត សាវឿន ប្រធានការិយល័យកិច្ចការនារីស្រុកសន្ទុក ដែលស្លាប់នៅថ្ងៃទី៦ ខែកក្តដាឆ្នាំ២០១៤ ប៉ុន្តែមកដល់ពេលនេះគេមិនទាន់លុបឈ្មោះបើកប្រាក់ខែទេ និងមានរឿងជាច្រើនទៀត។ល។
សូមបញ្ជាក់ថា នៅមន្ទីរកិច្ចការនារីខេត្តកំពង់ធំ និងការិយាល័យកិច្ចការនារីក្រុងស្រុកមានមន្ត្រីក្របខណ័សរុប៣៤រូបស្លាប់ម្នាក់ ប៉ុន្តែនៅមានឈ្មោះបើកប្រាក់ខែ និងមន្ត្រីជាប់កិច្ចសន្យា១០រូប ប៉ុន្តែ៤រូបជាមន្ត្រីកិច្ចសន្យាខ្មោច។
តាមមន្ត្រីនៅក្នុងមន្ទីរកិច្ចការនារីខេត្តកំពង់ធំបានឲ្យដឹងថា នៅឆ្នាំ២០១៣មន្ទីរមួយនេះបានចំណាយថវិកាជាតិសរុបអស់៣៦៧,៣៨៧,៩០០រៀល ក្នុងនោះជំពូក៦០អស់ចំនួន៧១,០៨៥,៧០០រៀល ជំពូក៦១អស់២៦,២១០,០០០រៀល ជំពូក៦២អស់២៦,៣៦៨,២០០រៀល ជំពូក៦៤អស់១៩៣,៧៤៤,០០០រៀល ជំពូក៦៥អស់ចំនួន៤៩,៩៨០,០០០រៀល ។
សម្រាប់គម្រោងចំណាយឆ្នាំ២០១៤ ដែលមិនទាន់អនុវត្តន៍បញ្ចប់គឺមានថវិកាសរុប៤៩៩,០លានរៀល ក្នុងនោះជំពូក៦០ចំនួន៦៥,០លានរៀលជំពូក៦១ចំនួន៣០,០លានរៀល ជំពូក៦២ចំនួន៣២,០លានរៀល ជំពូក៦៤ចំនួន៣១៣,០លានរៀល ជំពូក៦៥ អស់៥៩,០លានរៀល ប៉ុន្តែថវិកាទាំងនេះឥឡូវនេះត្រូវបានគេចាយអស់មួយចំនួនធំទទ្ទឹមគ្នានោះក៍អង្កេតឃើញថាមានអំពើពុករលួយយ៉ាងធ្ងន់ធ្ងរ ដែលចាំបាចស្ថាប័នពាក់ព័ន្ធគួត្រួតពិនិត្យការចំណាយនានា នៅក្នុងមន្ទីរមួយនេះឲ្យបានស៊ីជម្រៅនិងជួបសម្ភាស៍គ្រប់មន្ត្រីធំតូចរួមនិងពលរដ្ឋដែលជាអ្នកទទួលផលប្រយោជន៍នៃការចំណាយខាងលើឲ្យបានដល់មូដ្ឋាន និងរកឃើញការពិតជាមិនខាន៕