ភ្នំពេញ ៖ នៅក្នុងវេទិកាសារព័ត៌មានលើកទី៥ ស្តីពី សន្តិភាពជាគ្រឹះទ្រទ្រង់ដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានមានប្រសាសន៍ថា ក្នុងរយៈពេល១០ខែចុងក្រោយនេះ ទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជាមានចំនួនប្រមាណ ៤៥,៥៨ប៊ីលានដុល្លារ ពោលគឺកើនឡើងជាង១៥% បើធៀបទៅនឹងរយៈពេល១០ខែដំបូងនៃឆ្នាំ២០២៣។
ឯកឧត្តម បានបន្តថា កំណើននៃទំហំពាណិជ្ជកម្មនេះបានមកជាអាទិ៍ ពីការកើនឡើងខ្លាំងនៃការនាំចេញ ពិសេសទៅកាន់ប្រទេសមួយចំនួនដូចជា ប្រទេសឥណ្ឌូណេស៊ី ឡាវនិងប្រទេសឥណ្ឌា ក្នុងនោះការទាក់ទាញវិនិយោគបរទេសវិញ ក្នុងរយៈពេល៣ខែចុងក្រោយនេះ ពីខែសីហាដល់តុលា ២០២៤, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តគម្រោងវិនិយោគសរុបចំនួន១២២ ក្នុងនោះគម្រោងនៅក្នុងតំបន់សេដ្ឋកិច្ច ពិសេសមាន៥៤គម្រោង។
សូមបញ្ជាក់ថា ក្នុងរយៈពេល១០ខែ ឆ្នាំ២០២៤ គម្រោងចំនួនជិត៣៥០គម្រោងត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័ត ដែលមានទុនវិនិយោគប្រមាណ៥,៥ប៊ីលានដុល្លារ៕