ខេត្តក្រចេះ៖ មេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំឬស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បានបាញ់មេឃ ២គ្រាប់ ធ្វើឱ្យមានការភ្ញាក់ផ្អើលដល់អ្នកស្រុក ក្នុងជម្លោះពាក្យសម្តីចែកលុយគ្នាមិនស្មើ ជាមួយគណៈកម្មការទូក ង នៃវត្តឬស្សីកែវ។ ប៉ុន្តែ ភ្លាមៗនោះ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រែកប្រសព្វ នាំខ្លួនមកសាកសួរ និងបញ្ជូនទៅកាន់ស្នងការដ្ឋានគរបាលខេត្តក្រចេះ ដើម្បីអនុវត្តបទវិន័យកងកម្លាំងនគរបាលជាតិ។
ហេតុការណ៍ផ្ទុះអាវុធរបស់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឬស្សីកែវ លោកវរសេនីយ៍ត្រី វិន ថុន ជាមួយគណៈកម្មការទូក ង វត្តឬស្សីកែវ និងជាសមាជិកក្រុមប្រឹក្សាឃុំឬស្សីកែវ បានកើតឡើងនៅយប់ថ្ងៃទី១៧ ខែ វិច្ឆិកា ឆ្នាំ២០២៤ ស្ថិតនៅក្នុងភូមិឬស្សីកែវ ឃុំឬស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។
អធិការនគរបាលស្រុកព្រែកប្រសព្វ លោកវរសេនីយ៍ឯក ចាន់ សុផល្លា បានប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី១៩វិច្ឆិកា នេះថា នាយប៉ុស្តិ៍រដ្ឋបាលឬស្សីកែវ លោកវរសេនីយ៍ត្រី វិន ថុន ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តក្រចេះ នៅថ្ងៃទី១៨វិច្ឆិកាម្សិលមិញ ក្រោយ ពីបញ្ចប់ការសាកសួរនៅអធិការនគរបាលស្រុក និងបន្ទាប់ពីបានបាញ់បោះសេរីចំនួន ២គ្រាប់ នោះរួចមក ដើម្បីអនុវត្តបទវិន័យកងកម្លាំងនគរបាលជាតិ ។
ប្រភពព័ត៌មានបានឱ្យដឹងថា ដើមចមដែលនាំឲ្យមានករណីផ្ទុះអាវុធ ដែលបង្កដោយលោកនាយប៉ុស្ដិ៍រូបនោះ គឺបានផ្តើមចេញពីទំនាក់ពាក្យសម្ដី ដោយសារការបែងចែកលុយមិនស្មើគ្នា ជាមួយសមាជិកក្រុមប្រឹក្សាឃុំ និងជាគណៈកម្មការទូក ង វត្តឫស្សីកែវ។ ប៉ុន្តែ ហេតុការណ៍ផ្ទុះអាវុធនោះ មិនបណ្ដាលឲ្យមានរងគ្រោះថ្នាក់នោះទេ ដោយលោកមេប៉ុស្ដិ៍បានបាញ់សំដៅទៅលើមេឃ ខណៈភាគីគណៈកម្មការទូក ក៏មិនបានដាក់ពាក្យបណ្ដឹងនោះដែរ។
ទាក់ទិននឹងរឿងនេះដែរ លោកឧត្តមសេនីយ៍ត្រី ហន ប៉ូច អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានបញ្ជាក់ថា លោកវរសេនីយ៍ត្រី វិន ថុន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំឫស្សីកែវ បច្ចុប្បន្នកំពុងជាប់អនុវត្តវិន័យរបស់កងកម្លាំង នៅការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ៕ដោយ៖ឡុង សំបូរ ដោយ៖ឡុង សំបូរ