ម្ចាស់គ្លីនិកឯកជនពីរនាក់ប្ដីប្រពន្ធត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនបញ្ជូនទៅតុលាការ ក្រោយរកឃើញថាបានប្រើប្រាស់ថ្នាំខុសបច្ចេកទេសធ្វើឲ្យស្ត្រីស្លាប់រួចដឹកសពផ្លុងចោលនៅកំពតព្រៃជាមួយក្មេងស្រីអាយុ៣ឆ្នាំអង្គុយយំអោបសពមួយយប់ទល់ភ្លឺគួរឲ្យសង្វេក

0

តាកែវ៖ ហេតុការណ៏ដ៏គួរឲ្យនឹកស្មានមិនដល់មួយ បានកើតឡើងនៅ ស្រុកបាទី ខេត្តតាកែវ កាលពីព្រឹកថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្រោយមានបងប្អូនប្រជាពលរដ្ឋប្រទះឃើញក្មេងស្រីអាយុ៣ឆ្នាំ យំអោបសាកសពស្ត្រីម្នាក់នៅកំពតព្រៃ ដោយសារតែគ្រូពេទ្យចិត្តអប្រិយ ដែលជាម្ចាស់គ្លីនិកឯកជន យីហោសុងហាក់ ម៉ារីណា ប្រព្រឹត្តិអំពើផ្ទុយពីវិជ្ជាជីវៈ មានចេតនាចង់បិតបាំងនៅការព្យាបាលរបស់ខ្លួន ដែលធ្វើឲ្យអ្នកជំងឺបានស្លាប់ រួចយកជនរងគ្រោះនឹងក្មួយស្រីដឹកតាមរថយន្តទៅផ្លុងចោលនៅកំពតព្រៃស្ងាត់មួយកន្លែងទាំងយប់ ស្ថិតនៅភូមិម្រះព្រៅ ឃុំចំបក់ ស្រុកបាទី ដែលអំពើនេះជាសកម្មភាពដ៏សាហាវ និងឃោឃៅបំផុត ដែលមហាជនមិនអាចលើកលែងបាន នឹងស្អប់ខ្ពើមជាទីបំផុត ។
សូមបញ្ជាក់ផងដែរថា ក្រោយទទួលបានសេចក្តីរាយការណ៍ពីបងប្អូនប្រជាពលរដ្ឋ បានប្រទះឃើញសាកសពស្ត្រីម្នាក់រួមជាមួយក្មេងស្រីអាយុ៣ឆ្នាំ នៅអង្គុយយំអោបសពនៅក្នុងកំពតព្រៃនាវេលាម៉ោង ០៦ និង ៣០ នាទី ថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកឧត្ដមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីដោយឯកឧត្តមព្រះរាជអាជ្ញាអមអាយ្យការសាលាតំបូងខេត្ដ បានបញ្ជារអោយកងកំលាំងនគរបាលជំនាញសហការណ៍ជាមួយកំលាំងនគរបាលស្រុកបាទី ចុះទៅដល់កន្លែងកើតហេតុធ្វើការសាកសួរពិនិត្យវិភាគ និងប្រមូលវត្ថុតាងនៅជុំវិញកន្លែងកើតហេតុ។

ក្រោយការពិនិត្យសមត្ថកិច្ចបានធ្វើការកំណត់មុខសញ្ញាបាន រហូតឈានដល់ការឃាត់ខ្លួនគ្រូពេទ្យពីរនាក់ប្ដីប្រពន្ធ រួមមានឈ្មោះ ហៀង សុងហាក់ ភេទប្រុសអាយុ ៣៧ឆ្នាំ និងឈ្មោះ ស៊ុន ម៉ារីណា ភេទស្រី អាយុ៣៩ឆ្នាំ ជាម្ចាស់គ្លីនិកឯកជន យីហោ សុងហាក់ ម៉ារីណា ។ តាមចម្លើយសារភាពរបស់ជនសង្ស័យ ថាខ្លួនពិតជាបានធ្វើសកម្មភាពនេះពិតប្រាកដមែន ។ ហើយនៅព្រឹកថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សមត្ថកិច្ចបានក៏សាងសំណុំរឿង និងនាំខ្លួនគ្រូពេទ្យទាំងពីរនាក់ប្ដីប្រពន្ធនេះទៅសាលាតំបូងខេត្ដហើយ ដើម្បីធ្វើការកាត់ទោសទៅតាមផ្លូវច្បាប់ ៕ តា កែវ